ស៊ុតមាន់ជិតបួនម៉ឺនគ្រាប់ ដឹកពីប្រទេសវៀតណាម ត្រូវបានបង្រ្កាបនៅច្រករបៀងខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វបានឃាត់រថយន្តមួយគ្រឿង ដែលដឹកស៊ុតសត្វមាន់ចំនួនជិតបួនម៉ឺនគ្រាប់ពីប្រទេសវៀតណាមតាមច្រករបៀង ខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់ចែកចាយនៅខេត្តសៀមរាប ដោយគ្មានលិខិតអនុញ្ញាតឡើយ។
លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្នានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានឃាត់រថយន្ត១គ្រឿង ដែលដឹកស៊ុតសត្វមាន់ ចំនួន ៣៩ ០០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកពញាក្រែក ឆ្ពោះទៅលក់ចែកចាយនៅខេត្តសៀមរាប ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ចំពោះបទល្មើសនេះ ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់»។

ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ឱ្យដឹងថា ទំហំនៃការនាំចូលស៊ុតសត្វមាន់ដោយគ្មានការអនុញ្ញាតនេះ ទោះជាមានចំនួនតិចតួចក្ដី ប៉ុន្តែប្រសិនជាស៊ុតសត្វមាន់ទាំងនោះត្រូវបានលក់ និងចែកចាយ វាមិនត្រឹមតែបង្កគ្រោះថ្នាក់សម្រាប់អ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ទៅដល់អ្នកចិញ្ចឹមក្នុងប្រទេសដែរ។
លោកបន្តថា ការនាំចូលពីប្រទេសជិតខាង ដោយអត់មានលិខិតស្នាម ឬអត់មានលិខិតអនុញ្ញាត និងគ្មានការត្រួតពិនិត្យនេះ អាចធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹម និងរួមអ្នកទិញយកទៅបរិភោគផងដែរ។
លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា ៖ «កាលណាយើងចិញ្ចឹមបាន ផលិតបានដែរ ហើយបើមានគេនាំចូលមកស្រុកយើង ឬផ្ទះយើង ។អ៊ីចឹងវាមានបញ្ហា និងប៉ះពាល់ដល់ចិញ្ចឹមហើយ ទោះបីជាចំនួននោះតិចតួចក្ដីក៏ដោយ»។
លោកបន្តថា ៖ «សម្រាប់កម្ពុជាសព្វថ្ងៃនេះ ទាំងការផ្គត់ផ្គង់សត្វមាន់ និងស៊ុតសត្វមាន់ផងដែរ គឺមិនចាំបាច់ត្រូវនាំចូលពីប្រទេសជិតខាងនោះទេ ដោយសារអ្នកចិញ្ចឹមសត្វនៅក្នុងស្រុក ពួកគាត់អាចផលិតបានគ្រប់គ្រាន់នូវតម្រូវការទីផ្សារក្នុងស្រុក ហើយក្រៅពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ហើយ អ្នកចិញ្ចឹមសត្វក៏ផលិតបានសម្រាប់ផ្តត់ផ្គង់ទីផ្សារនៅក្រៅស្រុកបានផងដែរ»។
សូមបញ្ជាក់ថា កាលពីដើមខែឧសភាកន្លងទៅ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានបង្ក្រាបសត្វមាន់រស់ចំនួនជិត ២ពាន់ក្បាល បាននាំចូលមកពីប្រទេសវៀតណាម តាមច្រកភូមិក្រសាំងជ្រុំ ខេត្តស្វាយរៀងដែលគ្រោងទៅលក់ចែកចាយនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយគ្មានលិខិតអនុញ្ញាតផងដែរ៕

ដោយ៖ជា សុខនី