សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងដាក់ចេញកម្មវិធីនយោបាយថ្មី គឺយុទ្ធសាស្រ្តបញ្ចកោណ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងដាក់ចេញកម្មវិធីនយោបាយថ្មី គឺយុទ្ធសាស្រ្តបញ្ចកោណ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដូច្នេះនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព នារសៀលថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ បានថ្លែងថា៖ នៅពេលខាងមុខនេះយុទ្ធសាស្ត្រចតុកោណដែលបានដំណើរការ ៤ដំណាក់កាលហើយ និងត្រូវផ្លាស់ប្ដូរទៅជាយុទ្ធសាស្ត្របញ្ចកោណដែលមានមុំ៥ ។
សម្តេចបន្តថា យើងបានចាប់ផ្ដើមអនុវត្តន៍ ១អាណិត្ត នៅយុទ្ធសាស្ត្រត្រីកោណ, បន្ទាប់ទៅ យើងអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១, ទី២, ទី៣ និងទី៤ ហើយពេលខាងមុខនេះ យើងនឹងបន្តរៀបចំយុទ្ធសាស្ត្របញ្ចកោណ ដែលបច្ចុប្បន្នកំពុងរៀបចំ ហើយក្នុងនោះបានប្រមូលនូវធាតុទាំងឡាយក្នុងយុទ្ធសាស្ត្រចតុកោណជាមួយនឹងការបញ្ចូលធាតុថ្មីទៅក្នុងនោះថែមទៀត។

សម្តេចថា យើងនិយាយមុនបន្តិចទៅចុះ ព្រោះវាគង់តែនឹងដល់ពេលនោះ ហើយយើងបង្ហើបពីកម្មវិធីនយោបាយរបស់យើងទុកជាស្រេច យើងមិនធ្វើរបៀបឆក់កណ្ដៀតទេ។ ជាមួយនេះ សម្តេច ក៏កំពុងរៀបចំសេចក្ដីព្រាង ដើម្បីរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាណត្តិថ្មីថា តើមន្ត្រីរូបណាត្រូវចុះទៅខេត្តណាខ្លះ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ដែលនឹងត្រូវរៀបចំឡើងវិញ ព្រោះអ្នកខ្លះនឹងបន្ត អ្នកខ្លះមិនបន្ត ហើយបើទោះបីជារដ្ឋាភិបាលនៅក្នុងក្រុមធីមចាស់បន្ត ក៏ត្រូវរៀបចំក្រុមធីមថ្មី ដើម្បីធ្វើម៉េចឲ្យមានសមាជិករាជរដ្ឋាភិបាល ចុះជួយតាមខេត្តនានាបន្តទៀត ដែលជាការផ្សារភ្ជាប់ខ្លួនជាមួយនឹងដំណើរការជាតិទាំងមូល ហើយជាពិសេស ផ្សារភ្ជាប់ខ្លួនជាមួយនឹងមូលដ្ឋានដើម្បីជំរុញអនុវត្តន៍។

សម្តេចតេជោ ក៏បានជំរុញឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បន្តធ្វើសកម្មភាពរបស់ខ្លួនបន្តទៀតរហូតដល់រដ្ឋាភិបាលថ្មីចូលកាន់តំណែង ។ សម្តេចបន្ថែមថា សមាជិករដ្ឋសភា ក៏ដូចគ្នានៅក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ថា សភាមានអាណត្តិ ៥ឆ្នាំ សភាមិនអាចរំលាយមុនអាណិត្តិបានទេ លើកលែងតែសភារំលាយរដ្ឋាភិបាល ២ដង ក្នុងរយៈពេល ១២ខែ ហើយមានកថាខណ្ឌមួយចែងថា សភាអស់អំណាចនៅពេលដែលសភាថ្មីចូលកាន់តំណែង អញ្ចឹងត្រូវកំណត់អំពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់ ដើម្បីយើងធ្វើសកម្មភាពបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា បន្ទាប់ពីចូលកាន់តំណែង រាជរដ្ឋាភិបាល នីតិកាទី៧ នៃរដ្ឋសភា នឹងពិនិត្យរៀបចំកែសម្រួលសមាសភាពក្នុងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ឱ្យបានសមស្រប និងបន្តដាក់ចេញគោលការណ៍ និងវិធានការនានាដើម្បីបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្រុមការងារចុះមូលដ្ឋានបន្តទៀត តាមរយៈការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ៕ អត្ថបទ ៖ ស៊ូ វណ្ណលុក ,រូប ៖ វេង លឹមហួត សួង ពិសិដ្ឋ
