សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា នឹងមិនត្រូវអត់ឱននោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកដែលបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា នឹងមិនត្រូវអត់ឱននោះទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដូច្នេះក្នុងពិធីបិទកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព នារសៀលថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។

សម្ដេចនាយរដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ក្រុមការងារ ត្រូវតែធ្វើសកម្មភាព ដែលមិនអាចអត់ឱនឲ្យចំពោះអ្នកណាក៏ដោយ ដែលមានចេតនាបំផ្លាញការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ជាពិសេស អំពាវនាវដល់ប្រជាពលទាំងអស់ ឲ្យទៅរួមបោះឆ្នោតគ្រប់ៗគ្នា។

សម្ដេចថា ឥឡូវយើងកំពុងចង់ដឹងថា អាជើងខ្លាំង វានៅឯណា ដែលញុះញង់ធ្វើពហិការមិនទៅបោះឆ្នោត។ ឥឡូវ យើងអំពាវនាវឲ្យអ្នកឯងធ្វើពហិកាចុះ ព្រោះការធ្វើពហិការបស់អ្នកឯង គឺស្មើនឹងការសម្លាប់សិទ្ធិនយោបាយរបស់អ្នកឯង ។ បើអ្នកឯងខ្លាំងអ្នកឯងធ្វើទៅកុំទៅបោះឆ្នោ តព្រោះបើអ្នកឯងមិនបានបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខទេ អ្នកឯងនឹងបាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោត នៅឆ្នាំ២០២៨ ។ បើទោះបីអ្នកឯង បានទៅបោះឆ្នោតឆ្នាំ២០២៧ បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ក៏ដោយ ប៉ុន្តែលក្ខខណ្ឌសម្រាប់ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្របានលុះត្រាតែអ្នកឯងបោះឆ្នោតសកល បានពីរដងមុនការបោះឆ្នោតឆ្នាំ២០២៨ ។ ដូច្នេះបើមិនបានបោះលើកនេះ អ្នកឯងត្រូវបោះឆ្នោត នៅឆ្នាំ ២០២៧ និង ២០២៨ ប៉ុន្តែអ្នកឯងមានសិទ្ធិបោះឆ្នោតនៅឆ្នាំ២០៣៣ ។ ឥឡូវ អាយុពួកអ្នកឯង ៧០ ឆ្នាំអស់ហើយ អញ្ចឹងពួកអ្នកឯងអាចទប់បានទៀតទេ ដូចវាភ្លើណាស់ ដូច្នេះធ្វើឲ្យវាភ្លើរហូតទៅ ហើយធ្វើជាអ្នកខ្លាំងរហូតធ្វើពហិកា កុំទៅបោះឆ្នោត ។

សម្ដេចតេជោ ក៏បានថ្លែងដែរថា រដ្ឋមន្ត្រីមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីយុត្តិធម៌ឯកឧត្តម កើត រិទ្ធ ឡើងថ្លែងការពារវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ជាមួយគណៈកម្មការជំនាញ នៃរដ្ឋសភា ផងដែរ ។

សម្ដេច បញ្ជាក់ថា ប្រសិនបើមិនមានការប្រែប្រួលទេ ក្រោយកិច្ចពិភាក្សារបស់តំណាងរាជរដ្ឋាភិបាល និងគណៈកម្មការជំនាញនៃរដ្ឋសភា រួចរាល់ សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតនេះ នឹងដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត នៅថ្ងៃទី២៣ ខែមិថុនា ខាងមុខ ។ សម្តេច ថា ច្បាប់នេះ នឹងចូលជាធរមាន ៕ អត្ថបទ ៖ ស៊ូ វណ្ណលុក ,រូប ៖ វេង លឹមហួត សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner