យុវជនជនជាតិភាគតិច រម៉ាម ប្លេន ជម្នះបរិបទសង្គមមកសិក្សានៅទីក្រុង និងមានឱកាសចេញទៅក្រៅប្រទេស
ភ្នំពេញ៖ ជាជនជាតិដើមចារ៉ាយ ដែលរស់នៅភូមិដាច់ស្រយាលមួយនៃខេត្តរតនគិរីក៏ពិតមែន តែយុវជន រម៉ាម ប្លេន បានខំតស៊ូរហូតបានសិក្សានៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ថែមទាំងមានឱកាសទទួលបានការបណ្ដុះបណ្ដាលនៅក្រៅប្រទេសថែមទៀតផង។
ទោះបីក្នុងតំបន់ពុំមែនជាសង្គមអ្នកសិក្សា ឬពុំមានអ្នកជំរុញ និងគាំទ្រលើកទឹកចិត្តក្នុងការរៀនសូត្រក្ដី យុវជនវ័យ ២៣ឆ្នាំរូបនេះ មានគំនិតវែងឆ្ងាយចង់អភិវឌ្ឍខ្លួនឯង ។ចង់មានការងារសមរម្យដើម្បីជួយគ្រួសារ សហគមន៍ និងជាធនធានសម្រាប់សង្គមទាំមូល។

បច្ចុប្បន្ន លោក រម៉ាម ប្លេន កំពុងរៀនជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា ដែលលោកយល់ថាជំនាញនេះអាចផ្តល់ចំណេះ ជំនាញ ការសិក្សាស្រាវជ្រាវ ការវិភាគព្រឹត្តិការណ៍ សេដ្ឋកិច្ច សង្គម និងជាផ្នែកមួយអាចនាំលោកឈានទៅរកគោលដៅអនាគតរបស់ខ្លួនបាន។
ពិសេសជាងនេះទៅទៀត តាមរយៈជំនាញនេះគេអាចមានឱកាសបានចេញទៅក្រៅប្រទេសថែមទៀត។ តួយ៉ាង យុវជនជនជាតិដើមរូបនេះបានចូលរួមកម្មវិធីធំៗដូចជា Paris Peace Forum ឆ្នាំ២០២២នៅប្រទេសបារាំង កម្មវិធី YSEALI នៅសហរដ្ឋអាម៉េរិក និងចេញទៅផ្លាស់ប្ដូរការសិក្សាខ្លីៗនៅប្រទេសម៉ាឡេស៊ីផងដែរ។

សម្រាប់កម្មវិធី YSEALI នេះ រម៉ាម ប្លេន រៀបរាប់ទៀតថា ៖ «ខ្ញុំបានទៅរដ្ឋ Arizona New York និង Washington DC ដើម្បីផ្លាស់ប្ដូរការសិក្សា បទពិសោធ និងអាចអភិវឌ្ឍសមត្ថភាព ទំនាក់ទំនង និងជំនាញថ្មីៗជាមួយនឹងយុវជនមកពីប្រទេសផ្សេងៗ។ បន្ទាប់ពីគម្រោងនេះ ខ្ញុំក៏មានគម្រោងចែករំលែកពីបទពិសោធនៃការរៀបចំខ្លួន ដាក់ពាក្យចូលរួមវេទិកាធំៗ និងការផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេស ដល់យុវជនដែលចាប់អារម្មណ៍ចង់ចូលរួមផងដែរ»។
ទោះបីទទួលបានភាពជោគជ័យក៏ពិតមែន តែយុវជនរូបនេះក៏បានរៀបរាប់ពីទុក្ខលំបាកនៅពេលឡើងមកសិក្សានៅទីក្រុងដំបូងៗថា ៖ «ខ្ញុំឡើងមករៀននៅភ្នំពេញនៅដើមឆ្នាំ២០២១ ហើយអ្វីដែលមិនអាចបំភ្លេចបាន គឺពិបាករកសាលារៀន គ្មានថវិកាផង ឯការប្រកួតប្រជែងខ្ពស់ គ្មានកន្លែងស្នាក់នៅ និងគ្មានលុយសម្រាប់ផ្គត់ផ្គង់ខ្លួនឯង»។
ក្នុងនាមជាជនជាតិដើមមួយរូប លោក ប្លេន សង្កេតឃើញថា នៅក្នុងសង្គមក៏ដូចជាសហគមន៍ ហាក់នៅមានបញ្ហារួមមាន ការបោះបង់ការសិក្សារបស់ក្មេងតាមតំបន់ដាច់ស្រយាល និងយុវជននៅតាមភូមិ ហើយពួកគេក៏នៅមានចំណេះតិចតួចក្នុងការប្រើប្រាស់បណ្តាញសង្គម ជាហេតុធ្វើឱ្យពួកគេពុំអាចទទួលបានព័ត៌មាន និងឱកាសគ្រប់គ្រាន់។

ចំពោះការអប់រំនៅតាមតំបន់ លោក រម៉ាម ប្លេន បន្ថែមថា នៅតំបន់ដាច់ស្រយាលគឺផ្សេងៗគ្នាតាមកម្រិត បើរៀនត្រឹមកម្រិតបឋមសិក្សាចាស់ៗអាចឱ្យកូនរៀនត្រឹមចេះអានអក្សរបាន តែឡើងដល់កម្រិតវិទ្យាល័យ អាណាព្យាបាលភាគច្រើន ពុំសូវជំរុញកូនឱ្យរៀននោះទេដោយសារគាត់មានផ្នត់គំនិតថា ទោះរៀនបានខ្ពស់ក៏ពុំមានការងារធ្វើដែរ។ ជាក់ស្ដែងនៅភូមិរបស់យុវជនប្លេន អ្នកដែលអាចឡើងមករៀនដល់សាកវិទ្យាល័យមានត្រឹមប្រាំនាក់ ហើយអ្នកដែលមានឱកាសបានចេញក្រៅប្រទេសមានតែរូបលោកប្លេន ម្នាក់ប៉ុណ្ណោះ។
ចុងក្រោយ យុវជនរូបនេះសង្ឃឹមថាខ្លួនជាគំរូមួយដល់យុវជនជំនាន់ក្រោយ និងលើកទឹកចិត្តឱ្យពួកគេហ៊ានចេញពីចង្កោមសហគមន៍របស់ខ្លួន ដោយសម្លឹងទៅវែងឆ្ងាយ និងបើកចិត្តទូលាយដើម្បីរៀនសូត្រអ្វីដែលថ្មីៗ ពិសេសយកចំណេះដឹងដែលទទួលបានទៅផ្សព្វផ្សាយ ចែករំលែកបន្តដល់យុវជនដទៃទៀត៕ ដោយ៖ នី ស្រីពៅ