ឯកឧត្តមបណ្ឌិត ម៉ឹង មករា ៖ ប្រជាកសិករអាចបង្កបង្កើនផល ប្រកប អាជីវកម្ម ទៅបានដោយសារកត្តាសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍពេញលេញ
កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម មាន ប្រសាសន៍ថា ប្រជាកសិករអាចបង្កបង្កើនផល ប្រកបអាជីវកម្មទៅបាន អាស្រ័យដោយសារប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាព ទឹកដី និងមានការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិន ប្រសប់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ។ ឧត្តមភាព ដែលមិន អាចកាត់ ថ្លៃបានរបស់ សម្តេចតេជោ ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិនិង ប្រជាជន ការកសាងប្រទេសពីបាតដៃទទេរ ឱ្យ មានការអភិវឌ្ឍដល់សព្វថ្ងៃ និងការនាំមកនូវសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យប្រជាជន រស់នៅក្នុងភាពសម្បូរសប្បាយ ក្រោមម្លប់សន្តិភាព ។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បញ្ជាក់ដូចនេះក្នុងពិធីចែកអំណោយ ថ្នាំ កសិកម្ម និងសំណេះសំណាលជាមួយប្រជាកសិករ ១.៣៧៨គ្រួសារ នៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។

កម្មវិធីសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណងជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ក្នុងសង្វាក់ផលិតកម្ម ដំណាំស្រូវ ដែល តែងតែមានការរំខានពីពពួកស្មៅចង្រៃដុះក្នុងដីស្រែ ដែលជួនកាល ធ្វើរំខាន ដល់កាលូតលាស់ និងមានការថមថយនូវទិន្នផល ស្រូវរបស់ប្រជាកសិករ។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយនូវផែនការ ជួយជាបច្ចេកទេស និងការរកទីផ្សារទិញស្រូវ ជូនដល់ប្រជាកសិករ ទាំង ១.៣៧៨គ្រួសារ តាមរយៈក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ។ ការបន្តជួយដល់ប្រជាជន សបញ្ជាក់ឱ្យឃើញថា គណបក្ស ប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ជាប់ជាប្រចាំដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋតាមភាពជាក់ស្ដែង គ្រប់ពេលវេលាជានិច្ច។
អំណោយដែលចែកជូនប្រជាកសិករទាំង ១.៣៧៨ គ្រួសារ ក្នុងមួយ គ្រួសារ ទទួលបាន ថ្នាំទឹកកម្ចាត់ស្មៅ ចំណុះ ២០០មីលីលីត្រ ចំនួនមួយដប និងថ្នាំ គ្រាប់កម្ចាត់ស្មៅ ចំណុះ២០០ក្រាម ចំនួនបីកញ្ចប់ ដែលអាច ប្រើប្រាស់ លើទំហំ ៥.០០០ម៉ែត្រក្រឡា និងសរុបជាទឹកប្រាក់ចំនួនជាង ៦២លាន រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈក្រុមការងារជនបង្គោល ចុះជួយ ស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជាប្រធានក្រុម ការងារ។

សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជា ពលរដ្ឋ តាមភូមិ ឃុំក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕ ដោយ៖ គ្រី សម្បត្តិ
