គម្រោងរេដបូកលើវិស័យចិញ្ចឹមសត្វ បានជួយផ្លាស់ប្តូរជីវភាពប្រជា ពលរដ្ឋ នៅអូរសោមឱ្យកាន់តែប្រសើរ
ពោធិ៍សាត់៖ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះគម្រោងរេដបូកតំបន់ ជួរភ្នំ ក្រវាញខាងត្បូង បានជួយលើកកម្ពស់ជីវភាពរបស់ ប្រជាពល រដ្ឋ រស់នៅ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមរយៈ ការជួយប្រជាជនរស់នៅទីនោះ ឱ្យ មានលទ្ធភាពក្នុងការ ចិញ្ចឹមមាន់ ចិញ្ចឹមកង្កែប បង្កើតប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព ដោយរបរ កសិកម្មមិនចាំបាច់ធ្វើចំណាកស្រុកទៅរកការងារផ្សេង។
តាមយៈគម្រោងនេះប្រជាសហគមន៍ក្នុងភូមិឆាយលូក ក៏បានក្លាយ ជាភូមិគំរូផ្នែកកសិកម្មមួយផងដែរនៅក្នុងតំបន់ជួរភ្នំក្រវាញ និងជា ក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍភូមិ ឬសហគមន៍ផ្សេងទៀតតាមរយៈ គម្រោងមួយនេះនៅថ្ងៃអនាគត។

លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍អង្គការសម្ព័ន្ធមិត្ត សត្វព្រៃបានឱ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ មកគម្រោង រេដបូក តំបន់ជួរភ្នំក្រវាញខាងត្បូងបានផ្តល់បច្ចេកទេសចិញ្ចឹមមាន់ ចិញ្ចឹមកង្កែប ។បច្ចេកទេសរៀបចំទ្រុងមាន់ និងអាងកង្កែប ដល់ សមាជិក គម្រោងអភិវឌ្ឍន៍ ជីវភាពសហគមន៍មូលដ្ឋាន។ពិសេសនៅក្នុងភូមិឆាយលូក ឃុំ អូរសោម។តាមរយៈគម្រោងនេះ មានពលរដ្ឋ ចំនួន ១០គ្រួសារបានស្ម័គ្រចិត្ត ដើម្បី ចិញ្ចឹមមាន់ និង១១គ្រួសារផ្សេងទៀតបានចិញ្ចឹមកង្កែប ហើយទទួលបាន លទ្ធផលល្អប្រសើរ។

លោកបានបង្ហាញពីសារៈប្រយោជន៍ដែលទទួលបានពីគម្រោងខាងលើថា គម្រោងនេះមិនត្រឹមតែបានផ្តល់នូវបច្ចេកទេស ដោយមាន បុគ្គលិកអង្គការ ចុះជួយជាប់ជាប្រចាំទេ តែខាងអង្គការរបស់លោកក៏បានផ្តល់នូវពូជមាន់ កង្កែប និងចំណីសត្វមួយចំនួនដល់ពួក គាត់ ថែមទៀត។

អ្នកស្រី សំបាន កូលាប រស់នៅ ភូមិឆាយលូក ឃុំ អូរសោម ស្រុកវាលវែង បានឱ្យដឹងថា តាមរយៈគម្រោងរេដបូកបានធ្វើឱ្យអ្នកស្រី សម្រេចចិត្ត ចិញ្ចឹមមាន់ដោយខាងគម្រោងក្រៅពីផ្តល់ពូជមាន់ បច្ចេកទេសចិញ្ចឹម បច្ចេកទេសធ្វើទ្រុង និងបណ្តុះបណ្តាលជំនាញ ហើយនៅមានឱ្យអ្ន កជំនាញចុះមកមើលការខុសត្រូវនៅពេលមាន់ឈឺផងដែរ ។

ស្រ្តីជាអតីតកូនកសិករដែលតែងតែចិញ្ចឹមជីវិតដោយការដើររកស៊ីឈ្នួលគេតាំងតែពីវ័យក្មេងៗមកបានប្រាប់ថា “មុខរបរថ្មីចិញ្ចឹមមាន់ ដាំដំណាំ កសិកម្ម នៅផ្ទះសម្បែងគឺជាមុខរបរល្អបំផុតសម្រាប់គ្រួសារខ្ញុំ ពីព្រោះ ថាក្រៅពីអាចរកប្រាក់ចំណូលសម្រាប់គ្រួសារហើយ យើងមិនចាំបាច់ ចេញទៅឆ្ងាយៗដើរស៊ីឈ្នួលគេផង។ពេលនេះខ្ញុំបាននៅផ្ទះសម្បែង ថែរក្សា កូនចៅមិនព្រួយបារម្ភដូចមុនទៀតទេ”។
ចំណែកអ្នកស្រី ហុង ហេង វ័យ៦២ឆ្នាំដែលជាអ្នកស្ម័គ្រចិត្តចិញ្ចឹមមាន់តាម រយៈគម្រោងរេដបូកនេះដែរបានបញ្ជាក់ប្រាប់ថា អ្នកស្រីធ្លាប់ តែដើរស៊ី ឈ្នួលគេដើរដាំចេក ដាំរមៀត និងដំណាំកសិកម្មផ្សេងៗដែលមាន ភាព នឿយហត់គ្មានពេលសម្រាក ។តែពេលនេះ បានងាកមក ចិញ្ចឹមមាន់ ឃើញថាមិនត្រឹមតែអាចមានពេលសម្រាកច្រើនទេ តែក៏នៅផ្តល់ កម្រៃក្នុង ការចិញ្ចឹមជីវិតល្អប្រសើរជាងមុនទៀតផង។

អ្នកស្រីបានទទួលឧបត្ថម្ភពីគម្រោងរេដបូកនូវប្រភេទពូជមាន់ដែលមាន៖មាន់មេ១០ក្បាល ឈ្មោលពីរក្បាល និងចំណីមាន់ប្រាំបួនការុង។ក្នុងរយៈ ពេលប្រាំបួនខែមកនេះអ្នកស្រី មាន់អ្នកស្រីបានកើនឡើងជាបន្តបន្ទាប់ ហើយព្រមជាមួយគ្នាក៏បានលក់ សម្រាប់ចាយ វាយប្រចាំ ថ្ងៃផងដែរ។

លោក ហ៊ុន សិលា រស់នៅភូមិឆាយលូក ឃុំ អូរសោម ស្រុកវាលវែង ដែលជា អ្នកជ្រើសរើសចិញ្ចឹមកង្កែបវិញបានប្រាប់ឱ្យដឹងថា កាលពីពេល មុន នេះ លោក ជាអ្នកដើរស៊ីឈ្នួលដើរកាត់ស្មៅ ឱ្យគេដែលប្រាក់ឈ្នួលចាយ មិន គ្រប់សម្រាប់គ្រួសារទេ។ តែចាប់ពីចុងឆ្នាំ ២០២២មក លោក បានចាប់ ផ្តើមចិញ្ចឹមកង្កែបដែលមានអ្នកជំនាញគម្រោងអភិវឌ្ឍន៍សហគមន៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃមកជួយជ្រោមជ្រែង។លោក បន្ថែមដោយទឹកមុខ ស្រស់ស្រាយថា ពេលនេះបាន ហុចជាផ្លែផ្កាគួរជាទីកក់ក្តៅ ដោយលោក អាចរកចំណូលពីការលក់កូនកង្កែប និង លក់កង្កែបធំយកសាច់។ចំណូលទាំងនេះបានធ្វើ ឱ្យសេដ្ឋកិច្ចល្អគ្រួសាររបស់លោកល្អប្រសើរ ជាងមុនឆ្ងាយណាស់។
បុរសវ័យ ២៩ឆ្នាំរូបនេះបានប្រាប់ថា ការចិញ្ចឹមកង្កែបត្រឹមរយៈពេល បីខែអាចលក់ហើយ។ក្នុងនេះកង្កែបធំលក់បានក្នុងមួយគីឡូ ក្រាម តម្លៃពី១៥.០០០ដល់២០.០០០រៀល។មួយថ្ងៃលោកអាចលក់កូនកង្កែប និង កង្កែបធំតិចបំផុតបីម៉ឺនរៀល។
សូមជម្រាបថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយក្រសួងបរិស្ថាន បានសម្រេចបង្កើតគម្រោងរេដបូក ភ្នំសំកុសឡើងដើម្បី ឆ្លើយតបទៅ នឹង ការគំរាមកំហែងដល់ដែនជម្រកសត្វព្រៃភ្នំសំកុស និងច្រករបៀងអភិរក្ស ជីវៈចម្រុះជួរភ្នំក្រវាញ ដែលជាប្រព័ន្ធតំបន់ការពារធម្មជាតិ៕
អត្ថបទ៖លោកជិនម៉ាដេប៉ូ
រូបភាព៖លោក រិនរចនា និងលោក សែមបូរិន