ឯកឧត្តម សុខ ពុទ្ធិវុធ និងលោក ជំទាវ ចម ក្រស្នា ដឹកនាំក្រុមគ្រូពេទ្យ ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងចែកជូនសម្ភារៈ សិក្សាដល់សិស្សានុសិស្ស នៅឃុំអង្គកែវ
តាកែវ ៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកទ្រាំង ខេត្តតាកែវ និង លោក ជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប (Soma Group) បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យព្យា បាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងចែកជូនសម្ភារៈសិក្សារួមមាន កុំព្យូទ័រលើតុចំនួនពីរគ្រឿង តុ កៅអី ប៉ិច សៀវភៅ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សម្រាប់អនុវិទ្យាល័យរស្មីអង្គកែវ និងសាលាមត្តេយ្យនៅឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុងឱកាសនេះលោកជំទាវ ចម ក្រស្នា បានលើកឡើងថា កម្មវិធីនេះ គឺ ដើម្បីពិនិត្យ សុខភាព និងចូលរួមបង្ការការពារ ដើម្បីសុខភាពល្អរឹងមាំរបស់ ប្រជាពលរដ្ឋ និងចូលរួមដល់ការអភិវឌ្ឍនៃវិស័យអប់រំ ពិសេស ក្នុងស្មារតី នៃក្រុម គ្រួសារតែមួយ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ មានប្រសាសន៍ លើកឡើងពី ការអភិវឌ្ឍលើគ្រប់វិស័យ និងកិត្យានុភាពជាតិដែលត្រូវបានលើកកម្ពស់ តាមរយ:ព្រឹត្តិការណ៍ធំៗ រួមមាន កម្ពុជាធ្វើជាប្រធានអាស៊ាន ការរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អាស៊ានហ្គេម អាស៊ានប៉ារ៉ាហ្គេមជាដើម ។ សមិទ្ធផលទាំងនេះគឺជាផ្លែផ្កាដែលសម្រេចបានក្រោមម្លប់សន្តិភាព ដែលសន្តិភាពពេញលេញបែបនេះ មិនធ្លាប់មានជាង៥០០ ឆ្នាំមកហើយ ទើបតែក្រោយឆ្នាំ១៩៩៨ ទើបយើងទទួលបានពេញលេញ ដែលជាមរតក បន្សល់ទុកឱ្យយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្តេចតេជោនាយក រដ្ឋមន្ត្រី។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីជាទំពាំងស្នងឬស្សី ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ប្រែក្លាយ ជាប្រទេសមានចំណូលខ្ពស់ សម្រាប់ជាមរតកដល់មនុស្សជំនាន់ក្រោយ នៅពេលខាងមុខ ៕ ដោយ ៖ គ្រី សម្បត្តិ


