បណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយគន្លឹះ នៃការដឹកនាំរោងចក្រ ដើម្បីការអភិវឌ្ឍន៍ប្រទេស (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងកិច្ចប្រជុំមួយរបស់បណ្តាក្រុមហ៊ុនឯកជន នៅខេត្តកំពង់ចាម ដោយបង្ហាញនូវពាក្យស្លោកដែលនិយាយថា «អតីតកាលឈឺចាប់, បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង»។

ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែករបស់រោងចក្រ-សហគ្រាស ដែលមកពីខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល និងតាកែវ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាពាក្យស្លោកទាំងនោះ គឺជាមាគ៌ាសំខាន់ក្នុងការអភិវឌ្ឍ ប្រទេសដែលមានគោលដៅធ្វើឱ្យប្រជាជនមានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ តាមរយៈការផ្តល់នូវសិទ្ធិសេរីភាព, ជីវភាព, សុខសន្តិភាព និងសេចក្តីសុខសុភមង្គល ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការរៀបចំផែនការជីវិតសម្រាប់អនាគតរបស់ខ្លួន។

ពាក់ព័ន្ធនឹងការលើកកម្ពស់វិស័យការងារវិញ, បណ្ឌិត ហ៊ុន ម៉ាណែត បានអនុសាសន៍ចំនួន៣ សំខាន់នោះ គឺបរិមាណ, គុណភាព និងសមធម៌។ លោកបានពន្យល់ថា «បរិមាណ» គឺសំដៅដល់ការរុញការវិនិយោគឱ្យទៅដល់មូលដ្ឋាន ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការរស់នៅរបស់កម្មករ-និយោជិត។ ពាក្យថា «គុណភាព» គឺសំដៅទៅលើប្រភេទ នៃការវិនិយោគ ឬការធ្វើអាជីវកម្មដែលមានយុទ្ធសាស្ត្រច្បាស់លាស់ និងភាពយូរអង្វែង, ការផ្តល់ឱកាសដល់កម្មករ-និយោជិតទទួលបានបៀរវត្ស និងអត្ថប្រយោជន៍ល្អប្រសើរ ព្រមទាំងមានលទ្ធភាពបង្កើនសមត្ថភាព និងចំណេះដឹងកាន់តែខ្ពស់, ការការពារសិទ្ធិ និងការយកចិត្តទុកដាក់លើសុខមាលភាពរបស់កម្មករ-និយោជិត, ការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងសហគមន៍ និងការចូលរួមពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ។ ចំណែកពាក្យថា «សមធម៌» គឺសំដៅទៅលើការ ថែរក្សានូវសុខដុមនីយកម្ម នៃទំនាក់ទំនងរវាងនិយោជក និងនិយោជិត ដែលលោកបានប្រៀបប្រដូចរវាងប្តីនិងប្រពន្ធ ហើយរាជរដ្ឋាភិបាលប្រៀបដូចជាឪពុកម្តាយ, ជាអ្នកអាណាព្យាបាល ដោយក្នុងនេះគឺគេចាំបាច់ត្រូវយកចិត្តទុកដាក់លើកការគាំពារសិទ្ធិ, អត្ថប្រយោជន៍ និងការពង្រឹងការទទួលខុសត្រូវរបស់ភាគីនិយោជក និងនិយោជិតក្នុងក្របខ័ណ្ឌច្បាប់។

ads banner