សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ខ្លួនឯងថា ជាមនុស្សឆេវឆាវ ប៉ុន្ដែការសម្រេចចិត្តខាងនយោបាយ ដែលជាផលប្រយោជន៍ជាតិ គឺខ្ញុំជាមនុស្សដែលចិត្តធ្ងន់បំផុត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ខ្លួនឯងថា ជាមនុស្សដែលឆេវឆាវ ប៉ុន្ដែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សដែលចិត្តធ្ងន់បំផុត។ សូមអ្នកទាំងអស់គ្នាមើល តើខ្ញុំមានដែលសម្រេចចិត្តខាងនយោបាយពាក់ព័ន្ធជាមួយដំណើរផលប្រយោជន៍ជាតិ តាមរបៀបឆេវឆាវដែរឬទេ? គឺអត់នោះទេ។ អ្នកដទៃមិនអាចចិត្តធ្ងន់ដូច ហ៊ុន សែន បានទេ ។
សម្ដេច បន្ថែមថា ចិត្តឆេវឆាវរបស់សម្ដេច ក៏ប្រែមកជាធ្ងន់បំផុតវិញ នៅពេលសម្រេចចិត្តផ្នែកនយោបាយ ពិសេសពាក់ព័ន្ធជោគវាសនារបស់ប្រទេសជាតិ។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ប្រសិនបើសម្ដេច សម្រេចចិត្តឆេវឆាវកាលពីអតីតកាល ព្រោះតែការឈឺចាប់ដោយសារកូនស្លាប់នៅនឹងមុខ តែសុំគេយកទៅកប់ និងមើលថែទាំប្រពន្ធមិនបាននោះ ហើយដកកាំភ្លើងបាញ់នោះ ម្ល៉េះមិនអាចសម្រេចនូវបុព្វហេតុជាតិ ពិសេស ដំណើរឆ្ពោះទៅរកការរំដោះជាតិរបស់សម្ដេច និងជាមួយយុទ្ធមិត្តផ្សេងទៀត មិនអាចបានជោគជ័យឡើយ។ សម្ដេចកាលពីពេលនោះ អាចនឹងត្រូវគេយកទៅដាក់ពន្ធនាគារ ឬបាញ់សម្លាប់ចោលក៏ថាបាន។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តធ្ងន់បំផុតខាងផ្នែកនយោបាយ ទើបធ្វើឲ្យសម្ដេចឈរជើងក្នុងហ្វូងអ្នកនយោបាយ តាំងពីអាយុ២៧ឆ្នាំ ពោលនៅពេលដែលសម្ដេចនៅធ្វើជារដ្ឋមន្ដ្រីក្រសួងការបរទេស ដែលកាលនោះធ្លាប់រងនូវការបង្អាប់ថា ជារដ្ឋមន្ដ្រីការបរទេសដែលមិនទាន់បានធំក្លិនទឹកដោះគោ។ ប៉ុន្ដែសម្ដេចមិនខ្វល់ជាមួយការលើកឡើងទាំងអស់នោះឡើយ ពោលសម្ដេចនៅតែបន្ដដំណើរដើម្បីបុព្វហេតុជាតិ។

ពិតណាស់ សម្ដេចតេជោ ត្រូវបានគេទទួលស្គាល់ថា ជាមេដឹកនាំប្រទេសមួយរូប ដែលមានចិត្តធ្ងន់ខាងនយោបាយ ហើយតែសណ្ដោសប្រណីចំពោះអ្នកនយោបាយប្រឆាំង បើទោះបីអ្នកទាំងនោះធ្លាប់វាយប្រហារសម្ដេច វាយប្រហារក្រុមគ្រួសារសម្ដេចយ៉ាងណាក្ដី នៅពេលពួកគេធ្វើការសុំទោស និងទទួលស្គាល់កំហុស សម្ដេចតែងតែផ្ដល់នូវការសណ្ដោសប្រណីអភ័យទោស ព្រមទាំងផ្ដល់ឱកាសឲ្យចូលរួមបម្រើជាតិមាតុភូមិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថែមទៀតផង។
ការថ្លែងរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដូចខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីរំលឹកដល់ថ្ងៃនៃដំណើរចេញតស៊ូ កាលពី៤៦ឆ្នាំមុន នៅក្រសួងការពារជាតិ ៕






អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ