គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភា។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ កម្ពុជាប្រកាន់យករបបនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមេដឹកនាំប្រទេស ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានចាត់តាំងរៀបចំឲ្យមានការបោះឆ្នោតជាទៀងទាត់ ទៅតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ តាមរយៈការបោះឆ្នោតជាសកល និងការបោះឆ្នោតជាអសកល រួមមាន៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមកម្ពុជា ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ ហើយប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់ ក្នុងនាមជាពលរដ្ឋល្អ និងជាម្ចាស់ប្រទេសជាតិ ដោយបានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបំពេញគ្រប់លក្ខខណ្ឌ តាមការកំណត់នៃច្បាប់ ក៏មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីអាចក្លាយជាអ្នកដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិផងដែរ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ “សិទ្ធិបោះឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា នោះទេ ៕

ដោយ ថេត វិចិត្រ + ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner