​​ដាណឺម៉ាក​​គ្រោង​​ផ្តល់​​ជំនួយ​​យោធា​​ដល់​​អ៊ុយក្រែន​​ជាង​​​ ៣ ប៊ីលាន​ដុល្លារ​

កូប៉ិនហាក៖ ក្រសួង​ការពារ​ជាតិ​ដាណឺម៉ាក​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​គាំ​ទ្រ​​​ផ្នែក​យោធា​របស់​ដាណឺម៉ាក​ចំពោះ​អ៊ុយក្រែន​ នឹង​កើន​ឡើង​ដល់​ ៣,២១ ប៊ីលាន​ដុល្លារ​ចន្លោះ​ពី​ឆ្នាំ​ ២០២៣-២០២៨។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។  ​

​ជំនួយ​នេះ​នឹង​​​ផ្តល់​​តាម​​រយៈ​មូលនិធិ​អ៊ុយក្រែន​ដែល​ដាណឺម៉ាក​បង្កើត​ឡើង​ក្នុង​ខែ​មីនា​​ក្រោម​មហិច្ឆតា​របស់​ប្រទេស​ «​ដើម្បី​ក្លាយ​ជា​អ្នក​គាំទ្រ​ដ៏​សំខាន់​បំផុត​មួយ​របស់​អ៊ុយក្រែន​»​​។ ក្នុង​​នោះ​ផង​ដែរ​ ចំនួយ​ជាង​​ ១ប៊ីលាន​ដុល្លារ​នឹង​ចំណាយ​លើ​​​​ផ្នែក​​មនុស្ស​ធម៌ ​ការ​​ស្ដារ​​អាជីវកម្ម​និង​​តម្រូវការ​​យោធា​ផ្សេង​ៗ​ទៀត​។ យ៉ាង​ណា​មិញ​ គេ​​មិន​​ទាន់​​ច្បាស់​​ថា​​ចំនួន​​ប៉ុន្មាន​ ​ដែល​ដាណឺម៉ាក​នឹង​ចំណាយ​ឱ្យ​អ៊ុយក្រែន​ភ្លាម​ៗ​នា​ពេល​នេះ​នោះ​ទេ​។ ​​

​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ស្តី​​ទី​របស់​ដាណឺម៉ាក​ លោក​ Troels Lund Poulsen ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​​៖​ «​​ខ្ញុំមា​ន​មោទនភាព​ដែល​ដាណឺម៉ាក​ នឹង​បន្ត​ជា​អ្នក​រួម​ចំណែក​យ៉ាង​សំខាន់​។​ អ៊ុយក្រែន​នៅ​តែ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ជំនួយ​យោធា​»​។

គួរ​បញ្ជាក់​ថា​ ក្រោម​ការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្រ្គាម​ឈ្លានពាន​របស់​រុស្ស៊ីដែល​នៅ​តែ​​អូស​បន្លាយ​នា​ពេល​នេះ​​ អ៊ុយក្រែន​ត្រូវ​ការ​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ ដើម្បី​ស្ដារ​​ប្រទេស​ឡើង​វិញ​។ ជាមួយ​គ្នា​នោះ​ ​​ជំនួយ​យោធា​ពី​ខាង​ក្រៅ​ ​នៅ​តែ​​​ជា​កម្លាំង​ស្នូល​ដើម្បី​​ឱ្យ​​កង​ទ័ព​អ៊ុយក្រែន​ ធ្វើ​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​ទ័ព​រុស្ស៊ី​ ដើម្បី​ដណ្ដើម​ទឹក​ដី​មក​វិញ​។

ចាប់​តាំង​ពី​ការ​ឈ្លាន​ពាន​ចាប់​ផ្ដើម​នៅ​ចុង​ខែ​កុម្ភៈ​ឆ្នាំ​មុន​មក​ រដ្ឋាភិបាល​លោក​ខាង​លិច​ ជា​ពិសេស​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ផ្សេង​​ៗ​ទៀត​ បាន​ផ្ដល់​ជំនួយ​យោធា​ សេដ្ឋកិច្ច​ និង​មនុស្ស​ធម៌​រាប់​ពាន់​លាន​ដុល្លារ​​។

កន្លង​មក​ ​រុស្ស៊ី​តែង​តែ​ប្រឆាំង​នឹង​ការ​បង្ហូរ​​ជំនួយ​យោធាទៅ​អ៊ុយក្រែន​​ ដែល​រួម​មាន​សព្វាវុធ​ទំនើប​ៗ​​ពី​លោក​ខាង​លិច​ ដោយ​និយាយ​ថា​ វា​ធ្វើ​ឱ្យ​សង្រ្គាម​​បន្តអូស​បន្លាយ​​ និង​កាន់​តែ​តាន​តឹង​ទៅ​ៗ​។ ប៉ុន្តែ​លោក​ខាង​លិច​ និង​អ៊ុយក្រែន​ ដែល​ទាម​ទារ​ឱ្យ​រុស្ស៊ី​ដក​ខ្លួន​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ បាន​ទទូច​ថា​ ជំនួយ​ផ្នែក​យោធា​សំខាន់​សម្រាប់​​ការ​ការពារ​អធិបតេយ្យ​ភាព​ និង​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖  Denmark plans to aid Ukraine military by over US$3 billion

ads banner