អគ្គនាយកដ្ឋានគយ៖ ការកែសម្រួលពន្ធ និងអាករពិសេស នឹងធ្វើឱ្យចំណូលគយអាចធ្លាក់ចុះ ប៉ុន្ដែជំរុញកំណើននាំចេញទៅទីផ្សារអន្តរជាតិ
ភ្នំពេញ ៖ ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងថា ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញសំខាន់ៗមួយចំនួន នឹងធ្វើឱ្យចំណូលគយអាចនឹងធ្លាក់ចុះ ប៉ុន្តែវានឹងជួយជំរុញកំណើនការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ការលើកឡើងរបស់ឯកឧត្តម គុណ ញឹម បានធ្វើឡើងក្នុងសិក្ខាសាលាដើម្បីផ្សព្វផ្សាយ អនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូនាចុងសប្តាហ៍កន្លងមកនេះ។

ឯកឧត្តមបានបន្តថា ការកែសម្រួលពន្ធ និងអាករពិសេសនេះ គឺដើម្បីទប់ស្កាត់នូវអត្រាអតិផរណា ជំរុញសកម្មភាពពាណិជ្ជកម្ម និងលើកកម្ពស់សកម្មភាពវិនិយោគក្នុងស្រុក។ ការកែសម្រួលអត្រាពន្ធគយ និងអាករលើមុខទំនិញមួយចំនួន នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខនេះ ខណៈដែលកន្លងមក អត្រាពន្ធ និងអាករលើមុខទំនិញនាំចេញ-នាំចូល តែងត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការប្រែប្រួល ស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដើម្បីរក្សាបាននូវតុល្យភាពនៃការជំរុញសកម្មភាពពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងការប្រមូលចំណូលចូលថវិកាជាតិ។
ឯកឧត្តមមានប្រសាសន៍ថា ៖ «នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកទឹកចិត្តផ្នែកពន្ធ និងអាករបន្ថែមទៀត សំដៅជំរុញសន្ទុះអភិវឌ្ឍន៍វិស័យអាទិភាពនានាមួយចំនួន និងការសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ពិសេស ក្នុងបរិបទដែលកម្ពុជាបាននិងកំពុងរងនូវផលប៉ះពាល់ខ្លាំងបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ១៩, អតិផរណា និងការថមថយកំណើនសេដ្ឋកិច្ចសកល»។
បើតាមឯកឧត្តម គុណ ញឹម វិស័យអាទិភាពទាំងនោះរួមមាន វិស័យកសិកម្ម, វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យឧស្សាហកម្ម និងផលិតកម្ម, វិស័យដឹកជញ្ជូន និងការរួមចំណែកក្នុងការការពារបរិស្ថានជាដើម។

ជុំវិញរឿងនេះ ប្រធានសមាគមភស្ដុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ឱ្យដឹងពីការយល់ឃើញរបស់លោកថា ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញសំខាន់ៗមួយចំនួន ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១ កក្កដា ខាងមុខ មានទាំងកត្តាវិជ្ជមាន និងអវិជ្ជមាន។
លោកបានបង្ហាញពីការជឿជាក់ដូច្នេះថា ៖ «ការសម្រួលពន្ធគយ និងអាករពិសេសនេះ វានឹងអាចធ្វើឱ្យប៉ះពាល់ការប្រមូលចំ ណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ តែវានឹងជួយបើកផ្លូវសម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះការសម្រួលនេះភាគច្រើនមានការបញ្ចុះពន្ធ ជាងការដំឡើងពន្ធ។ ការសម្រួលពន្ធគយ និងអា ករពិសេសនេះ ក៏នឹងជួយដល់វិស័យដឹកជញ្ជូនផងដែរ»។
លោក ស៊ិន ចន្ធី បានបន្ថែមថា តាមរយៈការកែសម្រួលនេះបានធ្វើឱ្យទំនិញមួយចំនួនត្រូវបានលើកលែងពន្ធទាំងស្រុង និងផលិតផលខ្លះ ដែលមិនធ្លាប់ជាប់ពន្ធក៏ត្រូវបានកំណត់ឱ្យជាប់ពន្ធផងដែរ។

ចំណែកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានប្រាប់ឱ្យដឹងដែរថា អត្រាពន្ធគយនេះ ត្រូវមានការធ្វើបច្ចុប្បន្នភាព ដែលត្រូវបត់បែនទៅតាមសេដ្ឋកិច្ចសកល ក៏ដូចជាការវិវត្តនៃការនាំចេញនាំចូលរបស់កម្ពុជា ដែលត្រូវការវត្ថុធាតុដើម មកកែច្នៃសម្រាប់នាំចេញ និងវត្ថុធាតុដើមមានស្រាប់ក្នុងស្រុកផងដែរ។
ឧកញ៉ាបានបញ្ជាក់ថា ៖ «ការកែសម្រួលអត្រាពន្ធគយនេះ គឺជាការចូលរួមលើកស្ទួយការកែច្នៃវត្ថុធាតុដើមក្នុងស្រុក ជំរុញការនាំចេញឱ្យបានជាអតិបរមា ជាពិសេសការលើកទឹកចិត្តតាមរយៈការលើកលែងពន្ធ។ខ្ញុំជឿថា នាថ្ងៃអនាគត នឹងមានការលើកទឹកចិត្តបន្ថែមទៀតចំពោះការនាំចេញវត្ថុធាតុពីកម្ពុជាយើងទៅ និងការលើកទឹកចិត្តលើពន្ធកាត់ទុក អាករលើតម្លៃបន្ថែម(VAT) ជាដើម ដើម្បីទាក់ទាញវិនិយោគកាន់តែលើការកែច្នៃ សម្រាប់លក់ក្នុងស្រុកផង និងធ្វើការនាំចេញផង»។
បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការកែសម្រួលពន្ធអាករលើកនេះ មានទ្រង់ទ្រាយធំដោយពាក់ព័ន្ធនឹងមុខទំនិញសរុបរហូតដល់ ១ ៤៤៣ បន្ទាត់ពន្ធ។ ទន្ទឹមនេះ ក៏មាន ការដំឡើងអត្រាពន្ធនិងអាករ លើមុខទំនិញមួយចំនួនតូច ដែលមិនសូវមានការនាំចេញនាំចូល ក្នុងគោលដៅធ្វើឱ្យមានសង្គតិភាពគ្នា ទៅនឹងអត្រាពន្ធនិងអាករនៃមុខទំនិញប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។
ដោយសារការ បញ្ចុះអត្រា” មានច្រើនជាងការដំឡើងអត្រា នេះហើយ ទើបធ្វើឱ្យអត្រាពន្ធមធ្យម (Unweighted Average Tariff Rate) របស់តារាងពន្ធគយកម្ពុជា បន្ទាប់ពីអនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធនិងអាករនេះ ចូលជាធរមាន នឹងថយចុះពី ១១.៦២ភាគរយ មកត្រឹម ១០.៧៦ភាគរយ ប៉ុណ្ណោះ ដែលជាសូចនាករមួយឆ្លុះបញ្ចាំងពីជំហានថ្មីមួយទៀតនៃការកាត់បន្ថយរបាំងពន្ធគយរបស់កម្ពុជា៕ ដោយ៖វណ្ណ សុជាតា