រយៈពេលប្រាំខែ ក្រសួងសារធារណការបានពិន័យរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ចំនួនជាងមួយពាន់គ្រឿង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែដំបូងឆ្នាំ២០២៣នេះ ក្រសួងបានពិន័យរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ បានរហូតចំនួន​ ១ ១២២ គ្រឿងនៃរថយន្តត្រួតពិនិត្យសរុបជាងមួយលានគ្រឿង ដែលត្រូវបាន​ពិន័យជា​ទឹកប្រាក់បានប្រមាណ ១, ៧៧ ពាន់លានរៀល។

​យោងតាម​​​របាយការណ៍​ផ្សព្វផ្សាយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​កាលពីថ្ងៃទី​​​១៩ ខែមិថុនា បានបញ្ជាក់ថា​​ ការអនុវត្តការងារក្នុងរយៈពេលប្រាំខែដំបូង​ ឆ្នាំ២០២៣នេះ មានរថយន្តត្រួតពិ​និត្យសរុបចំនួន ១ ៣១២ ៥៧៩គ្រឿង ដោយរថយន្តដឹកជញ្ជូនតាមច្បាប់កំណត់មានចំនួន ៨៨៦ ៧៦៥ គ្រឿង និងរថយន្តលើសទម្ងន់កម្រិតកំណត់មានចំនួន ៤២៥ ៨១៤គ្រឿង ស្មើនឹង៣២,៤៤ភាគរយ។

របាយការណ៍បានបន្តថា ៖ «ក្នុង​ចំណោម​រថយន្តលើសទម្ងន់​កម្រិត​កំណត់​ទាំងអស់នេះ មានរថយន្ត​ចំនួន​ ១ ១២២ គ្រឿង ត្រូវ​បាន​ធ្វើការផាកពិន័យ ដែលមានទឹកប្រាក់ពិន័យសរុបប្រមាណ ១, ៧៧ពាន់លានរៀល ក្នុងនោះរថយន្តដែលត្រូវឃាត់ទុកមួយឆ្នាំមានចំនួន ៥៥គ្រឿងផងដែរ»។

ប្រភពដដែលបានបន្តថា ចំណែក​រថយន្ត​ចំនួន ​៤ ២៤ ៦៩២ គ្រឿង​ ដែល​បាន​ផ្ទុកលើសទម្ងន់​ផងដែរនោះ បាន​ធ្វើ​ការអនុគ្រោះ ដោយសារ​ការដឹកលើសនេះ​ក្រោម ៥ភាគរយ ដែលអាចអនុគ្រោះបាន ខណៈដែលរថយន្តត្រូវធ្វើការ​ផាកពិន័យ ជា​រថយន្តផ្ទុកលើសទម្ងន់ពី៥ភាគរយ។ ​

​ក្នុង​កិច្ចប្រជុំ​ កាលពី​ថ្ងៃទី​១៩ ដដែលនោះ ឯកឧត្តម សេង ឈួន  រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធា​នគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បាន​​ណែនាំដល់មន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ ដោយប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ។

ជុំវិញរឿងនេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បាន​ធ្វើការ​វាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ក្រសួងក្នុងបន្តពង្រឹងការអនុវត្តច្បាប់ ទាំងការពិន័យទៅលើរថយន្តដែលដឹកជញ្ជូនលើសទម្ងន់កំណត់ រួមទាំងការត្រួតពិនិត្យចរាចរណ៍ផ្លូវគោកផងដែរ។

លោកបាន​ប្រាប់​នៅថ្ងៃទី​២០ ខែមិថុនា​ថា ​ចំនួនរថយន្តដែលក្រសួងបានផាកពិន័យនេះក្នុងរយៈពេល ៥ខែមកនេះ ​ជាចំនួនដែលមានការប្រែប្រួលជាវិជ្ជមាន ដោយសារវិធានការតឹងរ៉ឹងង​របស់ក្រសួង។

​រថយន្តដែលដឹកជញ្ជូនលើសទម្ងន់កំណត់ ​បានបង្កឱ្យ​មានបញ្ហាផលប៉ះពាល់ច្រើន ក្នុងនោះ​រួមមាន៖ ​បង្កការក្រឡាប់ ​បុកឬ​ប៉ះទង្គិច​ដល់អ្នកធ្វើដំណើរតាម​ម៉ូតូ ឬរថយន្តផ្សេងៗ​, ធ្វើឱ្យ​ខូចហេដ្ឋារចនាសម្ព័ន្ធ ​ពិ​សេ​សផ្លូវថ្នល់ និងស្ពាន​ ហើយ​ផលប៉ះពាល់មួយទៀត​គឺ​សណ្ដាប់ធ្នាតាមដងផ្លូវ​សាធារណៈ​ជាដើម។

លោក គឹម បញ្ញា បានថ្លែងថា ៖ «​ខ្ញុំគិតថា អ្វីដែលជាវិធានការរបស់ក្រសួង ​និង​ស្ថាប័ន​ពាក់ព័ន្ធ ​ពិសេសជាមួយស្នងការនគរបាលរាជធានី/ខេត្ត វាជារឿងចាំបាច់ ហើយខ្ញុំសូមស្នើឱ្យក្រសួង​ពិចារណាបន្តអនុវត្ត​​វិធានការកាន់តែតឹងរ៉ឹងបន្ថែមទៀត ដើម្បីឈានដល់ការលុបបំបាត់ស្ទើរតែទាំងស្រុង ឬទាំងស្រុងម្ដងនូវរថយ​ន្តដែលដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នេះ»។

លើសពីនេះទៀត លោកក៏​​ស្នើឱ្យ​ក្រសួងត្រូវតែមានវិធានការច្បាប់បន្ថែមទៀត​ ចំពោះរថយន្តដែលដឹកជញ្ជូនលើសទម្ងន់កំណត់ ​ពិសេសគឺអាចឈានទៅដល់ការដកអាជ្ញាប័ណ្ណ ដាក់ពិន័យរថយន្តទាំងនោះត្រូវរក្សាទុកឱ្យបានយូរ។

​លោក គឹម បញ្ញា បញ្ជាក់ថា ៖ «​ក្រសួង​ក៏គួរតែមានការអនុវត្តផ្សេងទៀត ដូចជាការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ និងរួមទាំងដាក់ក្រុមត្រួតពិនិត្យចល័តឱ្យបានច្រើនជាងមុននៅតាមដងផ្លូវ ដើម្បីមានវិធានការភ្លាមៗ កុំឱ្យរថយន្តទាំងនោះចេះតែដឹកនាំឱ្យខូចហេដ្ឋារចនាសម្ព័ន្ធ»។

លោក​ថា ​ការអនុវត្តវិធានការទាំងនេះ ​​នឹងធ្វើឱ្យមានសុវត្ថិភាពចរាចរណ៍កាន់តែប្រសើរឡើង ដែលមានន័យសម្រាប់​ការការ​ពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយក៏ដូចជាការការ​ពារ​ហេដ្ឋារចនាសម្ព័ន្ធឱ្យបានគង់វង្សផងដែរ៕

ដោយ៖ជា សុខនី

ads banner