ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យល់ស្របឱ្យតាមបណ្តារាជធានី ខេត្ត រៀបចំកសាងនូវសួនតេជោសន្តិភាព
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយល់ស្របឱ្យតាមបណ្តារាជធានី ខេត្ត រៀបចំកសាងនូវសួនតេជោសន្តិភាពដែលជាការតំណាងឱ្យខ្លឹមសារនយោបាយឈ្នះ-ឈ្នះដែលសួននេះនឹងបង្ហាញយ៉ាងគ្រប់គ្រាន់សម្រាប់ពលរដ្ឋទាំងអស់គ្នាចងចាំនិងនឹកឃើញនូវគុណតម្លៃនយោបាយឈ្នះ-ឈ្នះ។
ការអនុញ្ញាតនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាជាការឆ្លើយតាមការស្នើសុំរបស់សម្ដេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣» នាព្រឹកថ្ងៃទី២០ ខែមិថុនា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់នៅក្នុងសុន្ទរកថាស្វាគមន៍របស់សម្ដេចថា ៖ «សួនតេជោសន្តិភាពនេះ មានលក្ខណៈគ្រប់គ្រាន់សម្រាប់យើងទាំងអស់គ្នាចងចាំ នឹកឃើញពីតម្លៃពីនយោបាយឈ្នះ-ឈ្នះនេះ ឬយើងអាចនិយាយមួយបែបខ្លីទៀតថា សន្តិភាពបានមកពីណា អ្នកណាអ្នកធ្វើឱ្យមានសន្តិភាព ដែលនេះគឺជាមូលហេតុស្នូលដែលយើងចង់កសាងសួនតេជោសន្តិភាពនេះ»។
សម្ដេចបានបន្ថែមថា ៖ «សន្តិភាពដែលយើងឱ្យតម្លៃដ៏ធំធេងនេះ តើវាបានមកពីណា ហើយអ្នកណាធ្វើឱ្យមានសន្តិភាពនេះ ដើម្បីឱ្យយើងដឹង ហើយយើងនឹងថែរក្សាសន្តិភាពឱ្យបានគង់វង្ស ប៉ុន្តែយើងក៏ត្រូវដឹងរឿងពីដើមផងដែរ ពីការទទួលបានសន្តិភាពនេះ ទើបយើងអាចថែរក្សាបានត្រឹមត្រូវ»។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានរម្លឹកផងដែរកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីបិទសិក្ខាសាលាប្រវត្តិសាស្ត្រយោធាសម្ដេចធ្លាប់បានបញ្ជាក់រួចហើយថា អ្នកសិក្សាយុទ្ធសាស្ត្រ អ្នកវិភាគសភាពការណ៍អន្តរជាតិ និងតំបន់ទាំងឡាយ មិនចាំបាច់ទៅរៀនទ្រឹស្ដីពីទីឆ្ងាយនោះទេ តែទ្រឹស្តីតេជោសែនគឺគ្រប់គ្រាន់រួចទៅហើយ ក្នុងការលើកកម្ពស់ផ្តល់នូវគុណតម្លៃនៃការដឹកនាំគ្រប់វិស័យសម្រាប់កូនចៅជំនាន់ក្រោយ។
សម្ដេចបន្តថា ៖ «យើងបានដឹងទាំងអស់គ្នាថា នយោបាយឈ្នះ-ឈ្នះ តេជោសែន នាំមកនូវជោគជ័យបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញ។ តើការបញ្ចប់ដោយរបៀបណា? យកទ្រឹស្ដីណាមកបញ្ជាក់? ដំណើរការជួបបញ្ហាអ្វីខ្លះ? បញ្ជាក់ថាកត្តាសំខាន់ជោគជ័យមានដល់ថ្ងៃនេះ គឺនយោបាយឈ្នះ-ឈ្នះ ប៉ុន្តែស្ថាបនិក និងមគ្គុទ្ទេសក៍ឯកនៃនយោបាយនេះ គឺជាកត្តាកាន់តែវិសេសវិសាលទៀត»។
ទន្ទឹមនឹងនេះ សម្ដេចតពិជ័យសេន ទៀ បាញ់ ក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអនុម័តការចេញអនុក្រឹត្យស្តីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ក្នុងករណីមិនទាន់បានចេញ ហើយក៏ស្នើសុំបង្កើតច្បាប់ស្តីពីប្រវត្តិសាស្ត្រយោធា ដើម្បីការពារអភិរក្ស អភិវឌ្ឍន៍តឹកតាងប្រវត្តិសាស្ត្រនានាផងដែរ។
ទាក់ទិននឹងការស្នើឡើងពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ នេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងនាឱកាសនោះថា ការបង្កើតច្បាប់ស្តីពីប្រវត្តិសាស្រ្តយោធាសម្ដេចសុំស្នើឱ្យសិក្សាជាមួយអ្នកច្បាប់ជាមុនសិនថាតើអាចធ្វើទៅរួចឬទេ? ដែលកម្រិតចេញជាអនុក្រឹត្យស្តីពីការរៀបចំតំបន់យោធាគឺសម្ដេចអាចចេញទៅបាន។
សម្ដេចតេជោហ៊ុន សែន មានប្រសាសន៍ថា ចំពោះការសុំអនុសាសន៍នៃការរៀបចំសួនតេជោសន្តិភាព វិមានឈ្នះ-ឈ្នះសម្រាប់ផ្តល់ជូនបណ្តាខេត្តត្រូវការសាងសង់ យើងអាចធ្វើបាន ហើយខេត្តនីមួយៗគប្បីគួរធ្វើ ព្រោះវាជាទីកម្សាន្តសម្រាកសប្បាយរបស់ប្រជាពលរដ្ឋផងដែរ ហើយវាក៏មិនថ្លៃហួសដែលយើងមិនអាចធ្វើទៅកើតនោះដែរ។
សម្រាប់លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន ទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា គម្រោងបង្កើតសួនតេជោសន្តិភាពនៅតាមបណ្តាខេត្តក្រុងនេះ គឺជារឿងល្អ ហើយមូលបទនៃការកសាងសន្តិភាព គឺជារឿងប្រសើរសម្រាប់បញ្ជ្រាបដល់ប្រជាពលរដ្ឋ។
លោកបានប្រាប់ថា សួននេះអាចប្រើសម្រាប់សម្រាកលំហែកម្សាន្ត ហាត់ប្រាណផង ហើយគេអាចបញ្ចូលគំនិតទស្សនវិជ្ជាពាក់ព័ន្ធប្រវត្តិកសាងសន្តិភាព ប្រតិបត្តិករសន្តិភាព និងមូលហេតុដែលត្រូវកសាងសន្តិភាពដល់សាធារណជន។
លោក ឈត ប៊ុនថង ថ្លែងថា អ្វីដែលជាសមទ្ធផលជាតិសំខាន់ៗ កន្លងមក យើងមានវិមានឯករាជ្យ វិមានឈ្នះ-ឈ្នះ ជាដើម ហើយសួននេះអាចជាឧបសម្ព័ន្ធមួយទៀតសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ជាភស្តុតាង និងអានុស្សាវរីយ៍សម្រាប់អ្នកជំនាន់នេះ និងទៅជំនាន់ក្រោយថា ដូនតាជំនាន់នេះឱ្យតម្លៃលើសន្តិភាពជាធំ មិនមែនផ្តល់តម្លៃដល់សង្គ្រាមនោះទេ។
លោកបានបន្ថែមផងដែរថា តឹកតាងប្រវត្តិសាស្រ្តទាំងនេះ ជាគំរូភាពមួយសម្រាប់បណ្តុះគំនិតអ្នកជំនាន់ក្រោយឲ្យចេះសាមគ្គីភាពគ្នា ពូនគ្នាកសាងសន្តិភាព និងការអភិវឌ្ឍជាតិ ដើម្បីឲ្យជាតិនៅគង់វង្ស៕ ដោយ៖ សំបាន ច័ន្ទដារ៉ា