កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន សម្រាប់អនុវត្តគម្រោងចំនួន២
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះ ហត្ថលេខារួមគ្នា លើ លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដល់កម្ពុជា ដែលមានទឹកប្រាក់សរុបចំនួន ២៥.៧៧៣.០០០.០០០ យ៉េន (ស្មើប្រមាណ ១៨៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន២ ដូចខាងក្រោម៖

ទី១ ៖ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ៖ គម្រោងនេះមានគោលបំណងកែលម្អស្ថានភាពផ្លូវចំនួន ៣៨ ខ្សែ ចាប់ពីផ្លូវក្រួស ដល់ផ្លូវក្រាលកៅស៊ូ កសាងស្ពាន និងដំឡើងបំពង់លូ ដែលមានប្រវែងសរុប ៥២៩,៧ គីឡូម៉ែត្រ ដែលតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយកាត់ខេត្តចំនួន ៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
គម្រោងនេះស្របតាមគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២៣។ ការកែលម្អផ្លូវជនបទទាំងនោះ នឹងជួយសម្រួលដល់ការធ្វើដំណើរជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនកសិផលរបស់ពួកគេទៅកាន់ទីផ្សារ សំដៅរួមចំណែកដល់ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទាំងនោះ។
ទី២ ៖ គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប ដំណាក់កាលទី៣៖ គម្រោងនេះនឹងទទួលបានថវិកាបន្ថែម ដើម្បីសាងសង់រោងចក្របន្សុទ្ធទឹក ដែលមានសមត្ថភាពបន្សុទ្ធទឹកចំនួន ៦០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងស្ថានីយ៍បូមទឹក និងប្រព័ន្ធចែកចាយទឹក សំដៅជួយធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តសៀមរាប។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជប៉ុនចំពោះការបន្តផ្ដល់ជំនួយដល់កម្ពុជា ដែលកាយវិការនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រឥតងាករេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះសរ ជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូត UENO Atsushi និងសហការី នៅស្ថានទូតជប៉ុន ព្រមទាំងមន្រ្ដី នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្ម និង ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងកិច្ចគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ផងដែរ ៕ ដោយ សួង ពិសិដ្ឋ