ម្ចាស់ជំនួយអន្តរជាតិសន្យាផ្តល់ជំនួយជិត ១,៥ ប៊ីលានដុល្លារដល់ស៊ូដង់

ស៊ូដង់៖ ម្ចាស់ជំនួយអន្តរជាតិកាលពីថ្ងៃចន្ទ បានសន្យាផ្ដល់ជំនួយជិត ១,៥ ប៊ីលានដុល្លារដល់ប្រទេសស៊ូដង់ និងតំបន់ជុំវិញ ដោយប្រហែលពាក់កណ្ដាលក្នុងចំនួននោះនឹងប្រើសម្រាប់វិបត្តិមនុស្សធម៌ ដែលកាន់តែដុនដាបទៅៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការប្ដេជ្ញាផ្ដល់ជំនួយចុងក្រោយនេះ ធ្វើឡើងក្នុងសន្និសីទរៃអង្គាសប្រាក់នៅទីក្រុងហ្សឺណែវ ដែលរៀបចំដោយប្រទេសអាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត កាតា អេហ្ស៊ីប និងអង្គការសហប្រជាជាតិ ដោយសំដៅលើការសន្យាគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ដែលត្រូវបានរាំងស្ទះដោយសារតែការរំលោភពីបទឈប់បាញ់ ការលួចប្លន់ជំនួយ ការកាន់កាប់ការិយាធិបតេយ្យរបស់អង្គការផ្ដល់ជំនួយជាដើម។

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក ម៉ាទីន ហ្រ្គីហ្វីដស៍ (Martin Griffiths) បាននិយាយថាម្ចាស់ជំនួយបានប្រកាសពីការសន្យាផ្ដល់ជំនួយជិត ១,៥ ប៊ីលានដុល្លារ ក្នុងនោះរួមមាន ២១៨ លានដុ ល្លារពីអាល្លឺម៉ង់ ១៧១ លានដុល្លារ ពីសហរដ្ឋអាមេរិក ១៨៧ លានដុល្លារពីសហភាពអឺរ៉ុប និង ៥០ លានដុល្លារពីកាតា។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ភ្លាមៗថាតើចំនួនថវិកានេះ ស្ថិតនៅក្រោមគម្រោងជំនួយថ្មី ឬថាតើវានឹងត្រូវបញ្ចេញនៅពេលណានោះទេ។

គួរបញ្ជាក់ថា ជម្លោះក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងកាលពីពាក់កណ្ដាលខែមេសា រវាងកងទ័ពស៊ូដង់ និងយោធាប៉ារ៉ាស៊ូដង់ (RSF) ដែលបានធ្វើឱ្យរដ្ឋធានីខាទុំប្រែក្លាយជាតំបន់សង្រ្គាម ហើយបង្កឱ្យមានការវាយប្រហារគ្នាដ៍សាហាវ ដោយធ្វើឱ្យមនុស្សរាប់លាននាក់រត់ភៀសខ្លួនទូទាំងប្រទេស និងទៅប្រទេសក្បែរខាង មនុស្សជាង ៣ ០០០ នាក់ស្លាប់ និងជាង ៦ ០០០ នាក់រងរបួស។

លោក Griffiths បាននិយាយថា ៖ «វិបត្តិនេះ នឹងតម្រូវឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ហើយខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នាអាចទុកស៊ូដង់ជាអាទិភាពរបស់យើង»។

យ៉ាងណាមិញ លោក David Macdonald មកពីទីភ្នាក់ងារមនុស្សធម៌ CARE បាននិយាយថា៖ «មូលនិធិ ដែលបានសន្យានៅថ្ងៃនេះ មិនបានឆ្លើយតបទៅនឹងភាពបន្ទាន់នៃស្ថានភាព» នៅស៊ូដង់ និងតំបន់ជុំវិញនោះទេ។

គួររំឭកថា មុនសន្និសីទម្ចាស់ជំនួយ អង្គការសហប្រជាជាតិទទួលបានមូលនិធិជំនួយត្រឹមតែ ១៧ ភាគរយ នៃជំនួយមនុស្សធម៌ចំនួន ២,៥៧ ប៊ីលានដុល្លារ ដែលខ្លួនអំពាវនាវសុំសម្រាប់ស៊ូដង់នៅឆ្នាំនេះប៉ុណ្ណោះ ខណៈការអំពាវនាវសុំជំនួយសម្រាប់ជនភៀសខ្លួនជិត ៥០០ លានដុល្លារ បានទទួលមូលនិធិត្រឹមតែ ១៥ ភាគរយ។

ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Filippo Grandi បានពិពណ៌នាថាការប្រមូលបានប្រាក់ស្ដួចស្ដើងបែបនេះ ថាបង្កើតឱ្យមានទុក្ខព្រួយយ៉ាងខ្លាំង៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner