ថវិកាចំនួន២០ម៉ឺនដុល្លារ ដែលបានមកពីការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនត្រូវបានប្រគល់ជូនមន្ទីរកុមារចំនួនពីរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រគល់ថវិកាចំនួន ២០ ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ ដើម្បីគាំទ្រមន្ទីរពេទ្យទាំងពីរដែលបានព្យាបាលកុមារប្រកបដោយគុណភាព និងឥតគិតថ្លៃ ដែលថវិកាទាំងនេះប្រមូលបានពីការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងផ្លាកលេខរថយន្ត។

ពិធីប្រគល់ថវិកាមូលនិធិសប្បុរសធម៌នេះត្រូវបានធ្វើឡើងនាថ្ងៃទី២១ខែមិថុនាក្រោមអធិបតីភាព
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងតំណាងមន្ទីរពេទ្យកុមារទាំងពីរដែលថវិកាទាំងនេះទទួលបានពីការប្រមូលពីកម្មវិធី «ខួប៣ឆ្នាំ ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងរថយន្ត» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧-៨ មីនា ឆ្នាំ២០២៣ កន្លងទៅ។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការលក់ផ្លាកលេខឡានពិសេសនិងផ្ទាល់ខ្លួន បានចំណូលចូលថវិកាជាតិ ហើយថវិកាមួយចំនួនបានផ្តល់ដល់កាកបាទក្រហកម្ពុជា និងមន្ទីរពេទ្យមួយចំនួនដើម្បីធ្វើសកម្មភាពមនុស្សធម៌ និងការព្យាបាល។

ឯកឧត្តមមានប្រសាសន៍ថា ៖ «យើងបានធ្វើកម្មវិធីរំឮកខួប៣ឆ្នាំនៃកម្មវិធីលក់ផ្លាកលេខពិសេសបានថវិកាមួយចំនួន ហើយខ្ញុំ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានធ្វើលិខិតរួមគ្នាទៅសម្តេចតេជហ៊ុន សែន ដើម្បីស្នើសុំថវិកា ២០ម៉ឺនដុល្លារ ដែលបានពីការលក់ផ្លាកលេខពិសេសនោះ ដែល១០ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា និង១០ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារជាតិ។ ពីមុនមកយើងក៏បានផ្តល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ២០ម៉ឺនដុល្លាររួចមកហើយនៅឆ្នាំ ២០២០»។

ក្នុងពិធីនោះដែរប្រធានមន្ទីរពេទ្យកុមារជាតិលោក ញឹប អង្គាបុស្ស បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងសាធារណការ ដែលបានគិតគូរដល់វិស័យសុខាភិបាល ជាពិសេសមន្ទីរពេទ្យកុមារជាតិនេះតែម្តង។

លោកបានថ្លែងថា ៖ «មន្ទីរពេទ្យកុមារជាតិ នឹងប្រើប្រាស់ថវិកាដែលទទួលបាននេះ ពង្រឹងនូវគុណភាពនៃការព្យាបាលកុមារឱ្យកាន់តែមានភាពប្រសើរឡើង ហើយការពង្រឹងវិស័យសុខាភិបាលក្នុងស្រុកនឹងកាត់បន្ថយការចំណាកស្រុករបស់ប្រជាជនដែលទៅរកសេវាសុខាភិបាលនៅបរទេសផងដែរ»។

ចំណែកប្រធានមន្ទីរពេទ្យគន្ធបុប្ផាលោក គី សង់ទី ក្នុងនាមសមាជិក្រុមប្រឹក្សាមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងនាពេលនោះដែរថា ៖ «ចំណុចដែលសំខាន់គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ បានសម្រួលដល់ប្រជាពលរដ្ឋ ពិសេសឪពុកម្តាយដែលមានអ្នកជំងឺ មានកូនឈឺ ដោយសារជំងឺខ្លះធ្ងន់ធ្ងរត្រូវបញ្ជូនមកពេទ្យថ្នាក់ជាតិ»។

បើតាមលោក គី សង់ទី កាលពីឆ្នាំ១៩៩៧ និង១៩៩៨ អត្រាមរណភាពកុមារនៅក្នុងមន្ទីរពេទ្យខ្ពស់ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាបានបង្កើននូវគុណភាព និងរក្សាគុណភាពវិជ្ជាជីវៈ ដោយអត្រាមរណភាពកុមារនៅក្នុងមន្ទីរពេទ្យរៀងរាល់ឆ្នាំមានត្រឹម ០.៤ ភាគរយប៉ុណ្ណោះ ទាំងនេះគឺជាអ្វីដែលមន្ទីរពេទ្យបានចូលរួមជាមួយក្រសួងសុខាភិបាល៕ ដោយ៖ សុខ រក្សា

ads banner