គណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋឡាវមកបំពេញទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងបន្តចុះអនុស្សរណៈជាមួយគ្នាទៀត
ភ្នំពេញ៖ គណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ(SIA Lao PDR) មកបំពេញទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា(អ.ប.ព.) ដើម្បីស្វែងយល់ពីការងារសំខាន់ៗក្នុងវិស័យប្រយុទ្ធប្រឆាំងអំពើពុករលួយ ពិសេសដើម្បីចុះអនុស្សរណៈយោគយល់គ្នា(MoU) រវាងស្ថាប័នទាំងពីរក្នុងក្របខ័ណ្ឌបន្តកិច្ចសហប្រតិបត្តិរយៈពេលប្រាំឆ្នាំបន្តទៀត។
ដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋឡាវនេះ ធ្វើឡើងបន្ទាប់ពីមានការអញ្ជើញពីឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា (អ.ប.ព.) ដែលគណៈប្រតិភូឡាវនេះមានចំនួនប្រាំមួយរូប ដឹកនាំដោយឯកឧត្តម ខាំផាន់ ផុមម៉ះថាត់(KHAMPHANH PHOMMATHATH) ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ។ នេះបើតាមយោងតាមសេចក្តីប្រកាសរបស់ អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា (អ.ប.ព.) ចុះថ្ងៃទី១៩ ខែមិថុនា។
អ.ប.ព. បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវនេះប្រព្រឹត្តទៅរយៈពេលបី ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ហើយអង្គភាព SIA ឡាវ និងអង្គភាពអ.ប.ព. នឹងចុះអនុស្សរណៈយោគយល់ជាមួយគ្នា ស្តីពីការប្រឆាំងអំពើពុករលួយសម្រាប់ ៥ឆ្នាំបន្ត ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ផងដែរ។
អ.ប.ព. បានបញ្ជាក់ថា គណៈប្រតិភូឡាវនឹងស្វែងយល់ពីការងារសំខាន់ៗរបស់ អ.ប.ព. ទាំងការងារស៊ើបអង្កេត ការអប់រំបង្ការទប់ស្កាត់ ការងារថវិការបស់ អ.ប.ព. និងទស្សនាមូលដ្ឋានវប្បធម៌(ព្រះបរមរាជវាំង សារៈមន្ទីរជាតិ) មូលដ្ឋានសេដ្ឋកិច្ច(ខេត្តព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សារៈមន្ទីរព្រះស្រីឦសានវរ្ម័ន និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)។
ក្រៅពីនោះ គណៈប្រតិភូឡាវនឹងចូលជួបពិភាក្សាការងារជាមួយសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា យល់ថា កិច្ចសហការជុំវិញការប្រយុទ្ធប្រឆាំងអំពើរវាងកម្ពុជានិងឡាវ ជារឿងល្អ ដែលប្រទេសទាំងពីរ អាចរៀនសូត្រនិងចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញមក ព្រោះបរិបទ របបរៀបរស់នៅ វប្បធម៌ អភិបាលកិច្ច និងប្រព័ន្ធកិច្ចការរដ្ឋប្រទេសជិតខាងទាំង២ នេះមានភាពស្រដៀងគ្នា។
លោកសង្កេតឃើញផងដែរពីការវិវត្តជាវិជ្ជមានរបស់កម្ពុជាក្នុងបញ្ហាប្រយុទ្ធប្រឆាំងអំពើពុករលួយទាក់ទង ការអប់រំ ផ្សព្វផ្សាយ និងបង្ការកុំឲ្យកើតមានអំពើពុករលួយ ដោយសារមានយុទ្ធនាការច្រើនពីអង្គភាពប្រឆាំងពុករលួយផ្ទាល់ ពីរដ្ឋាភិបាល ពីដៃគូពាក់ព័ន្ធនានា។
លោកប៉ិច ពិសី សង្កត់ធ្ងន់ថា ៖ «កម្ពុជាជាប្រទេសមួយដែលបានអនុវត្តការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្រោមប្រតិបត្តិការនិងក្របខណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយហៅកាត់ថា UNCAC។ ជាយន្តការនិងយុទ្ធសាស្រ្តដែលកម្ពុជាធ្លាប់អនុវត្តជាមួយ UNCAC នេះអាចចែករំលែកដល់ឡាវបាន»។
សម្រាប់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានប្រាប់ដែរថា ឡាវ និងកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍដូចគ្នា ដូច្នេះប្រទេសទាំងពីរទាមទារពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយដើម្បីជំរុញការអភិវឌ្ឍប្រទេស ព្រោះអំពើពុករលួយជាការរាំងស្ទះដំណើរកសាងជាតិ។
លោក គិន ភា ថ្លែងថា ៖ «ខ្ញុំគិតថាឡាវ និងកម្ពុជាអាចរៀនសូត្រពីគ្នា ហើយត្រូវតែជំរុញការប្រឆាំងអំពើពុករលួយកាន់តែសកម្ម និងមានប្រសិទ្ធភាពទ្វេឡើង។ ខណៈកិច្ចសហប្រតិបត្តិការលើវិស័យនានាវិញ ប្រទេសទាំង២ បានបង្ហាញការប្តេជ្ញាចិត្តពង្រឹងនឹងគ្នាទាំងទេសចរណ៍ ក៏ដូចជាវិស័យសន្តិសុខ ពាណិជ្ជកម្ម ព្រមទាំងកិច្ចការរដ្ឋ ជាពិសេសកិច្ចសហការលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយសារករណីខ្លះត្រូវសហការគ្នាក្នុងតំបន់»។
លោកបន្ថែមថា កិច្ចសហការរវាងប្រទេសទាំងពីរលើវិស័យប្រយុទ្ធប្រឆាំងអំពើពុករលួយជាការបង្ហាញចំណងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសជិតខាងទាំងពីរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អាជ្ញាធរអធិការកិច្ចរដ្ឋឡាវមកកាន់កម្ពុជានៅឆ្នាំ២០២៣ នេះ ជាលើកទី៣ ហើយដែលលើកទី១ នៅឆ្នាំ២០១៤ និងលើកទី២ នៅឆ្នាំ២០១៨ បន្ទាប់ពីភាគីប្រទេសទាំងពីរ បានចុះ អនុស្សរណៈយោគយល់គ្នានៅឆ្នាំ២០១៣ នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ដោយ៖ សំបាន ច័ន្ទដារ៉ា

