រាជរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញអនុក្រឹត្យស្តីពីការបង្កសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានអស់សុពលភាពសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ ខែមិថុនា ដែលមាន៥ មាត្រា បានលើកឡើងថាអនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលអស់សុពលភាព ប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។

ប្រភពដដែលបានបញ្ជាក់ថា ៖ «ត្រូវបានបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រហូតដល់ត្រឹមថ្ងៃប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧»។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

ពាក់ព័ន្ធនឹងអនុក្រឹត្យនេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២១ ខែមិថុនា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានពន្យារសុពលភាពអត្តសញ្ញណបណ្ណសញ្ជាតិខ្មែរ ដែលពលរដ្ឋបានកាន់ហួសសុពលភាព និងពលរដ្ឋខ្លះទៀត មិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណថ្មីនៅឡើយ។

ឯកឧត្តមបានប្រាប់ឱ្យដឹងថា ការសម្រួលរបស់រាជរដ្ឋាភិបាលនៅពេលនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតបានដោយមិនចាំបាច់បញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឱ្យការបោះឆ្នោតជំនួសឱ្យអត្តសញ្ញាណប័ណ្ណប្រភេទថ្មីដែលហួសសុពលភាពនោះទេ។

ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងថា ៖ «ពលរដ្ឋអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណដែលផុតសុពលភាពនេះសម្រាប់ការបោះឆ្នោតបាន។កត្តានេះ នឹងជំរុញធ្វើឱ្យចំនួប្រជាពលរដ្ឋ បានចេញទៅបោះឆ្នោតកាន់តែច្រើន និងមានទំនុកចិត្តមួយកម្រិតថែមទៀត ទៅលើសង្គមកម្ពុជាដែលក្នុងនោះពាក់ព័ន្ធនឹងសិទ្ធិសម្រេចចិត្ត និងនយោបាយនៅក្នុងសង្គមប្រជាធិតេយ្យ»។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក ក៏បានសម្តែងការស្វាគម៍ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងពន្យារសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះផងដែរ។

លោកបានប្រាប់ថា នេះគឺជាចំណុចល្អមួយកម្រិតថែមទៀត ដើម្បីជំរុញឱ្យប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុបញ្ជីបោះឆ្នោត ហើយមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាព ក៏អាចទៅបោះឆ្នោតនៅពេលខាងមុខបាន ហើយក៏នឹងមានអ្នកទៅបោះកាន់តែច្រើនផងដែរ។

ទោះជាយ៉ាងណា លោក សំ គន្ធាមី ក៏បានអំពាវនាវឱ្យរាជរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយ ឱ្យបានទំលំទូលាយថែមទៀត ដើម្បីឱ្យដំណឹងនេះបានជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរហួសសុពលភាព ដើម្បីគាត់បានចេញទៅបោះឆ្នោតបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី២១ ខែមិថុនានេះ ក៏បានប្រាប់ឱ្យដឹងដែរថា កាអនុញ្ញាតឱ្យពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលហួសសុពលភាពអាចទៅចូលរួមបោះឆ្នោតបាន គឺជាកិច្ចសម្រួលមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបើកឱកាសឱ្យពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧បាន។

លោកបានថ្លែងថា ៖ «នេះ គឺជារឿងដែលល្អ និងសូមចូលរួមអបអរសារទរយ៉ាងក្លៀវក្លាបំផុត ហើយក្នុងនាមគណបក្សហ្វ៊ុនប៉ិច ខ្ញុំក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមលក្ខណៈ និងពិនិត្យឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោតនៅពេលខាងមុខនេះ តាមឆន្ទៈ និងសិទ្ធសិរីភាពរបស់ខ្លួន ឱ្យបានពេញលេញដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត»។

ដោយឡែក យោងតាមការជូនដំណឹងរបស់គ.ជ.ប កាលពីថ្ងៃទី២០ ខែមិថុនា បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣ គ.ជ.ប បានចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានចំនួនជាង ៨លាន ៣សែន សន្លឹក ខណៈ ចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុបមានចំនួន ៩,៧១០,៦៥៥ សន្លឹក។

លោក យ៉ង សក្តិ ប្រធានគណៈកម្មការខេត្តបន្ទាយមានជ័យរៀបចំការបោះឆ្នោត បានប្រាប់ឱ្យដឹងថា ចាប់តាំងពីដំណើការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត នៅក្នុងខេត្តបន្ទាយមានជ័យ ប្រព្រឹត្តិដោយរលូន មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងគ្មានអំពើហឹង្សានោះទេ។

លោកបានឱ្យដឹងថាទាំងនេះដោយសារគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានសហការជាមួយសមាជិកឃុំ ភូមិ និងក្រុមនៅតាមភូមិ ដើម្បីចែកជូនដល់ប្រជាបលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ហើយពលរដ្ឋនៅក្នុងខេត្តស្ទើតែគ្រប់គ្នាទទួលបាននូវបណ្ណព័ត៌មាននេះ។

លោក យ៉ង សក្តិ បានលើកឡើងដែរថា ក្រោយការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ បានយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត រួមទាំងដឹងពីការិយាល័យបោះឆ្នោត និងកាលបរិច្ឆេទនៃការបោះឆ្នោតនៅពេលខាងមុខផងដែរ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner