បារាំងរំលាយក្រុមសកម្មជនអាកាសធាតុ «ការបះបោរនៃផែនដី»
ប៉ារីស៖ រដ្ឋាភិបាលប្រទេសបារាំងបានបញ្ជាក់ការបិទក្រុមសកម្មជនអាកាសធាតុ «ការបះបោរនៃផែនដី» ។
អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Olivier Veran ប្រកាសថា រដ្ឋាភិបាលបានចេញក្រឹត្យហាមឃាត់ «ការបះបោរនៃផែនដី SLT» ដែលជាក្រុមអាកាសធាតុសកម្មជនដែលរដ្ឋាភិបាលបានចោទប្រកាន់ពីបទបង្កអំពើហិង្សានៅក្នុងបាតុកម្ម ជាបន្តបន្ទាប់នាពេលថ្មីៗនេះ រួមទាំងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយប៉ូលីស ជុំវិញគម្រោងធារាសាស្ត្រមួយ។
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយនៅក្នុងកំណត់ហេតុរបស់គាត់ថា “ការទាមទារឱ្យប្រើអំពើហិង្សាគឺមិនស្របច្បាប់នៅក្រោមនីតិរដ្ឋទេ ហើយនោះជាអ្វីដែលត្រូវផ្តន្ទាទោស”។
សកម្មជនអាកាសធាតុស៊ុយអែត កញ្ញា Greta Thunberg កាលពីថ្ងៃពុធ សប្តាហ៍នេះ បានផ្តល់ការគាំទ្រដល់ក្រុមសកម្មជនអាកាសធាតុ ដែលត្រូវបានបិទដោយរដ្ឋាភិបាលបារាំង ចំពេលមានការចោទប្រកាន់ថា ក្រុមនេះបង្កើតឱ្យមានអំពើហិង្សា។
កញ្ញា Thunberg បានប្រាប់សន្និសីទសារព័ត៌មានជាមួយសមាជិកនៃអង្គការ និងអ្នកគាំទ្រថា «នេះគឺអំពីសិទ្ធិតវ៉ា ហើយនេះជាការការពារអាយុជីវិត។
ក្រុមអ្នកតវ៉ាបានដើរនៅពីក្រោយបដាដែលសរសេរថា “យើងជាផែនដីដែលងើបឡើង” ក្នុងអំឡុងពេលការជួបជុំមួយដើម្បីគាំទ្រដល់ចលនាបរិស្ថាន «ការបះបោរនៃផែនដី» នៅក្នុងក្រុង Nantes ភាគខាងលិចប្រទេសបារាំង កាលពីថ្ងៃទី២១ ខែមិថុនា ដើម្បីតវ៉ាប្រឆាំងការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការរំលាយចលនានេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


