ផ្ទុះហិង្សាក្នុងពន្ធនាគារ ស្លាប់មនុស្សជាង ៤០នាក់ នៅហុងឌូរ៉ាស

តេហ្គូស៊ីហ្គាល់ប៉ា៖ មនុស្សជាង ៤០ នាក់បានស្លាប់នៅក្នុងអំពើហឹង្សាក្រុមក្មេងទំនើង និង ការបាញ់ប្រហារនៅពន្ធនាគារស្ត្រី ក្នុងប្រទេសហុងឌូរ៉ាស។

កុបកម្មនៅក្នុងពន្ធនាគារស្ត្រីរបស់ប្រទេសហុងឌូរ៉ាស កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បានបណ្តាលឲ្យមនុស្សចំនួន ៤១នាក់ស្លាប់ ដោយរដ្ឋាភិបាលនិយាយថា ជា ការវាយប្រហារដែលដឹកនាំដោយក្រុមបងធំ ដើម្បីសងសឹកចំពោះកិច្ចខិតខំប្រឹងប្រែង បង្ក្រាបអំពើពុករលួយ នៅតាមពន្ធនាគារ។

អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាហុងឌូរ៉ាស បានឲ្យដឹងថា ពន្ធនាគារឈ្មោះថា Femenino de Adaptacion ជាពន្ធនាការសម្រាប់ស្រ្តី អាចផ្ទុកអ្នកទោសចំនួន ៩០០នាក់ ស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរដ្ឋធានីតេហ្គូស៊ីហ្គាល់ប៉ា (Tegucigalpa)។ ភាគច្រើននៃអ្នកស្លាប់គឺត្រូវគេដុត ខណៈអ្នកផ្សេងទៀតត្រូវបានបាញ់។ ដោយឡែក មនុស្ស ៧នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ។

ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro បានថ្លែងថា កុបកម្មនេះត្រូវបានគ្រោងទុក ដោយសមាជិកក្រុមបងធំ ដែលដឹងពីសកម្មភាពរបស់ឆ្មាំពន្ធនាគារ។ ប្រធានពន្ធនាគារបានឲ្យដឹងដែរថា កុបកម្មនោះទំនងជាការឆ្លើយតប ចំពោះការបង្ក្រាបរបស់រដ្ឋាភិបាលក្នុងប៉ុន្មានខែថ្មីៗនេះ លើអំពើពុករលួយនៅតាមពន្ធនាគារ។

រដ្ឋមន្ត្រីសន្តិសុខត្រូវបានផ្លាសប្តូរតំណែង ក្រោយហេតុការណ៍នេះ ហើយ វិធានការបន្ថែមទៀត នឹងត្រូវប្រកាស ឆាប់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានរៀបចំទុក និងលុបបំបាត់ការធ្វើពហិការ ប្រឆាំងសន្តិសុខពីខាងក្នុងពន្ធនាគារ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner