អ៊ីស្លង់ផ្អាកការនេសាទត្រីបាឡែន
រ៉ៃក្សាវិក៖ ប្រទេស អ៊ីស្លង់ ផ្អាកការនេសាទបាញ់ត្រីបាឡែន ដោយបារម្ភពីសិទ្ធិរបស់សត្វ។
រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្លង់ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បាននិយាយថា ខ្លួនបានផ្អាកការបរបាញ់ត្រីបាឡែន រហូតដល់ថ្ងៃទី ៣១ ខែសីហា បន្ទាប់ពីរបាយការណ៍របស់អាជ្ញាធរចំណីអាហារ និងបសុព្យាបាលរបស់អ៊ីស្លង់ ដែលបានសន្និដ្ឋានថា ការសម្លាប់ត្រីបាឡែនមានលើសពី ការអនុញ្ញាតដោយច្បាប់របស់ប្រទេស ស្តីពីសុខុមាលភាពសត្វ។
ការបរបាញ់ត្រីបាឡែនដែលអាចមានប្រវែងលើសពី ២០ម៉ែត្រត្រូវបានបន្តនៅអ៊ីស្លង់ ក្នុងឆ្នាំ ២០០៦ បន្ទាប់ពីការផ្អាកឆ្នាំ១៩៨៦ ។ អ៊ីស្លង់ រួមជាមួយន័រវេស និងជប៉ុន គឺជាប្រទេសមួយក្តាប់តូច ដែលនៅតែអនុញ្ញាតឱ្យមានការបរបាញ់ត្រីបាឡែនពាណិជ្ជកម្ម។
រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កសិកម្ម និងនេសាទ លោកស្រី Svandis Svavarsdottir បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានសម្រេចចិត្តផ្អាកប្រតិបត្តិការត្រីបាឡែនទាំងអស់” ។
លោកស្រី បាននិយាយថា “សកម្មភាពនេះមិនអាចបន្តទៅអនាគតបានទេ ប្រសិនបើអាជ្ញាធរ និងអ្នកកាន់អាជ្ញាប័ណ្ណមិនអាចធានាបាននូវការបំពេញតម្រូវការសុខុមាលភាព”។
លោកស្រីបានបន្ថែមទៀតថា រដ្ឋាភិបាលនឹងស្វែងរកយោបល់របស់អ្នកជំនាញនិងអ្នកកាន់អាជ្ញាប័ណ្ណបរបាញ់ត្រីបាឡែនដើម្បីស្វែងរកដែនកំណត់បន្ថែមទៀតលើការនេសាទត្រីបាឡែននាពេលអនាគត៕ ប្រភពពី Reuters ប្រែសម្រួល៖ សារ៉ាត
