ភោជនីយដ្ឋានសរុបចំនួន ១០៣ បានប្រកាសប្តេជ្ញាចិត្តមិនលក់សាច់សត្វព្រៃ ក្នុងយុទ្ធនាការ អន្ទាក់សូន្យទាំងដំណាក់ទី១ និង ទី២កន្លងមក
ខេត្តបាត់ដំបង៖ គិតរហូតមកដល់ពេលនេះមានភោជនីយដ្ឋានចំនួនសរុប ១០៣បានប្តេជ្ញាចិត្តមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ ពោលគឺចាប់ពីការធ្វើយុទ្ធនាការអន្ទាក់សូន្យទាំងដំណាក់កាលទី១ និងដំណាក់កាលទី ២ ក្នុងរយៈពេល ២ឆ្នាំកន្លងមក ។
សម្រាប់ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅខេត្តបាត់ដំបងដែល ធ្វើឡើងនាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ នេះដែរ មានភោជនីយដ្ឋានយ៉ាងហោចណាស់ចំនួន ៧ ក៏បានប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃផងដែរ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការ “អន្ទាក់សូន្យ” នៅរសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា៖ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងខេត្តបាត់ដំបងគឺជាជំហ៊ានមួយទៀតក្នុងការទប់ស្កាត់ការដាក់អន្ទាក់ពីព្រោះថាខេត្តបាត់ដំបង ដែលជាខេត្តមួយមានសក្តានុពលយ៉ាងសំខាន់ទៅលើវិស័យទេសចរណ៍ ហើយក៏ជាខេត្តមួយមានតំបន់ការពារធម្មជាតិ ក្នុងនេះដូចជាដែនជម្រកសត្វព្រៃភ្នំសំកូស តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត តំបន់របៀងជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ជាដើម ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងយុទ្ធនាការអន្ទាក់សូន្យ បានទទួលការយល់ជ្រួតជ្រាបពីសំណាក់ប្រជាពលរដ្ឋកាន់តែច្រើន ហើយពលរដ្ឋក៏កាន់តែយល់ពីផលប៉ះពាល់កើតចេញពីអន្ទាក់យ៉ាងច្រើនដែរ ។
ឯកឧត្តម ផេង សិទ្ធី អភិលរងខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា៖ កាំភ្លើងកែច្នៃបង្កគ្រោះថ្នាក់ទាំងមនុស្សសត្វ ដែលជាការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមួយដែលយើងគប្បីបញ្ចប់ ពីព្រោះវាតែងបង្កគ្រោះថ្នាក់ដល់សត្វព្រៃដ៏មានតម្លៃនៅកម្ពុជាយើង។
ឯកឧត្តមានប្រសាសន៍ថា៖អាជ្ញាធរខេត្តបាត់ដំបងនឹងជំរុញបន្ថែមទៀតក្នុងការទប់ស្កាត់នូវការ ដាក់អន្អាក់សម្លាប់សត្វព្រៃ និងព្រមជាមួយគ្នាអាជ្ញាធរនឹងពង្រឹងយន្តការបំបាត់នូវការជួញដូរ ក៏ដូចជាសម្លាប់សត្វព្រៃ។
ឯកឧត្តម ងួន លីណា អភិបាលរងខេត្តប៉ៃលិនបានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យបានផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការសម្លាប់សត្វព្រៃ។ ខេត្តប៉ៃលិន នឹងសហការជាមួយមន្រ្តីពាក់ព័ន្ធក្នុងបទល្មើសដូចជាការទន្ទ្រានដី ការដាក់អន្ទាក់សម្លាប់សត្វព្រៃ ការជួញដូរសត្វព្រៃ។
ឯកឧត្តមបានមានប្រសាសន៍ផងថា៖ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ប៉ៃលិន ក្នុងដើមឆ្នាំ២០២៣ ត្រីមាសទី១ មន្រ្តី ឧទ្យានុរក្សបានធ្វើការបង្រ្កាបបទល្មើសសត្វព្រៃចំនួន ៩ករណី ដកហូតវត្ថុតាងខ្សែអន្ទាក់បានចំនួន ១៣ខ្សែ ខ្សែលួសដាក់សត្វចំនួន ២០៥០ម៉ែត្រ ។
គួរបញ្ជាក់ថា ខេត្គគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។ សម្រាប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នឹងត្រូវបិទបញ្ចប់ នៅខេត្តបាត់ដំបង និងប៉ៃលិននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ៕
អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត




