ជីវភាពប្រជាសហគមន៍ស្រុកសំឡូតមានភាពប្រសើរឡើងតាមរយៈរបរចិញ្ចឹមឃ្មុំដែលគាំទ្រដោយអឹមជីភី
បាត់ដំបង៖ ស្រុកសំឡូតដែលមានសហគមន៍ចំនួន១៤ និងមានប្រជាសហគមន៍ប្រមាណ៧០០គ្រួសារ បាន ចាប់យកនិងកំពុងទទួលផលគាប់ប្រសើរពីរបរចិញ្ចឹមឃ្មុំដែលជារបរបន្ថែមដោយទទួលបានការ បណ្តុះ បណ្តាលពីមូលនិធិម៉ាកដក្សចូលីភីត ឬ អឹមជីភី(Maddox Jolie-Pitt Foundation )។
អ្នកស្រី ជៃ រ៉ង ជាប្រជាសហគមន៍មួយរូបក្នុងស្រុកសំឡូតដែលស្ថិតក្រោមគម្រោងចិញ្ចឹមឃ្មុំរបស់ MJPបានឱ្យដឹងថាចាប់តាំងពីអ្នកស្រីផ្តើមរបរចិញ្ចឹមឃ្មុំជីវភាពរបស់អ្នកស្រីមានភាពប្រសើរឡើង ហើយវាបានក្លាយជាប្រភពចំណូលសំខាន់ដើម្បីផ្គត់ផ្គង់កូនចៅក្នុងការបន្តការសិក្សា។អ្នកស្រីបញ្ជាក់ថា៖«របរចិញ្ចឹមឃ្មុំនេះជួយខ្ញុំផ្គត់ផ្គង់កូនរៀនរហូតដល់ចប់សាកលវិទ្យាល័យ ផ្គត់ផ្គង់ ចៅរៀន ផង និងទិញរបស់ប្រើប្រាស់ចូលក្រុមគ្រួសារផង។ តាមពិតទៅ ការចិញ្ចឹមឃ្មុំនេះគឺជាមុខរបរបន្ថែមឬមុខរបរទី២ដោយកាលពីមុនខ្ញុំគ្រាន់តែជា កសិករដាំដំឡូង ដាំពោត និងសណ្តែក»។
ក្រោយពីទទួលបានការបណ្តុះបណ្តាលពីគម្រោង MJP ក្នុងឆ្នាំ២០១៩ អ្នកស្រី ជៃ រ៉ង បានឱ្យដឹងថា ខ្លួនបានយល់ពីរបៀបពិនិត្យមើលស្តេចឃ្មុំ យល់ដឹងពីការថែទាំ ការចិញ្ចឹម គួរយកវាទៅដាក់នៅ កន្លែងណា ពេលណាផ្កាណានិងរដូវណាជាដើមរួមទាំងយល់ដឹងពីសត្វដែលបំផ្លាញវា។ តាមគម្រោងរបស់ MJP បានផ្តល់ឱ្យក្នុងមួយគ្រួសារឃ្មុំមួយធុង ខណៈលោកស្រី រ៉ង បានចិញ្ចឹម និងបន្តពង្រីក បំបែកធុងរហូតដល់ បានឃ្មុំ ២៥ធុងនាពេលបច្ចុប្បន្ន។
ចំពោះទិន្នផល សម្រាប់រដូវណាដែលផ្កាហុចផលល្អ អ្នកស្រី ជៃ រ៉ង និយាយថា ត្រឹមកន្លះខែគឺអាចប្រមូលផលបានម្តង។ ដោយឡែកសម្រាប់ឃ្មុំចំនួន ១០ធុង អ្នកស្រីអាចប្រមូលបានទឹកឃ្មុំចំនួន ពីរ ប៊ីដុង ក្នុងមួយប៊ីដុងមានចំណុះ ២៥លីត្រ ហើយក្នុងមួយលីត្រមានតម្លៃចន្លោះពី ៦-៧ម៉ឺនរៀល។
ប្រជាសហគមន៍រូបនេះបានរៀបរាប់ឱ្យដឹងថា៖«សម្រាប់ការចិញ្ចឹមឃ្មុំក្នុង ២៥ធុង ហ្នឹង យើងមើលតែម្តងទេក្នុងមួយខែ។ មួយវិញទៀតបើប្រៀបធៀបទៅនឹង ការដាំដុះទាល់តែ ២-៣ ខែទើបអាចប្រមូលផលម្តង តែបើសម្រាប់ឃ្មុំត្រឹមកន្លះខែយើងអាចប្រមូលផលបានហើយ»។
ដោយឡែក លោក ម៉ិល សាម៉េត ប្រធានគ្រប់គ្រងកម្មវិធីកសិកម្មនិងការចិញ្ចឹមឃ្មុំនៃមូលនិធិម៉ាកដក្សចូលីភីត បានរៀបរាប់ស្រដៀងគ្នានេះថា ការចិញ្ចឹមសត្វឃ្មុំបានផ្តល់នូវអត្ថប្រយោជន៍ ដល់សហគមន៍ជាច្រើន ព្រោះថាក្រៅពីជួយបង្កាត់កេសរផ្លែឈើឱ្យជាប់ផ្លែច្រើនហើយ ទឹករបស់វាគេនៅអាចលក់ រកប្រាក់កម្រៃសម្រាប់ជួយលើកស្ទួយជីវភាពគ្រួសារទៀតផង។ លោកបានឱ្យដឹងថា៖ «ពីដើមមកក៏មិនមែនអ្នកចូលចិត្តចិញ្ចឹមឃ្មុំអីដែរ តែក៏ចាប់អារម្មណ៍នៅពេលឃើញ MJP គាត់ធ្វើ ណាមួយសហគមន៍យើងក៏មិនសូវជារកអីបានដែរ គ្រាន់បានជាទឹកឃ្មុំលក់ផ្គត់ផ្គង់ជីវភាព និយាយទៅនេះជាមុខរបរទី២»។
ប្រធានគ្រប់គ្រងកម្មវិធីចិញ្ចឹមឃ្មុំរូបនេះបាននិយាយថា ឃ្មុំក្រោមកម្មវិធីរបស់ខ្លួនជាឃ្មុំចិញ្ចឹម យកពូជបង្កាត់មកពីប្រទេសនៅអឺរ៉ុបហើយមកដល់ពេលនេះមានសមាជិកចូលរួមចិញ្ចឹមឃ្មុំ មានចំនួនប្រមាណ៣០នាក់ ហើយ ក្នុងនោះធុងឃ្មុំមានចំនួនជាង ១០០។
លោកថា «កាលពីមុនមកធុងដែលជាសម្បុកសត្វឃ្មុំរបស់យើងមានប្រមាណ១៨០ធុង តែនៅពេលបច្ចុប្បន្ននៅសល់ត្រឹម ៨០ធុងឬ១០០ធុង ដោយសារ រដូវក្តៅ ទើបកន្លងផុតទៅថ្មីៗមកនេះ»។
ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «ក្រសួងបរិស្ថានបានសហការជាមួយអង្គការយូណេស្កូ និងអង្គការផ្សេងៗ ហើយបាននិងកំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីនឹងរៀបចំផែនការជាតិសម្រាប់ការចិញ្ចឹមឃ្មុំប្រកប ដោយនិរន្ដរភាព និងសម្រាប់ការអភិរក្សឃ្មុំព្រៃនៅកម្ពុជា»។
ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា នៅកម្ពុជាយើងមានប្រភេទឃ្មុំច្រើនប្រភេទរស់នៅតាមតំបន់ការពារធម្មជាតិ និងបានផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាជន។ ដោយសារតែតម្រូវការទឹកឃ្មុំខ្ពស់ ដូច្នេះការប្រមូលផលពីក្នុងព្រៃតែមួយមុខគឺមិនរួចទេ ។អ៊ីចឹង!ការចិញ្ចឹមឃ្មុំក៏ជាផ្នែកមួយសំខាន់ ហើយវាជាផ្នែកមួយនៃការការពារ និងថែរក្សាពូជឃ្មុំផង និងការបង្កើនជីវភាពសម្រាប់ពួកគាត់ផង។
ឯកឧត្តមបន្តឱ្យដឹងទៀតថា «ការរៀបចំផែនការអភិរក្សឃ្មុំឱ្យមាននិរន្ដរភាពគឺ ១.ដើម្បីធានានូវការផ្គត់ផ្គង់ទឹកឃ្មុំប្រើប្រាស់ ទី២.គឺសត្វឃ្មុំនេះជាជីវៈចម្រុះ ហើយដែលយើងអាចយកទឹកវាមកប្រើប្រាស់បាន តែយើងត្រូវមើលថែ ឃ្មុំឱ្យលើសពីការផ្ដល់ទឹកឃ្មុំ តែវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សប្រព័ន្ធអេកូឡូស៊ី»។
ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា ការដែលយើងខំប្រឹងការពារ និងអភិរក្សធនធានព្រៃឈើនេះ គឺវាជាជម្រកដ៏សំខាន់ សម្រាប់សត្វឃ្មុំ ហើយវាក៏ជាជម្រក ជាទីកន្លែងសំខាន់ ជាចំណីរបស់សត្វឃ្មុំដើម្បីវាអាចបង្កើតជាទឹកឃ្មុំ បាន។ កន្លងទៅនេះ យើងពន្យល់ប្រជាពលរដ្ឋ បង្រៀនពួកគេឱ្យយកឃ្មុំនប្រកបដោយនិរន្តរភាព ដោយការយកទឹកឃ្មុំ តែមិនហូបសាច់ទេ។ ឃ្មុំព្រៃក៏ដូចគ្នា ដែលកន្លងមកពលរដ្ឋតែងយកផ្សែងទៅដុត ដែលធ្វើឱ្យឃ្មុំរត់ចោលសម្បុក។ អ៊ីចឹង! ការដែលយកឃ្មុំប្រកបដោយនិរន្តរភាព យើងត្រូវណែនាំ ពន្យល់ពលរដ្ឋ ទាំងអនាម័យ ទាំងវិធីសាស្ត្រនៃការថែរក្សានិរន្តរភាព៕

ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ