អាវុធហត្ថរាជធានី បង្ក្រាបក្រុម Hacker (Video Inside)
កម្លាំងកងរាជអាវុធហត្ថរាជធានី បានបង្ក្រាបក្រុម Hacker ចំនួន៥នាក់ ក្នុងនោះរួមមានស្ត្រីម្នាក់ ពាក់ព័ន្ធនឹងករណី Hack ចូល Telegram ជាច្រើនបង្កការបោកប្រាស់។
ការបង្ក្រាបនេះក្រោយការទទួលបានបណ្តឹងជាបន្តបន្ទាប់ ដូចជាកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣, កម្លាំងសមត្ថកិច្ចបានទទួលបណ្តឹងមួយស្តីពីករណី Hack ចូលតេឡេក្រាម ដែលតេឡេក្រាមនោះ បានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជន ដែលជំពាក់ខ្លួនផងដែរ។
កម្លាំងសមត្ថកិច្ច បានទទួលបណ្តឹងពីមនុស្សម្នាក់ទៀត ក្រោយការចាញ់បោកឆាតតាមតេឡេក្រាម ដែលខ្ចីប្រាក់៦ម៉ឺនដុល្លារ ប៉ុន្តែទើបបានវេរទៅឱ្យចំនួនមួយម៉ឺនដុល្លារ។ ក្រោយមានការសង្ស័យ, បុរសដែលប្រគល់លុយនោះ បានទៅជួបអតិថិជនដែលវេរលុយនោះ ទើបដឹងថាជាករណីចាញ់បោកក្រុម Hacker។
តាមរយៈវិធានការជំនាញ, រហូតដល់ថ្ងៃទី១៧,១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ ក្នុងនោះរួមមានចិនបួននាក់ និងខ្មែរម្នាក់ដែលមានការពាក់ព័ន្ធជាបណ្តាញជាមួយ ក្រុម Hacker នៅឯបរទេស ក្នុងការធ្វើសកម្មភាព Hack ចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។
ជនសង្ស័យទាំង ០៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ចេញអត្តសញ្ញាណរួមមានទីមួយ បុរសជាតិចិនឈ្មោះ យូ យូឡុង ដែលជាមេខ្លោងទំនាក់ទំនងជាមួយក្រុម Hackers ពីក្រៅប្រទេស, ទី២ភរិយាជាតិខ្មែររបស់មេខ្លោងនោះ ឈ្មោះ មាស ស្រីចិន ដែលទទួលខុសត្រូវបកប្រែឆាតពីខ្មែរទៅចិន និងពីចិនទៅខ្មែរ ទាំងអក្សរ និងសម្លេងឲ្យក្រុម Hackers, ទី៣ឈ្មោះ ហួង ហ្សេងលាង ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ និងការរកបណ្តាញបន្ថែម និងធ្វើទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hackers, ទី៤.ឈ្មោះ ហ្សាង ហ្សាវឃុន ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ, និងទី៥.ឈ្មោះ លី ឈាឈីន ដែលទទួលខុសត្រូវតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។
ក្រុមសង្ស័យពាក់ព័ន្ធនឹង Hackers ទាំង៥ បានសារភាពប្រាប់សមត្ថកិច្ចនូវកិច្ចការរបស់ខ្លួន ដោយបញ្ជាក់ថាក្រុម Hackers អាច Hack ចូលតេឡេក្រាមបានតាមរយៈផ្ញើសារ ឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលនោះចូលមើល និងតាមរយៈនោះក្រុម Hackers នឹងចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទ ឬឈានដល់គ្រប់គ្រងអាខោនធនាគារបានទៀត។ ម៉្យាងទៀតប្រសិនបើមានការសុំថតស្កែនលេខតេលេក្រាម៥ខ្ទង់ផ្ញើទៅឲ្យពួក Hackers នោះ ក៏ពួកHackers អាចចូលគ្រប់គ្រង Telegram បានដូចគ្នា។
មេបញ្ជាការកងរាជអាវុធហត្ថរាជធានី លោកឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង បានអំពាវនាវប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ចំពោះឧបាយកលបោកប្រាស់របស់ក្រុមទុច្ចរិតទាំងនេះ។