ជប៉ុន ប្តេជ្ញាផ្សព្វផ្សាយពីសក្តានុពលកម្ពុជាទៅកាន់អ្នកវិនិយោគិនជប៉ុនដែលមានសក្តានុពល

ភ្នំពេញ៖ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពប្រទេសជប៉ុនប្រចាំកម្ពុជាបានប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅដល់អ្នកវិនិយោគដែលមានសក្ដានុពលនៅប្រទេសជប៉ុន ខណៈលោកបានកត់សម្គាល់ថា កម្ពុជាមានកក្តាអំណោយផលជាច្រើន ជាពិសេសកត្តាភូមិសាស្ត្រ និងកម្លាំងពលកម្ម។

ការបង្ហាញជំហរនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលភារកិច្ចជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច និងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣។ ជំនួបនេះ ដើម្បីសម្ដែងការគួរសម សំណេះសំណាល និងស្វែងយល់អំពីគោលនយោបាយ ពាណិជ្ចកម្ម និងការវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជា និងដើម្បីជម្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការវិនិយោគបរទេស ជាពិសេសអំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបនោះ។

ក្នុងឱកាសនោះឯកឧត្តម ព្រាប កុល បានជម្រាបជូនពីគោលរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាសង្គ្រាម និងជម្លោះនៅបណ្តាប្រទេសមួយចំនួនដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ គោលនយោបាយ​ពាណិជ្ជកម្ម តួនាទីរបស់កម្ពុជានៅក្នុងតំបន់។ លោកបន្តថា ក៏ដូចជាគោលជំហរកម្ពុជាទៅលើគោលនយោបាយ និងឥរិយាបទរបស់ជប៉ុនទៅលើបញ្ហាជម្លោះ នៅប្រទេសផ្សេងៗរួមទាំងប្រទេសមីយ៉ានម៉ា នយោបាយសន្តិភាព និងទស្សនទានឥណ្ឌូប៉ាស៊ីហ្វិករបស់ជប៉ុន។ល។

ក្នុងជំនួបនោះដែរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងអំណគុណដល់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន  ដែលតែងតែគាំទ្រគោលនយោបាយការបរទេសរបស់ជប៉ុន ជាពិសេសចំពោះការបង្កើត និងថែរក្សាទំនាក់ទំនងដ៏ល្អជាមួយប្រទេសជប៉ុន។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា៖«ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ពេញចិត្តចែករំលែកព័ត៌មានដល់ ឯកឧត្តម ព្រាប កុល អំពីគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់ជប៉ុន និងព័ត៌មានអំពីស្ថាប័នពាក់ព័ន្ធដែលអាចបង្ហាញពីគម្រោងផែនការវិនិយោគជប៉ុននិងអ្នកវិនិយោគជប៉ុនដែលស្វែងរកការឱកាសធ្វើការវិនិយោគនៅកម្ពុជា»។

បន្ថែមពីនេះ​​ឯកឧត្តមបានកត់សម្គាល់ថាកម្ពុជាមានកក្តាទាក់ទាញ និងអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគជប៉ុន ជាពិសេសកត្តាភូមិសាស្ត្រ កត្តាកម្លាំងពលកម្ម (យុវជនពេញកម្លាំង) និងស្ថិរភាពនយោបាយ ។ ក្រៅពីនេះឯកឧត្តមបានកោតសរសើរដល់ឆន្ទៈ និងគោលនយោបាយរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ ដើម្បីបង្កើនភាពងាយស្រួល ភាពទាក់ទាញ និងការជឿទុកចិត្តកាន់តែខ្លាំងថែនទៀតពីសំណាក់អ្នកវិនិយោគបរទេស ជាពិសេសដល់ពាណិជ្ជករ និងអ្នកវិនិយោគជប៉ុន។

សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា៖«ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរីករាយធ្វើការជាមួយឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅដល់អ្នកវិនិយោគដែលមានសក្ដា
នុពលនៅប្រទេសជប៉ុន»៕

ដោយ៖ សុខ រក្សា

ads banner