សម្តេចតេជោ ហ៊ុន សែន៖ បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណាមកធ្វើការវិនិយោគនោះទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កត្តាសុខសន្តិភាព គឺជាការចាប់ផ្តើមដំបូង នៃការអភិវឌ្ឍ និងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ-កម្មការិនីផងដែរ។ សម្តេចតេជោ បញ្ជាក់ថា បើគ្មានសុខសន្តិភាពទេ កុំនិយាយ ឬគិតអ្វីទាំងអស់ គិតត្រឹមតែធ្វើយ៉ាងម៉េចរត់ចូលត្រង់សេឱ្យបានតែប៉ុណ្ណោះឯង ។ សម្តេច បានរំលឹកជាថ្មីទៀតថា បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណាមកធ្វើ ការវិនិយោគជាមួយកម្ពុជានោះទេ ដូច្នេះហើយបងប្អូនជនរួមជាតិទាំងអស់ត្រូវថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះ បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ និងកុំឱ្យក្លាយជាកន្លែងឆ្លងរីករាលដាលជំងឺអេដស៍។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជំរុញ និងលើកទឹកចិត្ត ឱ្យមានការដោះស្រាយបញ្ហានានានៅរោងចក្រសហគ្រាសនៅនឹងមូលដ្ឋានតែម្តង ដោយមិនត្រូវរង់ចាំតែថ្នាក់ជាតិមកជួយដោះស្រាយឡើយ និងត្រូវធ្វើការដោះស្រាយឱ្យបានលឿនរហ័ស។
សម្តេច ក៏បានលើកជាចំណោទចំពោះ បញ្ហាកូដកម្មរបស់ក្រុមមួយក្តាប់តូច នៃបុគ្គលិក កម្មករ ក្រុមហ៊ុនណាហ្គាវើល ដែលអត់ការងារធ្វើរយៈពេលជាង២ឆ្នាំហើយ តែនៅមានលុយដើម្បីមកធ្វើកូដកម្មប្រឆាំងនឹងថៅកែថែមទៀត។ សម្តេចបញ្ជាក់ថា៖ ខ្ញុំមិនខ្វល់រឿងការធ្វើកូដកម្មណាហ្គាវើលនេះទេ ព្រោះខ្ញុំដឹងថា មានអ្វីនៅពីក្រោយរឿងកូដកម្មនេះ ។
សម្តេច ថា សម្តេចមិនខ្លាចចំពោះការបាត់បង់មនុស្សប៉ុន្មាននាក់ ដើម្បីការពារបងប្អូន ប្រជាពលរដ្ឋជាង ១៧លាន នាក់នោះទេ ខណៈដែលក្រុមចង្រៃទាំងនោះនៅតែ ចិញ្ចឹមចិត្តចង់បំផ្លិតបំផ្លាញសុខសន្តិភាពនៅកម្ពុជា ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




