ក្រសួងពាណិជ្ជកម្ម គ្រោងនឹងចុះអនុស្សរណៈជាមួយក្រុមហ៊ុន ស៊ី.ភី ដើម្បីជំរុញការផលិតចំណីសត្វ និងពិនិត្យគុណភាពសាច់ជ្រូក
ភ្នំពេញ៖
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ដើម្បីបង្កើតកន្លែងប្រមូលផ្តុំទិញធាតុចូលកសិកម្មសម្រាប់ផលិតចំណីសត្វ និងបង្កើតកិច្ចសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ក្នុងការពិនិត្យគុណភាពសាច់ជ្រូកបង្កក។
នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកន្លែងប្រមូលផ្តុំទិញធាតុចូលកសិកម្មសម្រាប់ផលិតចំណីសត្វ និងការពិនិត្យគុណភាពសាច់ជ្រូក។ អនុស្សរណៈនេះក៏នឹងបង្កើនវិសាលភាពនៃការប្រមូលទិញធាតុចូលកសិកម្មដូចជាពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ ព្រមទាំងពង្រឹងសុវត្ថិភាពចំណីអាហារផ្គត់ផ្គង់នៅលើទីផ្សារ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
ក្នុងកិច្ចប្រជុំពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា កាលពីថ្ងៃទី២២ខែមិថុនានេះ ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស បានឱ្យដឹងថា យោងតាមរបាយការណ៍ពីមន្ទីរពាណិជ្ជកម្មនៅតាមខេត្តបណ្តោយភូមិភាគពាយ័ព្យរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនស៊ី.ភី.មានការប្រមូលទិញវត្ថុធាតុដើមដូចជា ពោត និងដំឡូងមី ពីប្រជាកសិករនៅតាមខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖«មានការប្រមូលទិញវត្ថុធាតុដើមដូចជា ពោត និងដំឡូងមីពីប្រជាកសិករនៅទាំងពីរនេះ មានចំនួនប្រមាណ ២០០.០០០តោនក្នុង១ឆ្នាំ ដើម្បីកែច្នៃធ្វើជាចំណីសត្វ និងផលិតចំណីសត្វបានប្រមាណ២៧លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស»។
ជាមួយគ្នានេះ លោក ស៊ីន ស៊ីដេត អគ្គនាយករង ក.ប.ប បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុងសហការជាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការតាមដានពីការលក់សាច់ជ្រូកបង្កកហួសសុពលភាពនៅលើទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នកបរិភោគ។
លោកក៏បានបញ្ជាក់បន្ថែមថា ៖«អគ្គនាយកដ្ឋាន ក.ប.ប. នឹងរៀបចំកិច្ចប្រជុំពិសេសដោយឡែកជាមួយក្រុមហ៊ុនស៊ី.ភី. ដើម្បីពិភាក្សាលម្អិតអំពីលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប.»។
ទន្ទឹមនឹងនេះ លោក អួង សុខន អគ្គនាយករងជំរុញពាណិជ្ជកម្ម បានលើកឡើងថា ក្រុមហ៊ុន ស៊ី.ភី គួរមានការចុះ អនុស្សរណៈជាមួយក្រុមហ៊ុនហ្រ្គីន ត្រេដ សម្រាប់ការប្រមូលទិញផលិតផលស្រូវ និងជាមួយអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសសម្រាប់ការប្រមូលទិញពោតក្រហម និងដំឡូងមី ព្រមទាំងជាមួយអគ្គនាយកដ្ឋានក.ប.បសម្រាប់ការត្រួតពិនិត្យសាច់ជ្រូកបង្កកលក់នៅលើទីផ្សារ។
បើតាមតំណាង ក្រុមហ៊ុនស៊ី.ភី. ( CP Group ) ក្រុមហ៊ុននេះ មានសាខាចំនួន២២ប្រទេស និងមានអាជីវកម្មសំខាន់ៗដូចជាផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមជ្រូកនិងមាន់ ម្ហូបអាហារ ។ល។ ក្នុងមួយឆ្នាំ ក្រុមហ៊ុនបានផលិតចំណីសត្វចំនួន៨០ម៉ឺនតោន (ពោត ដំឡូងមី សណ្តែកសៀង កន្ទក់ និងចុងអង្ករ) ក្នុងនោះពោត ២១តោនក្នុង១ឆ្នាំ និងដំឡូងមី ១១ តោនក្នុង១ឆ្នាំ៕
ដោយ:វណ្ណ សុជាតា


