ប្រធានក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោក ប្រ៊ីហ្គោហ្ស៊ីន ព្រមព្រៀងបញ្ឈប់ការដង្ហែរក្បួនយោធាទៅក្រុងមូស្គូ ក្រោយមានការភ័យខ្លាចថាពីលទ្ធភាពសង្រ្គាមស៊ីវិលរុស្ស៊ី
មូស្គូ៖ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី វ៉ាក់ណែ (Wagner) លោក យឺវជឺនី ប្រ៊ីហ្គោហ្ស៊ីន នៅល្ងាចថ្ងៃសៅរ៍ បានបញ្ជាឱ្យទាហានស៊ីឈ្នួលរបស់លោកបញ្ឈប់ការដង្ហែក្បួនឆ្ពោះទៅកាន់ទីក្រុងមូស្គូ ក្រោយមានការព្រមព្រៀងបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏ធំជាមួយកងទ័ពជាតិរបស់រដ្ឋអំណាច ដែលបង្កឱ្យមានការភ័យខ្លាចថាសង្រ្គាមស៊ីវិលក្នុងស្រុករុស្ស៊ីអាចផ្ទុះឡើងដែលជាបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
លោក ប្រ៊ីហ្គោហ្ស៊ីន និយាយថា កងកម្លាំងវ៉ាក់ណែរបស់លោក បានធ្វើដំណើរនៅតែជាង ២០០ គីឡូម៉ែត្រទៀតប៉ុណ្នោះ នឹងទៅដល់ទីក្រុងមូស្គូហើយ ប៉ុន្តែតែបញ្ឈប់ក្បួនរបស់ខ្លួន ដើម្បីបញ្ចៀសការបង្ហូរឈាម។
លោកបានថ្លែងក្នុងសារជាសំឡេង ដោយភ្ជាប់ជាមួយនូវអ្វីដែលលោកបានចោទប្រកាន់ក្រសួងការពារជាតិរុស្ស៊ី និងថ្នាក់ដឹកនាំរបស់ក្រសួងថា ៖ «ពួកគេចង់រំលាយក្រុមហ៊ុនយោធាវ៉ាក់ណែ។ [ប៉ុន្តែ]ពួកយើងបានចាប់ផ្តើមដើរដង្ហែរក្បួនរកយុត្តិធ៌មនៅថ្ងៃទី ២៣ ខែមិថុនា។ ឥឡូវនេះ វាដល់ពេលដែលអាចមានការបង្ហូរឈាម»។ លោកបន្តថា៖ «ដោយដឹងពីទំនួលខុសត្រូវថា នឹងមានការបង្ហូរឈាមជនជាតិរុស្ស៊ីនោះ យើងនឹងបង្វែរជួរទ័ពរបស់យើង ហើយត្រឡប់វិលចូលជំរុំវិញ តាមការគ្រោងទុក»។
បើតាមការការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៊ី ការព្រមព្រៀងគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងភ្លាមៗនេះ ធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីមេដឹកនាំបេឡារូស លោក អេឡិចហ្សេនឌឺរ លូខាហ្សិនកូ (Alexander Lukashenko) ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់របស់លោក ពូទីន បានជួបនិយាយពិភាក្សាជាមួយនឹងលោក ប្រ៊ីហ្គោហ្ស៊ីន។
ការិយាល័យរបស់លោក លូខាហ្សិនកូ បាននិយាយថា លោក ប្រ៊ីហ្គោហ្សិន បានទទួលយកការផ្តល់ជូនរបស់លោកលូខាហ្សិនកូ ដើម្បីបញ្ឈប់ការដង្ហែក្បួនរបស់ក្រុមវ៉ាក់ណែ និងជំហានផ្សេងៗទៀតដើម្បីកាត់បន្ថយភាពតានតឹង ជាថ្នូរនឹងការទាមទារមួយចំនួន ដែលក្នុងនោះរួមមាន ការធានាសន្និសុខសម្រាប់កងកម្លាំងវ៉ាក់ណែ ការនិរទេសខ្លួនទៅរស់នៅបេឡារូសរបស់លោក ប្រ៊ីហ្គោហ្ស៊ីន ហើយនិងការទម្លាក់ចោលរាល់បទចោទប្រកាន់ និងការដាក់ទោសទណ្ឌទាំងប៉ុន្មានលើរូបលោក និងទាហានរបស់លោក។
ពាក់ព័ន្ធជាមួយនឹងថ្នូរដើម្បីសម្រេចបានកិច្ចព្រមព្រៀងដ៏ក្ដៅគគុកនេះផងដែរ លោក ប្រ៊ីហ្គោហ្ស៊ីន មិនបាននិយាយថាតើវិមានក្រឹមឡាំង បានឆ្លើយតបនឹងការចង់បានរបស់លោក ដែលទាមទារឱ្យមានការដកដំណែករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu ចេញឬអត់នោះទេ។
គួរបញ្ជាក់ថា ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ គឺជាក្រុមកងទ័ពរបស់ក្រុមហ៊ុនឯកជនរបស់លោក ប្រ៊ីហ្គោហ្ស៊ីន ដែលបានប្រយុទ្ធអមជាមួយកងទ័ពជាតិរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ យ៉ាងណាមិញ ភាពតានតឹងរវាងភាគីទាំង២បានកើនឡើង ដោយលោក ប្រ៊ីហ្គោហ្ស៊ីន បានចាប់ផ្ដើមរិះគន់យ៉ាងខ្លាំងចំពោះការដឹកនាំយោធារបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
មិនត្រឹមតែប៉ុណ្ណេះ មុនភាពចលាចលនយោបាយចុងក្រោយកើតឡើង លោក ប្រ៊ីហ្គោហ្ស៊ីន បានចោទប្រកាន់ថា លោក Shoigu កាលពីថ្ងៃសុក្រថា បានបញ្ជាឱ្យកងទ័ពជាតិរុស្ស៊ី ធ្វើការវាយប្រហារដោយរ៉ុក្កែតលើកងទ័ពវ៉ាក់ណែរបស់ខ្លួនក្នុងជំរុំនៅអ៊ុយក្រែន ដែលសម្លាប់ទាហានស៊ីឈ្នួលអស់ប្រហែល ២ ០០០ នាក់ទៀតផង។
ខណៈលោក ប្រ៊ីហ្គោហ្ស៊ីន មិនបានផ្ដល់ភស្តុតាងឱ្យច្បាស់លាស់លើចំនួនអ្នកស្លាប់ ក្រសួងការពារជាតិរុ ស្ស៊ី បានច្រានចោលការចោទប្រកាន់នេះទាំងមូល ដោយលើកឡើងថា អ្វីដែលលោកនិយាយគឺជារឿងមិនពិត និងជាការ «ញុះញង់ព័ត៌មាន»។
បន្ទាប់មកនៅព្រឹកថ្ងៃសៅរ៍ ទាហានស៊ីឈ្នួលវ៉ាក់ណែ បានឆ្លងកាត់ព្រំដែនពីជំរុំរបស់ខ្លួននៅអ៊ុយក្រែន ចូលទៅក្នុងទីក្រុងរុស្ស៊ីភាគខាងត្បូង Rostov-on-Don។ ក្នុងការវិវត្តន៍នៃស្ថានការណ៍តានតឹងដ៏រហ័ស គេបានរាយការណ៍ថា ក្រុមទាហាននេះបានចូលកាន់កាប់បញ្ជាការយោធាក្នុងតំបន់ បន្ទាប់មកបានរឹបអូសយកទីតាំងយោធាក្នុងក្រុងមួយទៀត គឺក្រុង Voronezh (ចម្ងាយប្រមាណជាង ៥៦០ គីឡូម៉ែត្រពីក្រុងRostov-on-Don ) នៅពេលធ្វើការដង្ហែក្បួនឆ្ពោះទៅក្រុងមូស្គូ។
ដើម្បីជាការឆ្លើយតបទៅនឹងក្បួនយោធារបស់កងទាហានវ៉ាក់ណែ វិមានក្រឹមឡាំងបានបញ្ជាឱ្យមានការពង្រឹងសន្តិសុខឱ្យកាន់តែតឹងរ៉ឹងនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងមូស្គូ។ ជាមួយគ្នានោះ ក៏មានការរាយការណ៍ផងដែរថា ទាហានរបស់មេដឹកនាំសាធារណរដ្ឋរុស្ស៊ី Chechen រាប់ពាន់នាក់ ក៏បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងទាហានវ៉ាក់ណែ ប្រសិនបើចាំបាច់។
ក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ មុនកិច្ចព្រមព្រៀងរបស់លោក លូខាហ្សិនកូ និងលោក ប្រ៊ីហ្គោហ្ស៊ីន សម្រេចឡើង លោក ពូទីន បានហៅការបះបោររបស់ក្រុមវ៉ាក់ណែ ថាជាការក្បត់ជាតិ ដោយថ្លែងបន្តថា៖ «គ្រប់គ្នាដែលរៀបចំការបះបោរនេះ នឹងទទួលរងនូវការដាក់ទណ្ឌកម្មដែលជៀសមិនរួច»។ ការចោទប្រកាន់ពីបទក្បត់ជាតិ ត្រូវបានលោក ប្រ៊ីហ្គោហ្ស៊ីនច្រានចោល។
រគូសបញ្ជាក់ថា ទោះបីលទ្ធភាពនៃសង្រ្គាមស៊ីវិលក្នុងស្រុករុស្ស៊ីត្រូវបានបញ្ចប់ក្រោយកិច្ចព្រមព្រៀងទៅហើយក្ដី អ្នកវិភាគបានគូសបញ្ជាក់ថា ការបះបោររបស់ក្រុមវ៉ាក់ណែ និងភាពចលាចលភ្លាមៗចុងក្រោយនេះ បង្ហាញពីភាពងាយរងគ្រោះរបស់លោក ពូទីន និងជាភាពអាម៉ាស់ផ្នែកនយោបាយមួយសម្រាប់លោក ខណៈការឈ្លានពានអ៊ុយក្រែននៅតែបន្តអូសបន្លាយរយៈពេលយូរ៕
ប្រែសម្រួល៖ហួន ឌីណា