កសិករដាំបន្លែនៅប្រទេសម៉ាឡេស៊ីកំពុងប្រឈមនឹងការប្រមូលផលធ្លាក់ចុះដោយសារតែបាតុភូតអាកាសធាតុ និងអ័ព្ទ
គូឡាឡាំពួរ៖
រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុរបស់ម៉ាឡេស៊ី លោក Nik Nazmi Nik Ahmad បានប្រាប់ CNA ឱ្យដឹងថា បាតុភូតបម្រែបម្រួលអាកាសធាតុអាចនាំឱ្យមានការកើនឡើងនៃតម្លៃអាហារ។
លោក Naviin Thiagaran និងឪពុករបស់គាត់បានធ្វើការដាំដុះសណ្តែកកួរ ពោតបារាំង និងត្រសក់អស់រយៈពេលជិត ៥ ឆ្នាំនៅលើដីមួយកន្លែងក្នុងទីក្រុង Kota Tinggi រដ្ឋ Johor ។ អ្នក ទាំង ពីរ មើលថែដំណាំ ក្រោមអាកាសធាតុក្ដៅជាធម្មតាដូចដែលគេធ្លាប់ធ្វើតាំងពីព្រឹករហូតដល់ថ្ងៃត្រង់។
ទោះជាយ៉ាងណាក៏ដោយ អាកាសធាតុនេះធម្មតាត្រឹមខែមុនប៉ុណ្ណោះ ប៉ុន្តែខណៈនេះមានរលកកំដៅដែលបានជះឥទ្ធិពលទៅលើផ្នែកជាច្រើននៃប្រទេសដែលធ្វើឱ្យលោកThiagaran អាចដឹងពីគ្រោះថ្នាក់ដែលអាចកើតមានឡើងនៅពេលធ្វើការក្នុងលក្ខខណ្ឌបែបនេះ។
នៅព្រឹកមួយ អំឡុងពេលដែលគាត់មើលថែដំណាំ បុរសវ័យ ២៩ឆ្នាំនេះចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលខ្លួន និងប្រញាប់ប្រញាលទៅមន្ទីរពេទ្យដើម្បីព្យាបាល។ លោក Thiagaran បញ្ជាក់ថា ៖«កម្ដៅក្នុងអំឡុងពេលនោះគឺមិនអាចទ្រាំទ្របានទេវាមិនដូចអ្វីដូចដែលយើងធ្លាប់ បានជួបពីមុននោះទេ»។
កសិកររូបនេះបន្ថែមថា ៖ «ខ្ញុំចាប់ផ្ដើមមានរោគសញ្ញាគ្រប់ប្រភេទនៅពេលតែមួយ ដូចជាក្តៅខ្លួន ឈឺសាច់ដុំ ក្អួតចង្អោរ ហើយខ្ញុំមានអារម្មណ៍ដូចជាឈឺក្រពះ ដែលខ្ញុំស្ទើរតែមិនអាចដើរបាន គឺដួលលើដីតែម្ដង»។
គាត់ត្រូវបានគេព្យាបាល ក្នុងស្ថានភាពរងផលប៉ះពាល់ដោយសារកម្ដៅនៅមន្ទីរពេទ្យ ក្បែរនោះហើយបានចេញពីមន្ទីរពេទ្យបន្ទាប់ពីតាមដាន រយៈពេល បី ម៉ោង។ ទោះបីជាគាត់មិនបានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ ក៏លោក Thiagaran និងឪពុកធ្វើការដោយមានការប្រុងប្រយ័ត្នជាងមុន។
«ពិតមែនហើយ ដំណាំរបស់យើងទទួលផលបានតិចជាងមុនដោយសារតែយើងត្រូវបន្ថយម៉ោងមើលថែដំណាំព្រោះតែអាកាសធាតុក្រៅ ដែលយើងត្រូវសម្រាកឱ្យបានច្រើនជាងមុន និងកំណត់ម៉ោងផឹកទឹករៀងរាល់ ១០នាទីម្ដង»។ នេះជាអ្វីដែលកសិករ Thiagaran បានលើកឡើង។
កសិកររូបនេះជាជនរងគ្រោះម្នាក់ក្នុងចំណោមកសិករដទៃទៀតនៅក្នុងប្រទេស ម៉ាឡេស៊ីដែលបានទទួលរងផលប៉ះពាល់ដោយសារតែបញ្ហាអាកាសធាតុនាប៉ុន្មានខែចុងក្រោយនេះ។
បាតុភូតអាកាសធាតុដែលគេហៅថា El Nino នេះជាលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតត្រូវបានគេរំពឹងទុកថានឹងបន្តកើតមានពាសពេញតំបន់ជាច្រើននៃប្រទេសរហូតដល់ខែវិច្ឆិកា។ បញ្ហានេះអាចនឹងកាន់តែអាក្រក់ទៅៗដោយសារមានវត្តមានអ័ព្ទ ដែលត្រូវបានគេព្យាករណ៍ថានឹងអាចកើតឡើង។
ជាមួយនឹងបញ្ហាអាកាសធាតុនេះ អ្នកជំនាញបានប្រាប់ CNA ដែរថា គេជឿជាក់ថាលក្ខខណ្ឌនេះនឹងអាចធ្វើឱ្យទិន្នផលកសិកម្មថយចុះមួយរយៈពេលខ្លី ដែលអាចធ្វើឱ្យតម្លៃកសិផលឡើងថ្លៃផងដែរ។
រដ្ឋមន្ត្រីបរិស្ថានថា បាតុភូត El NINO និងការចុះអ័ព្ទ អាចបង្ករឱ្យមានផលប៉ះពាល់ដល់ទិន្នផលដំណាំរបស់កសិករ
ថ្លែងក្នុងសភាកាលពីថ្ងៃទី៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុរបស់ប្រទេសម៉ាឡេស៊ី លោក Nik Nazmi Nik Ahmad បានមានប្រសាសន៍ថា ប្រទេសនេះត្រូវបានគេព្យាការណ៍ថានឹងជួបប្រទះនឹងបាតុភូត El Nino កម្រិតខ្សោយចាប់ពីខែមិថុនាតទៅ និងឈានដល់កម្រិតមធ្យមក្នុងខែវិច្ឆិកា។
បាតុភូត El Nino ជាបាតុភូទអាកាសធាតុដែលរងឥទ្ធិពលមកពីមហាសមុទ្រប៉ាស៊ីហ្វិក អាចនាំឱ្យមានអាកាសធាតុក្តៅ និងស្ងួតនៅក្នុងប្រទេសដូចជាម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។
ដុកទ័រ Azizan Abu Samah នៃសាកលវិទ្យាល័យ Universiti Malaya បានប្រាប់ CNA ដែរថា បាតុភូត El Nino នៅលើកំពូលនៃអ័ព្ទ ទំនងជាបណ្តាលឱ្យ “អាកាសធាតុក្តៅ និងស្ងួតយូរ” រហូតដល់ខែតុលា។
«Met Malaysia បានបញ្ជាក់ថា មានឱកាសខ្ពស់ដែលយើងកំពុងឈានចូលដំណាក់កាល El Nino ក្នុងខែនេះ។ ពេល វា កើត ឡើង វា នឹង មាន ភ្លៀង ធ្លាក់ តិច និង មាន កម្ដៅ ខ្លាំង ពេក ដែល ធ្វើ ឱ្យ ដំណាំ ជា ច្រើន រួញ »។ នេះជាអ្វីដែលលោកដុកទ័រ Azizan បានលើកឡើង។
ប្រែសម្រួល: នី ស្រីពៅ
ប្រភព៖ CNA