អូស្ត្រាលីដាក់ទណ្ឌកម្មលើបុរស៣នាក់ដែលមានជាប់ទាក់ទងនឹងការបាញ់ទម្លាក់យន្តហោះ MH17
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ៉ុង បានឱ្យដឹងកាលពីថ្ងៃសៅរ៍ទី ២៤ ខែមិថុនា ថា អូស្រ្តាលីបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងបិទការធ្វើដំណើរចូលក្នុងប្រទេសរបស់ខ្លួន លើបុរស៣នាក់ដែលមានជាប់ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 នៅលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។
លោកស្រី វ៉ុង បាននិយាយថា បុរស២នាក់ ដែលរងទណ្ឌកម្មថ្មីនោះ រួមមាន លោក Sergey Dubinskiy និងលោក Leonid Kharchenko ដែលអ្នកទាំង២ស្ថិតនៅក្នុងចំណោមបុគ្គលផ្សេងទៀត ដែលតុលាការហូឡង់កាត់ទោសកាលពីឆ្នាំមុន ចំពោះតួនាទីរបស់ខ្លួនក្នុងការបាញ់ទម្លាក់យន្តហោះ។
ចំណែកឯបុរសម្នាក់ទៀត គឺលោក Sergey Muchkaev ដែលជាវរសេនីយ៍ឯកនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដោយបុគ្គលរូបនេះជាអ្នកបញ្ជាកងពលតូច ដែលផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល ប្រើក្នុងការទម្លាក់យន្តហោះ។
គួររំឮកថា យន្តហោះ MH17 ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធមីស៊ីល BUK របស់រុស្ស៊ី នៅពេលកំពុងហោះហើរលើភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងជើងហោះហើរពីទីក្រុងអាំស្ទែរដាម ទៅកាន់ទីក្រុងកូឡាឡាំពួរ កាលពីខែកក្កដា ឆ្នាំ ២០១៤ ដោយបានសម្លាប់អ្នកដំណើរ និងនាវិកទាំង ២៩៨ នាក់នៅលើយន្តហោះ ដែលក្នុងនោះមានពលរដ្ឋហូឡង់ ១៩៦ នាក់ និងពលរដ្ឋអូស្រ្តាលី ៣៨ នាក់ ផងដែរ។
កាលពីខែវិច្ឆិកាឆ្នាំមុន តុលាការហូឡង់បានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតដោយកំបាំងមុខ លើលោក Dubinskiy និងលោក Igor Girkin ដែលជាអតីតភ្នាក់ងារចារកម្មរុស្ស៊ីដូចគ្នា និងលោក Kharchenko ដែលជាមេដឹកនាំនៃក្រុមពួកផ្តាច់ខ្លួនអ៊ុយក្រែន។
ចំពោះលោក Girkin លោកស្រី វ៉ុង បានឱ្យដឹងកាលពីសៅរ៍ដដែលថា អូស្ត្រាលីបានដាក់ទណ្ឌកម្មរួចហើយ។ លោកស្រីបាននិយាយបន្តក្នុងសេចក្ដីថ្លែងការណ៍ថា ៖ «ការដាក់ទណ្ឌកម្មទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងដាក់ទោសអ្នកដែលទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះ MH17»។
លោកស្រីបានបន្តទៀតថា៖ «អូស្ត្រាលីមានជំហរម៉ឺងម៉ាត់ ក្នុងការប្ដេជ្ញាចិត្តស្វែងរកការពិត យុត្តិធម៌ និងការទទួលខុសត្រូវ សម្រាប់ជនរងគ្រោះនៃការធ្លាក់យន្តហោះ MH17»៕ ហួន ឌីណា
