មនុស្សស្លាប់ប្រចាំឆ្នាំនៅជប៉ុនកើនខ្លាំងពីពុំធ្លាប់មាន អំឡុងជាង១០០ឆ្នាំ
តូក្យូ៖ ចំនួនមនុស្សស្លាប់សរុបប្រចាំឆ្នាំរបស់ប្រទេសជប៉ុន កើនឡើងច្រើនបំផុត ពុំធ្លាប់មាន ក្នុងរយៈពេល១២៤ឆ្នាំ។
ចំនួនអ្នកស្លាប់សរុបប្រចាំឆ្នាំរបស់ប្រទេសជប៉ុនបានកើនឡើងដល់ ១.៥៦ លាននាក់ ក្នុងឆ្នាំ ២០២២ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីប្រទេសនេះ ចាប់ផ្តើមចងក្រងស្ថិតិបែបនេះ ក្នុងឆ្នាំ ១៨៩៩ ។
ក្រសួងសុខាភិបាលជប៉ុនបានឲ្យដឹងថា ទិន្នន័យប្រជាសាស្ត្រសម្រាប់ឆ្នាំ ២០២២ បង្ហាញថា អ្នកស្លាប់បានឡើងដល់ ១.៥៦៨.៩៦១ ពោលគឺកើនឡើងជាង ១២០.០០០ នាក់ ឬ ៨.៩ ភាគរយបើធៀបនឹងឆ្នាំ២០២១។
មូលហេតុនៃការស្លាប់ ២៤ ភាគរយ គឺជាជំងឺមហារីក ខណៈដែល ១៤ ភាគរយបានស្លាប់ដោយសារជំងឺបេះដូង ។ រីមូលហេតុនៃការស្លាប់ ១១ ភាគរយ គឺដោយសារភាពចាស់។ ក្រៅពីនេះ ក៏មានមនុស្សជិត៥ម៉ឺននាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ។
ចំនួនសរុបចុងក្រោយ គឺមានប្រហែលទ្វេដង នៃតួលេខ ក្នុងឆ្នាំ ១៩៨៩ ។ ចំនួនឆ្នាំ២០២១នេះដែរ គឺបានកើនឡើង ៥០ ភាគរយក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។
វិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គមបានព្យាករណ៍ថា ការស្លាប់ប្រចាំឆ្នាំរបស់ប្រទេសជប៉ុននឹងបន្តកើនឡើងរហូតដល់ពួកគេឡើងដល់កំពូល នៅឆ្នាំ ២០៤០ គឺដល់ ១.៦៧ លាននាក់។ ចំនួននេះត្រូវបានព្យាករណ៍ថា នឹងនៅតែលើសពី ១,៥ លាននាក់ រហូតដល់ឆ្នាំ ២០៧០៕ ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត