មន្រ្តីជាន់ខ្ពស់នៃគណបក្សដាស់តឿនសមាជិកឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះឧបាយកលញុះញង់ក្នុងកំលុងព្រឹត្តិការណ៍បោះឆ្នោត
កណ្ដាល៖ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាបានរំលឹក ដល់សមាជិកគ្រប់លំដាប់ថា្នក់ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះឧបាយកលញុះញង់ទាំងឡាយតាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលមានចេតនាបង្កទៅជាអស្ថិរភាព កំលុងពេលបោះឆ្នោត ខណៈអ្នកជំនាញក្នុងវិស័យសារព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មានរាយការណ៍ព័ត៌មានពិតពីដំណើរការបោះឆ្នោត។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកជំទាវកិត្តសង្គហបណ្ឌិត ឃួន សុដារី សមាជិកាគណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា លោកជំទាវបានក្រើនរំលឹកបែបនេះ នៅក្នុងពេលលោកស្រីចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនី រោងចក្រ សហគ្រាសក្នុង និងក្រៅប្រព័ន្ធ ទូទាំងស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី ២៥ខែមិថុនា ឆ្នាំ ២០២៣។

លោកជំទាវ ក៏បានប្រាប់ឱ្យសមាជិកគ្រប់លំដាប់ថា្នក់ត្រូវបង្កើនការប្រុងប្រយ័ត្ននូវឧបាយកលញុះញង់ទាំងឡាយតាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលជាល្បិចញុះញង់ បង្កទៅជាអស្ថិរភាព ចលាចល អសន្តិសុខសង្គមពីក្រុមជនប្រឆាំងជ្រុលនិយម ឈានទៅរកការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
លោកជំទាវគូសបញ្ជាក់ថា ៖ «ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមពួកជ្រុលនិយមបក្សប្រឆាំង ឬអ្នកនយោបាយក្បត់ជាតិ៣ជំនាន់ តាមរយៈខិតប័ណ្ណ រូបភាព ឬស្ប៉តឃោសនានានា ក្នុងបណ្ដាញព័ត៌មានសង្គម បានអុជអាលកុំឱ្យប្រជាពលរដ្ឋខ្មែរទៅចូលរួមបោះឆ្នោត ឬបើទៅត្រូវគូសសន្លឹកឆ្នោតចោល។ ដែលនេះជាការបំផ្លាញសិទ្ធិពលរដ្ឋយ៉ាងធ្ងន់ធ្ងរ និងរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង»។
ដោយឡែក លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសារព័ត៌មានដែលមានអ្នកចូលរួមប្រមាណ១៥០នាក់ នៅថ្ងៃទី២៥ ខែមិថុនានេះ បានលើកឡើងដែរថា នៅពេលខាងមុខនេះ នឹងមានព្រឹត្តិការណ៍បោះឆ្នោតមកដល់ ហើយអ្នកសារព័ត៌មានត្រូវចូលរួមរាយការណ៍ព័ត៌មានពីការពិត។
ក្នុងន័យនេះ លោកបានស្នើដល់អ្នកសារព័ត៌មានកុំផ្សាយព័ត៌មានណាដែលប្រាស់ចាកអ្វីដែលជាការពិត ប្រឌិត និងបំភ្លៃការពិត។
លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា ៖ «តើអ្នកសារព័ត៌មានដើរតួនាទីអ្វីខ្លះ? សម្រាប់ខ្ញុំ សំណូមពរតែមួយគត់ ហើយសំខាន់ណាស់ អ្នកសារព័ត៌មានសូមចូលរួមធ្វើជាកែវភ្នែកយុត្តិធម៌ ឱ្យតែបានធ្វើកិច្ចការនេះគឺជាការរួមចំណែកធំណាស់ សម្រាប់អ្នកសារព័ត៌មាននៅក្នុងសង្គមជាតិរបស់យើង»។
សូមរម្លឹកដែរថា កាលពីថ្ងៃទី២០ ខែមិថុនា ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ បានរៀបចំសិក្ខាសាលាស្តីពី «ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត សម្រាប់អ្នកសារព័ត៌មានដំណាក់កាលទី២» ខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីផ្តល់ដល់មន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកសារព័ត៌មាននូវការយល់ដឹងបន្ថែម ស្តីពីបញ្ហាប្រឈម និងការងារចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។

រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចូលរួមសិក្ខាសាលានេះ បានថ្លែងថា ៖ «ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ គឺជានិន្នាការសកល ដែលបណ្តារដ្ឋនៅលើសកលលោក បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ពិសេស ការបង្កើតយន្តការដោះស្រាយ និងការរិះរកមធ្យោបាយល្អៗ ដោយបូកបញ្ចូលទាំងបច្ចេកទេស បច្ចេកវិទ្យា និងការចូលរួមពីគ្រប់ភាគី រាប់ទាំងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានទទួលស្គាល់ និងផ្តល់បណ្ណសម្គាល់ជូនអ្នកសារព័ត៌មានជាតិ សរុបចំនួន២២០នាក់ មកពី២១អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិ សរុបចំនួន ៣០ នាក់ មកពី១៤ អង្គភាព ដើម្បីចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ៕ ដោយ៖សុខ រក្សា