ប្រធានាធិបតីកូរ៉េខាងត្បូងរីករាយ នៅមាត់បឹងក្រុងហាណូយ
ហាណូយ៖ ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា រីករាយនៅមាត់បឹងក្រុងហាណូយ នាព្រឹកព្រលឹម ក្នុងពេលលោកបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងសមភាគីវៀតណាមលោក Vo Van Thuong រីករាយជាមួយអាហារពេលព្រឹក និងដើរលេងជុំវិញបឹង Sword Lake ដ៏ល្បីល្បាញរបស់ទីក្រុងហាណូយ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍។

ក្បួនរថយន្ត និងមន្ត្រីអមដំណើរ Yoon និងភរិយា Kim Keon-hee ទៅកាន់ Sword Lake ។ ព្រឹកដ៏រីករាយបានកើតឡើងនៅក្រៅដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលបីថ្ងៃរបស់លោក Yoon នៅប្រទេសវៀតណាម ដោយគេដឹងថា ទស្សនកិច្ចរបស់លោកបានចាប់ផ្តើម តាំងពីថ្ងៃព្រហស្បតិ៍។

នៅមុនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅទីក្រុងហាណូយ ហើយដំណើរទស្សនកិច្ចរបស់លោក Yoon ត្រូវបានគេដឹងថា គឺសំដៅជំរុញទំនាក់ទំនងទ្វេភាគីរវាងកូរ៉េខាងត្បូង និងវៀតណាម ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសន្តិសុខ។

វៀតណាមនិងកូរ៉េបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៩២ ហើយបានបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំមុន។ កូរ៉េខាងត្បូងគឺជាដៃគូដ៏សំខាន់បំផុតមួយរបស់វៀតណាម ដោយជាប់ចំណាត់ថ្នាក់ទី ១ លើផ្នែកវិនិយោគ ទីពីរ ផ្នែកជំនួយអភិវឌ្ឍន៍ផ្លូវការ និងទីបី ក្នុងវិស័យពាណិជ្ជកម្ម។ ពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងកូរ៉េខាងត្បូង កាលពីឆ្នាំមុន មានតម្លៃ ៨៧ ពាន់លានដុល្លារ កើនឡើង ជាង១១% បើធៀបនឹងឆ្នាំ២០២១៕


ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត