សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសិក្សាបង្កើតតុលាការពាណិជ្ជកម្មនៅអាណត្តិក្រោយ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ច្បាប់ស្តីពីការបង្កើតតុលាការពាណិជ្ជកម្ម និងត្រូវចេញនៅក្នុងអាណត្តិក្រោយ។ ការបង្កើតតុលាការពាណិជ្ជកម្មនេះ គឺដើម្បីបង្កើនភាពទុកចិត្តរវាងអ្នកវិនិយោគទាំងអស់ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូចនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្មរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។
សម្ដេចតេជោ បានលើកឡើងថា នៅក្នុងអាណត្តិក្រោយ ប្រសិនជាគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសទៀតច្បាប់ទាក់ទងនឹងតុលាការពាណិជ្ជកម្ម នឹងត្រូវធ្វើ ហើយសម្រេចដាក់ឲ្យប្រើប្រាស់ ។
សម្ដេចថា ឥឡូវយើងមានកាត់គ្រប់រឿងតុលាការមួយថ្នាក់ហ្នឹងកាត់គ្រប់រឿង ឥឡូវនេះយើងត្រូវមានតុលាការឯកទេស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតតុលាការពាណិជ្ជកម្ម និងបង្កើនទំនុកចិត្តពីអ្នកវិនិយោគ មកកាន់ប្រទេសកម្ពុជាកាន់តែខ្លាំង។
សូមរំលឹកថា ក្រសួងយុត្តិធម៌ និងធនាគារអភិវឌ្ឍអាស៊ី (ADB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ការបង្កើតនេះ នឹងជួយសម្រួលដល់វិវាទទាក់ទងនឹងពាណិជ្ជកម្មទាំងអស់។ ការចុះអនុស្សរណៈការយោគយល់គ្នាស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ