ភូមិសុវណ្ណាបៃតងបានផ្លាស់ប្តូរមុខមាត់ថ្មី ជាភូមិគំរូកសិកម្មក្នុងតំបន់ជួរភ្នំក្រវាញក្នុងទឹកដីខេត្តកោះកុង

ខេត្តកោះកុង៖ ភូមិសុវណ្ណាបៃតងត្រូវបានបង្កើតឡើងដោយបានចាប់ផ្តើមឡើងតាំងតែពីឆ្នាំ២០០៣ដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋដែលធ្លាប់តែចូលព្រៃបរបាញ់សត្វ កាប់ព្រៃឈើដើម្បីចិញ្ចឹមជីវិតមកជាអ្នកប្រកបរបរកសិកម្មដែលប្រកបដោយនិរន្តភាព។

គួរបញ្ជាក់ថា ភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុក បូទូមសាគរ ខេត្ត កោះកុង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ដីសប្បទានសង្គមកិច្ចចំនួន ១៨០០ហិកតានៅក្នុងខេត្តកោះកុង សម្រាប់ឱ្យពលរដ្ឋនៅក្នុងតំបន់នេះប្រើប្រាស់បានប្រែក្លាយជាដីកសិកម្ម ។

លោក អាត់ ណុច ប្រធានសហគមន៍អភិវឌ្ឍន៍ កសិកម្មភូមិសុវណ្ណាបៃតងបានឱ្យដឹងថា ក្រោមការជួយជ្រោមជ្រែងនៃគម្រោង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានរយៈពេលពីឆ្នាំ២០០៣ រហូតមកដល់ពេលនេះ មានរយៈពេល២០ឆ្នាំហើយឃើញថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បានទទួលនូវអត្ថបប្រយោជន៍ជាច្រើនក្នុងនេះដូចជាម្ចាស់កម្មសិទ្ធលំនៅដ្ឋាន របរកសិកម្មដែលជាមុខរបរមួយប្រកបដោយនិរន្តភាពសម្រាប់ចិញ្ចឹមជីវិត។

ប្រធានសហគមន៍ភូមិសុវណ្ណាបៃតងបានបញ្ជាក់ប្រាប់បន្ថែមថា៖គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលបានរៀបចំឡើងដោយ ក្រសួងបរិស្ថានជាម្ចាស់គម្រោង អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ភូមិសុវណ្ណាបៃតងជាច្រើដូចជាផ្លូវថ្នល់ បង្គន់អនាម័យ អណ្ដូងទឹកស្អាត មីក្រូហិរញ្ញវត្ថុ អាហារូបករណ៍ អត្ថប្រយោជន៍ នៃទេសចរណ៍ធម្មជាតិ និងកសិកម្មសហគមន៍ជាដើម។

ជាមួយគ្នាគម្រោងនេះក៏នៅបានផ្តល់នូវផលប្រយោជន៍សហគមន៍មួយចំនួនទៀតដូចជា៖ ផ្ដល់ជូនហេដ្ឋារចនាសម្ព័ន្ធ និងឱកាសក្នុងការទ្រទ្រង់ជីវភាពរស់នៅសម្រាប់ សហគមន៍។ជួយកាត់បន្ថយក្នុងការចូលព្រៃកាប់ឈើ និងបរបាញ់សត្វថែមទៀត។

លោក ប្រធានសហគមន៍អភិវឌ្ឍន៍ កសិកម្មភូមិសុវណ្ណាបៃតងបានបញ្ជាក់ឱ្យដឹងដែរថាក្រោមជំនួយឧបត្ថម្ភនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃតាមរយៈការបង្កើតស្ថានីយបូមទឹកមួយកន្លែងក្នុងសហគមន៍នៅបានជួយសម្រួលយ៉ាងសំខាន់ក្នុងការប្រកបការងារកសិកម្មរបស់ប្រជាសហគមន៍ដោយពួកគាត់អាចប្រើប្រាស់ក្នុងការដាំដំណាំកសិកម្ម ក៏ដូចជាទឹកប្រើប្រាស់ប្រចាំថ្ងៃ។ប្រព័ន្ធស្រោចស្រពទឹកត្រូវបានដាក់ពង្រាយឱ្យប្រជាសហគមន៍ប្រើប្រាស់បានយ៉ាងទូលំទូលាយ ដោយមានតម្លៃថោកពលរដ្ឋអាចច្រើប្រាស់បានពេញទី។

លោក ស៊ុ ជាតិ អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងដែរថាតាមរយៈស្ថានីយបូមទឹកនេះបានជួយសម្រួលយ៉ាងសំខាន់ដល់ពលរដ្ឋក្នុងសហគមន៍អភិវឌ្ឍន៍ កសិកម្មភូមិសុវណ្ណាបៃតងដោយពួកគាត់អាចប្រើប្រាស់ប្រព័ន្ធស្រោចស្រពតំណក់ទឹកដែលជួយក្នុងការសន្សំសំចៃទឹក ហើយក៏ជាផ្នែកមួយឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ការធ្វើកសិកម្មបែបនេះគឺជាផ្នែកមួយជួយឱ្យការបញ្ចេញឧស្ម័នកាបូនិច តិច និងជួយឱ្យបន្សាំនឹងការប្រែប្រួលអាកាសធាតុ។

លោកបានបញ្ជាក់បន្ថែមថាក្រៅពីការប្រើប្រព័ន្ធស្រោចស្រពនេះការប្រើប្រាស់សូឡាសម្រាប់បូមទឹកជំនួសការប្រើម៉ាស៊ីនភ្លើងដែលប្រើប្រេងឥន្ធនៈបានជួយដល់ការប្រែប្រួលអាកាសធាតុ និងការចំណាយថវិការសម្រាប់សហគមន៍ថែមទៀត។ជាមួយគ្នាលោកបានលើកទឹកចិត្តឱ្យប្រជាសហគមន៍ប្រើប្រាស់ប្រព័ន្ធសូឡាជំនួសអគ្គិសនីដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុទាំងកម្ពុជាក៏ដូចជានៅលើពិភពលោក៕

អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ពុធសុខជា និង សែម បូរិន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner