សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យចៅក្រម ព្យាយាមសម្របសម្រួលលើជម្លោះប្តី-ប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងគ្នា

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្ម នៃក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ចៅក្រមទាំងអស់ ព្យាយាមសម្របសម្រួលឱ្យអស់ពីលទ្ធភាព លើជម្លោះប្តី ប្រពន្ធ និងកុំលើកទឹកចិត្តឱ្យលែងលះគ្នាឱ្យសោះ ត្រូវសម្របសម្រួលបញ្ចប់វិវាទ ធ្វើតាមរូបមន្តឈ្នះឈ្នះ ដែលជាវិធីដ៏ល្អ។

សម្តេចតេជោ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិត ខំប្រឹង ប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ។

សម្តេច ក៏បានលើកទឹកចិត្តដល់ចៅក្រមទាំងអស់ ប្រើប្រាស់ឱ្យអស់លទ្ធភាពនៃការសម្របសម្រួល ជាជាងការកាត់ក្តីរឿងនេះ គឺអាចធ្វើបានគ្រប់ទម្រង់រឿងនៅក្នុងក្រមរដ្ឋប្បវេណី។ ប៉ុន្តែ ករណីមួយចំនួនដែលមិនអាចសម្របសម្រួលបានសូមកាត់ក្តីតែម្តង។ ក្រៅពីចៅក្រម អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំធ្វើយ៉ាងណាដើរតួសម្របសម្រួលករណីកម្លោះរវាងប្តី និងប្រពន្ធឱ្យអស់ពីលទ្ធភាព មុននឹងរឿងនេះរុញមកដល់ដៃតុលាការ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ រឿងលែងលះប្តី ប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងលះគ្នាពេក ហៅមកសម្របសម្រួលសិនទៅ តិចៗវាត្រូវគ្នាវិញហើយ ជួនកាលវាអញ្ចឹង ឡើងទៅដល់តុលាការហើយហ្នឹង តុលាការរៀបចំចេញសាលក្រមលុបអេតាស៊ីវិល ប៉ុន្តែ ដល់ពេលអ្នកដែលពូកែសម្របសម្រួលត្រូវគ្នាវិញបាត់។

ជាមួយគ្នានេះ សម្តេច ក៏ណែនាំឱ្យដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ។ សម្ដេច បានលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្ម ក្នុងការដោះស្រាយវិវាទ, សម្របសម្រួល ផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគី ឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner