សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងយុត្តិធម៌ ត្រូវក្ដាប់ឱ្យបាននយោបាយព្រហ្មទណ្ឌ ព្រោះក្រុមជ្រុលនិយម បន្ដមានវត្តមាននៅកម្ពុជា

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្ម នៃក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំដល់ក្រសួងយុត្តិធម៌ ត្រូវក្តាប់ និងគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឱ្យបានជាប់ជាប្រចាំ ដែលជាកាតព្វកិច្ចចាំបាច់ ព្រោះក្រុមជ្រុលនិយមបន្ដមានវត្តមាននៅកម្ពុជា។

សម្ដេចតេជោ បានលើកឡើងថា ក្រសួងយុត្តិធម៌ ក្នុងនាមតំណាងជារាជរដ្ឋាភិបាល ក្នុងឧត្តមក្រុមប្រឹក្សាចៅក្រមចាំបាច់ណាស់ត្រូវគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឲ្យរឹងមាំ ជាពិសេសសម្រាប់ប្រទេសរបស់យើងដែលពោរពេញទៅដោយ គេហៅថា អំពើជ្រុលនិយមហួសហេតុដែលបន្ដមានវត្តនៅកម្ពុជា ដូច្នេះទាមទារឲ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ ត្រូវក្ដាប់នយោបាយព្រហ្មទណ្ឌឲ្យជាប់។

សម្ដេច ថា បញ្ហាខាងលើនេះ មិនត្រូវមើលស្រាលឡើយ។ តើហេតុអ្វី? ព្រោះប្រទេសជិតខាងនៅសុខៗក៏ផ្ទុះអាវុធ ហើយក៏មានមនុស្សមួយចំនួនកំពុងរត់មកលាក់ខ្លួននៅកម្ពុជា។ បញ្ហានេះ សម្ដេច ក៏បានឲ្យស្វែងយល់អំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរដែលបានកើតចេញពីចំណុចតូចៗ។ សម្ដេចលើកជាសំណួរថាហេតុអ្វីបានជារុស្ស៊ីមានកម្លាំងប្រដាប់អាវុធងើបឡើងបះបោរ? ហើយអ្វីបានជាប្រទេសមហាអំណាចមួយមានទាហានស៊ីឈ្នួល? កម្លាំងទាហានស៊ីឈ្នួលមិនមែនវ៉ៃទៅអ៊ុយក្រែនឯណា! វ៉ៃបកមករុស្ស៊ីវិញ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅក្នុងកាលៈទេសៈ ដើម្បីធានានូវស្ថិរភាព សន្ដិភាពដល់ប្រទេស និងស្ថិរភាពខាងនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្ម ត្រូវតែជាកាតព្វកិច្ចចាំបាច់ ហើយដែលរាជរដ្ឋាភិបាលត្រូវធ្វើ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner