ឯកឧត្តម ឆេង សារឿន ៖ វគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ឣធិការកិច្ច មានគោលដៅ ពង្រីក ការបណ្តុះបណ្តាលដល់គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំង រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចមានសារៈសំខាន់ណាស់ ពីព្រោះ វាមិនត្រឹមតែផ្តល់ចំណេះដឹង និងលើកកម្ពស់សមត្ថភាពជំនាញមួយកម្រិតថែមទៀតដល់មន្រ្តីអធិការកិច្ច ដើម្បីយកទៅបំពេញការងារឱ្យកាន់តែមានគុណភាព គណនេយ្យភាព និងប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ បង្កើននូវការទទួលស្គាល់ពីតម្លៃនៃការងារអធិការកិច្ចពីមជ្ឈដ្ឋាននានាផងដែរ ។ វគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ឣធិការកិច្ច មានគោលដៅ ពង្រីក ការបណ្តុះបណ្តាលដល់គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំង រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច ។

ការលើឡើងបែបនេះរបស់ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបឋម ស្តីពី វិជ្ជាជីវ:ឣធិការកិច្ច ជំនាន់៥ (វគ្គ៥+៦) នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

ឯកឧត្តម សោម បូរ៉ាន់ នាយកវិទ្យាស្ថានអធិការកិច្ច បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមមានចំនួន ៤៥នាក់ ក្នុងនោះមានមកពី អធិការកិច្ចរបស់ក្រសួងស្ថាប័នមានចំនួន ៣៦នាក់ អគ្គនាយកដ្ឋានអធិការកិច្ចចំនួន៥នាក់ និង មន្ទីរទរពអ រាជធានីខេត្តចំនួន ៤នាក់។ ក្នុងនោះក៏មានមន្រ្តីរាជការមកពី១៨ក្រសួង-ស្ថាប័ន រួមមាន: ក្រសួងមហាផ្ទៃ ការពារជាតិ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផែនការ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ សុខាភិបាល ទេសចរណ៍ ក្រសួង រ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន មុខងារសាធារណៈ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលក្នុង១ក្រសួងចំនួន ២នាក់។

ឯកឧត្តម ឆេង សារឿន ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវមានវត្តមានគ្រប់ពេលម៉ោងសិក្សា និងត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការពន្យល់ សួរដេញដោល ពិភាក្សានិងចូលរួមគ្រប់សកម្មភាពនៃការ បណ្តុះបណ្តាលដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ ការពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ នៅកម្ពុជា។


ដោយ ថេត វិចិត្រ +ហេង សម្បត្តិ