ឯកឧត្តម ហ៊ុន ម៉ានី៖ យើងមិនអាចបំភ្លេចបាននូវតម្លៃនៃសន្តិភាពបានឡើយ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានមានប្រសាសន៍បញ្ជាក់ថា មានសន្តិភាព មានការអភិវឌ្ឍ មានការរីកចម្រើន ហើយតាមរយៈសមិទ្ធផលទាំងអស់នេះ យើងមិនអាចបំភ្លេចបាននូវតម្លៃនៃសន្តិភាពបានឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា នៅក្នុងវត្តព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) ដែលស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
អញ្ជើញមានវត្តមាននាឱកាសនេះ មានសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សរុប ១,៤៦១នាក់។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី មានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែងដែលបានមកចូលរួមជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ និងបានចូលរួមអបអរសាទរ និងអនុមោទនាជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ អ្នកឃុំត្រពាំងគងចំពោះការសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា នៅក្នុងវត្តព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) នាពេលនោះផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែបានយកចិត្ត ទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមរយៈការលើកគម្រោង ជួសជុល ស្តារ និងស្ថាបនាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងសមិទ្ធផលនានាជាច្រើនទាំងខាង ពុទ្ធចក្រ និងអាណាចក្រ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

ចំណែកឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី រួមទាំងបងប្អូនប្រជាពលរដ្ឋ និងធ្វើរបាយការណ៍នៃការកសាងព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសមានសុខសន្តិភាព៕
ដោយ៖ពលជ័យ