ឯកឧត្តម ទេសរដ្ឋមន្រ្តីអៀង មូលី អំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ

(កំពង់ស្ពឺ)៖ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងឆ្លងប្រឡាយ N36 នៅភូមិម្រាលត្នោតខាងជើង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

នៅក្នុងរបាយការណ៍សាងសង់បានបញ្ជាក់ថា សមិទ្ធិផលសម្រេចបានរួមមាន
១) ស្ពានធ្វើអំពីបេតុង មានទំនប់បង្ហៀរ
២) កែលម្អរប្រឡាយទឹកចំនួន ២ខ្សែប្រវែង ៨០០ម៉ែត្រ
៣) ស្តារប្រឡាយរងប្រវែង ៣,៥០០ម៉ែត្រ និងគ្រោងសាងសង់លូទ្វារទឹក ២កន្លែងបន្តទៀត ។

ឯកឧត្ដមទេសរដ្ឋមន្រ្តីបាន មានប្រសាសន៍ថា សមិទ្ធផលទាំងនេះ គឺជាសក្ខីភាព នៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាព ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជាយើង តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ ។ ហើយនយោបាយ ឈ្នះ-ឈ្នះ បាននាំឱ្យប្រទេសកម្ពុជា ចាកផុតពីសង្គ្រាម រ៉ាំរ៉ៃដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និង សណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ និងបានធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨នៅថ្ងៃទី២៣ខែកក្កដានៅពេលខាងមុខនេះ ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានឧត្តម្ភសម្រាប់ការរៀបចំកម្មវិធីថវិកា ១លាន៥សែនរៀលផងដែរ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner