សម្តេចតេជោ ហ៊ុន សែន៖គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលមានលក្ខណៈស្មុគស្មាញ បង្កផលប៉ះពាល់ដល់សុខុមាលភាព​មនុស្ស​រាប់លាននាក់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលមានលក្ខណៈស្មុគស្មាញ និងបានបង្កផលប៉ះពាល់​ដល់​សុខុមាលភាពមនុស្ស​រាប់លាននាក់ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមនៃបណ្ដា​ប្រទេសស្ទើរតែ​ទាំងអស់នៅលើ​សកលលោក។ នេះបើយោងតាមសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​ប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

សារលិខិតសម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាភាគីហត្ថលេខីនៃ​អនុសញ្ញានិងពិធីសាររបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងគ្រឿងញៀន សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវមនោសញ្ចេតនា រីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបន្តដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាដើម្បី បង្ហាញឱ្យឃើញពីឆន្ទៈដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមការប្តេជ្ញាចិត្តនិងកម្មវិធីនយោបាយ​ដ៏មុតស្រួច​របស់រាជរដ្ឋា​ភិបាលកម្ពុជា។

សម្តេចតេជោបន្តថា សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ប្រជាជនជា​ចម្បង ៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារ អប់រំបង្ការ» ក្នុងគោលបំណងផ្ដោតការ យកចិត្តទុក​ដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជនឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាមួយនេះ ក៏ទាមទារឱ្យមាន​ការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រមទាំងពង្រឹងសកម្មភាព​អប់រំផ្សព្វផ្សាយ​ឱ្យបានកាន់តែទូលំទូលាយថែមទៀត។ ម្យ៉ាងវិញទៀត ប្រធានបទសម្រាប់ឆ្នាំនេះ ក៏មានបំណងលើកទឹកចិត្តឱ្យផ្ដល់អំណាច និងការទទួលខុសត្រូវដល់អាជ្ញាធរមូលដ្ឋាននិងយុវជន ដើម្បីម្ចាស់ការដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុង សហគមន៍មូលដ្ឋានរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថារហូតមកទល់ពេលនេះ គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែល​មាន​លក្ខណៈ​​ស្មុគស្មាញ និងបានបង្កផលប៉ះពាល់ដល់សុខុមាលភាពមនុស្សរាប់លាននាក់ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ សង្គមនៃបណ្ដាប្រទេសស្ទើរតែទាំងអស់នៅលើសកលលោក។ យោងតាមរបាយការណ៍គ្រឿងញៀន ពិភពលោករបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODCសភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌតំបន់និង​អន្តរជាតិ នៅតែមានរូបភាពវិវត្តន៍ប្រែប្រួល ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ដោយក្រុមឧក្រិដ្ឋជននៅតែបន្តធ្វើសកម្មភាពខ្លាំងក្លា ប្រើប្រាស់​គ្រប់មធ្យោបាយនិងល្បិចកល លួចលាក់ផលិត ចរាចរ និងជួញដូរគ្រឿងញៀន ពីកន្លែងមួយទៅកន្លែងមួយ ពីប្រទេសមួយទៅប្រទេសមួយ និងពីតំបន់មួយទៅតំបន់មួយទៀត ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ហើយបង្កនូវសោកនាដកម្មដល់ជីវភាពរស់នៅ របស់ប្រជាជនរាប់​លាន​នាក់នៅលើសកលលោក។

សារលិខិតបានគូសបញ្ជាក់ថា ស្ថានភាពបែបនេះនៅតែបន្តការគំរាមកំហែងនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជា។ ជាក់ស្ដែងក្រុមឧក្រិដ្ឋជន នៅតែបន្តលួចលាក់ចរាចរគ្រឿងញៀនយ៉ាងសកម្មឆ្លងកាត់ព្រំដែន ទាំងតាមផ្លូវគោក ផ្លូវទឹក បញ្ញើប្រៃសណីយ៍ និងតាមផ្លូវអាកាស​រហូតឈានដល់ការធ្វើសកម្មភាពរក្សាទុកនិងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីចែកចាយ នៅផ្ទៃក្នុងប្រទេសមុននឹងចរាចរ​បន្តទៅប្រទេស​ទីបីទៀត។ សកម្មភាពទាំងនេះ បានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ធ្វើឱ្យប្រជាជនយើងមួយចំនួនចាញ់កលល្បិច ធ្លាក់ខ្លួន​ទៅពាក់ព័ន្ធ​នឹងការប្រព្រឹត្តិបទល្មើស ក្នុងនោះក៏មាន មួយចំនួនបានក្លាយទៅជាអ្នកញៀនគ្រឿងញៀន បង្កការលំបាកធ្ងន់ធ្ងរដល់​ខ្លួនឯង គ្រួសារ និងសហគមន៍ដូចជា អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ឧក្រិដ្ឋកម្មប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍធនធាន មនុស្សជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ឆ្លើយតបនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀនជា សេនាធិការ បានខិតខំតស៊ូយ៉ាងប្ដូរ​ផ្តាច់និងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់នូវផែនការយុទ្ធសាស្ត្រស្តីពីការត្រួត​ពិនិត្យគ្រឿងញៀន គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បទបញ្ជាលេខ០០១ ស្ដីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿង​ញៀន ផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន និងគោលការណ៍ណែនាំស្តីពី ការពង្រឹងប្រសិទ្ធភាពការងារព្យាបាលនិងស្ដារ​នីតិ​សម្បទាអ្នកញៀនគ្រឿងញៀន។ ជាមួយនោះផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដែលដឹកនាំ​បញ្ហាផ្ទាល់ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ទទួលបានលទ្ធផលជោគជ័យគួរជាទី​មោទនៈផងដែរ៕
ដោយ៖ពលជ័យ

ads banner