ថៃ៖ ក្រុមសម្ព័ន្ធសម្លឹងផែនការបម្រុងទុក ករណីមិនអាចបង្កើតរដ្ឋាភិបាល

បាងកក៖ សម្ព័ន្ធទាំងប្រាំបីនៅប្រទេសថៃគ្រោងនឹងពិភាក្សាអំពីផែនការបន្ទាន់មួយ អំឡុងកិច្ចប្រជុំសប្តាហ៍នេះ ក្នុងករណីមិនអាចបង្កើតរដ្ឋាភិបាលបាននោះ។

ភាគីអនាគតនៃសម្ព័ន្ធទាំងប្រាំបីត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការបន្ទាន់មួយនៅក្នុងកិច្ចប្រជុំ នាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ប្រសិនបើពួកគេមិនអាចបន្តបង្កើតរដ្ឋាភិបាលបានទេ នេះបើយោងតាមអគ្គលេខាធិការគណបក្សភឿថៃ លោក Prasert Chantararuangthong។ ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាម ដែលថា មានការ “បង់ប្រាក់” ដើម្បីបង្កើតរដ្ឋាភិបាលផងដែរ។

នៅពេលសួរថា តើ «ភឿថៃ»មានផែនការបម្រុងទុក ក្នុងករណីដែលគណបក្សផ្លាស់ទីទៅមុខ (MFP) មិនអាចបង្កើតរដ្ឋាភិបាលបានទេនោះ លោក Prasert បាននិយាយថា “ប្រសិនបើចាំបាច់ បញ្ហានេះអាចត្រូវលើកឡើង នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃដែលសម្ព័ន្ធប្រាំបីភាគី នឹងមានការប្រជុំ។

លោក Prasert បាននិយាយថា «បន្ទាប់ពីការជ្រើសរើសប្រធានសភា ជំហានបន្ទាប់គឺជ្រើសរើសនាយករដ្ឋមន្ត្រី។ យើងប្រហែលជាត្រូវពិភាក្សាបញ្ហានេះ ដោយប្រុងប្រយ័ត្ន ជាពិសេស ចំនួនសមាជិកសភាដែលគាំទ្រ [បេក្ខជននីមួយៗ]»។

នៅពេលសួរអំពីពាក្យចចាមអារ៉ាមដែលថា ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នឹងត្រូវបង់ទៅឱ្យសមាជិកសភា នៅក្នុងគណបក្សមួយចំនួន ជាថ្នូរនឹងការគាំទ្ររបស់ពួកគេ ក្នុងអំឡុងពេលបោះឆ្នោតលើប្រធានសភា ឬការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនោះ លោក Prasert បាននិយាយថា “វានឹងមិនងាយស្រួលនោះទេ នៅពេលនេះ ព្រោះលទ្ធិប្រជាធិបតេយ្យមានការរីកចម្រើនខ្លាំង។

ជាមួយគ្នានេះ លោក Phichai Ratnatilaka Na Bhuket នាយកកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ នៃវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (Nida) មានប្រសាសន៍ថា លោក Pita មានឱកាសល្អក្នុងការក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់។

លោកបាននិយាយថា នៅពេលដែលសមាជិកសភាចំនួន ៥០០ នាក់ និងសមាជិកព្រឹទ្ធសភាចំនួន ២៥០ នាក់បានកោះប្រជុំ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី ប្រសិនបើលោក Pita មិនអាចទទួលបានការគាំទ្រពីសមាជិកសភាលើសពីពាក់កណ្តាល ឬ ៣៧៦នោះ សម្ព័ន្ធប្រាំបីគណបក្សត្រូវតែព្យាយាមប្រមូលការគាំទ្រពីគណបក្សផ្សេងទៀត។

គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃគ្រោងនឹងយាងជារាជាអធិបតី ក្នុងពេលបើកសម័យប្រជុំសភា នាថ្ងៃទី៣ ខែកក្កដា ហើយសមាជិកសភានឹងជ្រើសរើសប្រធានសភា នៅថ្ងៃបន្ទាប់។ បន្ទាប់ពីជ្រើសរើសបានហើយ សមាជិកសភា និងព្រឹទ្ធសភាគ្រោងនឹងកោះប្រជុំ នាថ្ងៃទី១៣ ខែកក្កដា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មី៕

ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner