រដ្ឋមន្រ្តីកសិកម្ម ណែនាំឱ្យមន្រ្តីជំនាញសិក្សាពីលទ្ធភាពបង្កើតសហគមន៍កសិកម្មដំណាំស្វាយចន្ទី ដើម្បីចងក្រងសហគមន៍ផលិតងាយរកទីផ្សារបន្ថែម

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំ​ដល់ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំ​បូរ​ដែលកំពុងគ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់ប្រាំពាន់តោននៅឆ្នាំក្រោយឱ្យរិះរកមធ្យោ​បាយ​បង្កើនតម្លៃទីផ្សា​រគ្រាប់ស្វាយចន្ទីដែលខូចខាតទ្រង់ទ្រាយ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនបក។

ឯកឧត្តមរដ្ឋមន្រ្តីបាន​លើកឡើងដូចនេះ ក្នុងអំឡុង​​ពេលលោក​ និង​មន្រ្តីពាក់ព័ន្ធ ចុះពិនិត្យសក្តានុពលសិប្បកម្មកែច្នៃគ្រាប់ស្វា​យចន្ទីនៅខេត្តកំពង់ធំ កាលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០២៣។

ឯកឧត្តម​បានមានប្រសាសន៍ថា ៖ «ត្រូវរិះរកមធ្យោបាយបង្កើនតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីដែលខូចខាតទ្រង់ទ្រាយ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនបក ដែលមានប្រមាណ២០ភាគរយ និងកែខៃម៉ាស៊ីន ឬសាកល្បងប្រើប្រាស់ឧបករណ៍បកណា​ដែលអាចកាត់ប​ន្ថយអត្រាខូចនេះ ឱ្យមានកម្រិតមួយទាប ដើម្បីបង្កើនប្រាក់ចំណេញបន្ថែមទៀត»។

ជាមួយគ្នានេះដែរឯកឧត្តមក៏បានណែនាំឱ្យមន្រ្តីជំនាញសិក្សាពីការលទ្ធភាពបង្កើតសហគមន៍កសិកម្មដំណាំស្វា​យចន្ទី ដោយការកៀគរទុនវិនិយោគ ការចងក្រងសហគមន៍ផលិត និងស្វែងរកទីផ្សារលក់ផលិតផលដំណាំសក្តានុពលរបស់ប្រទេសកម្ពុជា ។

ចំពោះគោលនយោបាយរបស់រដ្ឋក្នុងការជួយដល់វិស័យកែច្នៃនេះ​ឯកឧត្តមបាន​បញ្ជាក់ថា ៖ «ម្ចាស់សិប្បកម្ម បានទទួល​ផ​លចំណេញមួយផ្នែកពីគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីសម្រាប់របរកសិកម្មពី ៧៥០រៀល ក្នុងមួយគីឡូវ៉ាត់ មកនៅត្រឹមតម្លៃ ៤​៨០ រៀល ក្នុងមួយគីឡូវ៉ាត់ សម្រាប់ការប្រើប្រាស់ពេលយប់។ ដែលនេះជាគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរដល់វិស័យកសិកម្ម ជាពិសេសដំាណាំស្វាយចន្ទី»។

ឯកឧត្តមរដ្ឋមន្រ្តីបាន​រំឭកផងដែរ​ថា រដ្ឋាភិបាលកម្ពុជា កំពុងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកដើម្បីបម្រើដល់ការនាំចេ​ញទៅក្រៅប្រទេស ដោយ​លោក​គូសបញ្ជាក់ថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយចំ​នួ​ន១ ១៨០ ០០០ តោនក្នុងឆ្នាំ២០២១ដោយនាំមុខប្រទេសកូតឌឺវ័រ ដែលផលិតបាន១,១លានតោន និងប្រទេសឥ​ណ្ឌាផលិតបាន៨សែនតោន។

លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងនៅថ្ងៃទី​២៨ ខែមិថុនា​ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មនាពេលនេះបានផ្តល់ការណែនាំល្អជាច្រើនដល់សិប្បកម្មលោកស្រី​ ដោយបានជំរុញទឹកចិត្តដល់សិប្បកម្ម ឱ្យខិតខំប្រឹងប្រែងកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីបង្កើនការនាំចេញបន្ថែមទៀត។

លោកស្រីបានបន្ថែមថា ខ្សែច្រវាក់ផលិតនេះ បានផ្លាស់ប្តូរពីឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិខ្នាតតូច ទៅជាម៉ាស៊ីនស្វ័​យប្រវត្តិខ្នាតធំ ដែលមានសមត្ថភាពកែច្នៃកាន់តែធំ និងឆាប់រហ័ស។ ទន្ទឹមនឹងការដាក់ចេញផែនការបង្កើនការប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ពីប្រជាសហគមន៍ឱ្យបានដល់ ៥ ០០០ តោន នៅឆ្នាំ២០២៤ ដើម្បីកែច្នៃ និងចែកចាយលក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស សិប្បកម្មលោកស្រី ក៏​កំពុងត្រៀមរៀបចំពង្រីករោងសិប្បកម្មដែលមានសមត្ថភាពកែច្នៃកា​ន់តែខ្ពស់បន្ថែមទៀត នៅឆ្នាំ២០២៣នេះ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ។

លោកស្រី អ៊ិន ឡៃហួត បានបញ្ជាក់ថា ៖ «សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរយើង​ គ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វា​យចន្ទីដល់៥ពាន់តោននៅឆ្នាំក្រោយ។ ដូចនេះយើងបានផ្លាស់ប្តូរពីឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិខ្នាតតូច ទៅជាម៉ាស៊ី​នស្វ័យប្រវត្តិខ្នាតធំ ខណៈដែលយើងក៏បាននិងកំពុងសាងសង់ទីតាំងកែច្នៃបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការនាំចេញរបស់យើងក្នុងឆ្នាំនេះ គ្រប់ចំនួនកំណត់»។

លោកស្រី បានឱ្យដឹងទៀតថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ឆ្នាំនេះ​នឹងត្រូវនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចឱ្យបាន២​០០តោន ទៅកាន់ប្រទេសជប៉ុន ខណៈដែលគិតត្រឹមខែមិថុនានេះ សិប្បកម្មទើបតែចេញទៅជប៉ុនបាន៧០តោនប៉ុណ្ណោះ។

បើតាមលោកស្រី អ៊ិន ឡៃហួត កន្លងទៅសិប្បកម្មរបស់លោកស្រី ទិញគ្រាប់ស្វាយចន្ទីពីសហគមន៍កសិកម្មចំនួន៤ នៅក្នុងខេត្តកំពង់ធំ, សហគមន៍បួនទៀតនៅខេត្តព្រះវិហារ និងគ្រាប់ស្វាយចន្ទីស្តង់ដារ គឺសិប្បកម្មទិញពីបណ្តុំកសិករ ដែលបានបង្កើតដោយសិប្បកម្មផ្ទាល់ នៅខេត្តកំពង់នេះ។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានឱ្យដឹងថា កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ២៦ម៉ឺន តោន ក្នុងរ​យៈពេល៣ខែ គឺ​ចាប់ពីខែមករា ដល់ខែ​មីនា ឆ្នាំ​២០២៣។ ក្នុងនោះក៏​បាន​នាំចេញទៅវៀតណាម ​សរុបចំនួន ២៣ ម៉ឺនតោន ស្មើទឹកប្រាក់ ៣២០ លានដុល្លារ ដែលចំនួននេះ​ថយចុះ ១២.៩៥ភាគរយ បើធៀបរយៈពេលដូចគ្នា ទៅនឹង២០២២៕ដោយ៖វណ្ណ សុជាតា

ads banner