គ្រឿងញៀនជាងប្រាំតោន ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ៖ សារធាតុញៀន និងសារធាតុគីមីផ្សំ ផ្សេងទៀតសរុបជាងប្រាំតោន ត្រូវបានដុតបំផ្លាញចោល ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៨ ខែមិថុនា ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។
ទិវានោះដែរឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តការបង្រ្កាបគ្រឿងញៀនបន្ថែមទៀតដោយសារបទល្មើសគ្រឿងញៀននៅមូលដ្ឋាន បន្តកើតមានគួរឱ្យកត់សម្គាល់។
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានថ្លែងនាទិវានោះថា សារធាតុញៀន និងសារធាតុគីមីផ្សំជាច្រើនប្រភេទ ដែលត្រូវបានដុតបំផ្លាញចោលនាពេលនេះ មានចំនួនជាង៥តោន ៧១៣ គីឡូក្រាម។
លោកបានថ្លែងថា ៖ «តាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពក្នុងការបំផ្លាញចោលនេះ គណៈកម្មការបំផ្លាញគ្រឿងញៀន និងមន្ទីរពិសោធន៍នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្រេចបំផ្លាញគ្រឿងញៀននូវវិធីសាស្រ្តដុតគ្រឿងញៀន និងសារធាតុគីមី ទម្ងន់សរុប ៥ តោន ៧១៣ គីឡូក្រាម»។
លោក ច្រឹង ខ្មៅ បានបន្តថា រីឯសារធាតុញៀន និងសារធាតុគីមីផ្សំដទៃទៀតដែលមានទម្ងន់សរុប ៣៣៦ តោន៥៤៤គីឡូក្រាម ដែលជាសារធាតុរំលាយហើរជាអាស៊ីត និងគីមីពុលឆាបឆេះខ្លាំង មិនអាចធ្វើការបំផ្លាញតាមវិធីសាស្រ្តដុតបានទេ ពោលគណៈកម្មការបានសម្រេចទិញសារធាតុគីមីផ្សេងមកធ្វើប្រតិកម្មបន្សាប និងសម្ភារបច្ចេកទេសចាំបាច់ដែលទាមទារឱ្យមានការសិក្សាពីគម្រោងចំណាយលម្អិត។
បើតាមលោក ច្រឹង ខ្មៅ សាលាដំបូងរាជធានីភ្នំពេញនៅមានសំណុំរឿងគ្រឿងញៀនកំពុងចាត់ការ និងនៅជាប់បណ្តឹងឧទ្ធរណ៍ជាច្រើនទៀត ដែលនៅពេលខាងមុខគណៈកម្មការនឹងដុតបំផ្លាញជាបន្តបន្ទាប់តាមដំណាក់កាលនៅពេលទទួលបាននូវសេចក្តីសម្រេចរបស់តុលាការ។
ក្នុងឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង ដែលជាប្រធាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ផងដែរនោះ ក៏បានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនបន្ថែមទៀត ព្រោះបទល្មើសគ្រឿងញៀននៅមូលដ្ឋាន បន្តកើតមានគួរឱ្យកត់សម្គាល់។
លោកបានបន្តថា ការនាំគ្រឿងញៀនពីតំបន់ត្រីកោណមាសចូលមកកម្ពុជា ឆ្លងកាត់តាមខេត្តភាគឦសាន្ត នៃប្រទេស នៅតែមានការកើនឡើង ខណៈក្រុមឧក្រិដ្ឋជននៅតែបាននិងកំពុងព្យាយាមលួចកែច្នៃផលិតគ្រឿងញៀនសំយោគ នៅក្នុងប្រទេសកម្ពុជា ដោយធ្វើការបង្វែសារធាតុគីមីផ្សំពីការនាំចូលសម្រាប់ការ ប្រើប្រាស់ក្នុងវិស័យស្របច្បាប់ ទៅផលិតជាគ្រឿងញៀនខុសច្បាប់។
សម្ដេចក្រឡាហោមថ្លែងថា៖«បទល្មើសជួញដូរ ចរាចរ កែច្នៃផលិតធំៗត្រូវបានសមត្ថកិច្ចបង្រ្កាបបានយ៉ាងមានប្រសិទ្ធភាពនិងទាន់ពេលវេលា។បទល្មើសចែកចាយ ជួញដូរតូចតាច និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានសហគមន៍នៅតែបន្តកើតមានគួរឱ្យកត់សម្គាល់ដែលបង្កនូវការរំខាននិងជាក្តីកង្វល់ពីសំណាក់ប្រជាពលរដ្ឋដែលយើងហាក់នៅមិនទាន់ដោះស្រាយឱ្យបានទាំងស្រុង និងប្រកបដោយភាពជឿជាក់នៅឡើយ»។
បើតាមសម្ដេចក្រឡាហោម ស ខេង បន្តថា បច្ចុប្បន្នក្នុងមួយថ្ងៃជាមធ្យមគ្រឿងញៀនកើតឡើងប្រមាណ ១០ករណី ដែលមានក្នុងរាជធានីខេត្ត យ៉ាងតិច ៧ទៅ១០ខេត្ត។
ក្នុងពិធីចុះជួបសំណេះសំណាលជាមួយនឹងកម្មករកម្មការរិនីជិតពីរម៉ឺននាក់ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ដែរថា ការលុបបំបាត់នូវគ្រឿងញៀន គឺជាការអនុវត្តនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលធ្វើយ៉ាងណានៅតាមរោងចក្រ សហគ្រាស កុំឱ្យមានការប្រើប្រាស់គ្រឿងញៀន ការចែកចាយគ្រឿងញៀនជាដើម។
យោងរបាយការណ៍សង្ខេបបូកសរុបលទ្ធផលប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៦ ៣៩០ករណី ឃាត់ខ្លួន ១៥ ០០២នាក់ ក្នុងនោះ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១៤.៩១៩,៤៧គីឡូក្រាម៕ដោយ៖សុខ រក្សា


