អន្តរក្រសួង រៀបចំកិច្ចប្រជុំប្រមូលធាតុចូលពាក់ព័ន្ធគម្រោងអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍(គ.អ.ស.អ.ប.អ.)​បានរៀបចំកិច្ចប្រជុំលើកទី៤ ជាមួយគណៈកម្មការអន្តរក្រសួងពាក់ព័ន្ធ ដើម្បីតាមដានការអនុវត្តនិងប្រមូលធាតុចូលបន្ថែមដាក់បញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍ប្រជាជនប្រកប​ដោយគុណភាព និងចីរភាព។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៧ ខែមិថុនា ​នា​រាជធានីភ្នំពេញ ដែលមានការចូលរួមពីស​មាជិកគណៈកម្មការអន្តរក្រសួងនៃគណៈកម្មាធិការពិសេស និងតំណាងក្រសួងពាក់ព័ន្ធរួមមាន ក្រសួងសុខា​ភិបាល ក្រសួងផែនការ ក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការនិងជាប្រធាន គ.អ.ស.អ.ប.អ.បានថ្លែងថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើសកម្មភាព និងសូចនាករតាមដានដែលក្រសួងស្ថាប័ន ពាក់ព័ន្ធបានផ្ញើមក។

លោកមានប្រសាសន៍ថា​ ៖ «អ្វីដែលនៅសេសសល់ត្រូវពិភាក្សាដើម្បីបញ្ចប់ការងាររបស់យើង គឺសកម្ម​ភា​ព​ដែលមិនទាន់មានសូចនាករវាស់វែងសម្រាប់ការតាមដានត្រួតពិនិត្យ ការកំណត់តម្លៃដើមគ្រា និងតម្លៃចុងគ្រានៃសូចនាករនីមួយៗ និងការប៉ាន់ប្រមាណថវិកាសម្រាប់អនុវត្ត»។

ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ គូសបញ្ជាក់ថា ការយកចិត្តទុកដាក់ទៅលើបញ្ហាប្រជាជននៅក្នុងការអភិវឌ្ឍសង្គម សេ​ដ្ឋកិច្ច គឺជារឿងដ៏សំខាន់ដែលរដ្ឋាភិបាលកម្ពុជាជាកំពុងយកចិត្តទុកដាក់ជាខ្លាំង។ លោកបន្តថា ទំនាក់ទំនងគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជន និងការអភិវឌ្ឍដោយចីរភាព មិនអាចរំលងកត្តាប្រជាជនបានឡើយ ពោលគឺដៃគូអភិវឌ្ឍ សង្គមស៊ីវិលទាំងអស់ត្រូវបញ្ចូលបញ្ហាប្រជាជនទៅក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខ្លួន។

ឯកឧត្តមបានថ្លែងថា ៖ «ការគិតគូរដល់គុណភាពនៃជីវិតជាជាងការគិតគូរពីចំនួនប្រជាជន ការលើកកម្ពស់គុណភាពនៃជីវិតរបស់មនុស្សគ្រប់រូប គុណភាពដោះស្រាយបរិមាណ ការបង្កើនភាពអង់អាចដល់ស្ត្រី ដែ​លជាគន្លឹះនៃការលើកកម្ពស់គុណភាពនៃជីវិតរបស់មនុស្សគ្រប់រូប»។

​សម្រាប់គម្រោងស្តីពីប្រជាជន និងអភិឌ្ឍន៍ មានគោលដៅសម្រេចឱ្យបានលទ្ធផលសូន្យបី រួមមាន៖ លុបបំបាត់ឱ្យអស់(សូន្យ​នូវមរណភាពមាតាដែលអាចការពារបាន), លុបបំបាត់ឱ្យអស់(សូន្យ)នូវផែនការគ្រួសារដែលមិនបានឆ្លើយតប និងលុបបំបាត់ឱ្យអស់(សូន្យ)នូវអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការអ​នុវត្តប្រកបដោយគ្រោះថ្នាក់លើស្រ្តីនិងក្មេងស្រី ត្រឹមឆ្នាំ២០៣០។

លោកស្រី Sandra Bernklau តំណាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA នៅកម្ពុជា បានសម្តែងនូវការអបអរសាទរដល់រដ្ឋាភិបាលកម្ពុជាដែលបានប្រកាន់ភ្ជាប់នូវការប្តេជ្ញាចិត្តចំពោះគម្រោងស្តីពីប្រជាជននិងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់គណៈកម្មការពិសេស ដើម្បីបង្កើននូវការអនុវត្តលើគម្រោងនេះ។

លោកស្រីបានថ្លែងថា ៖ «ប្រទេសកម្ពុជាគួរតែមានមោទនភាពចំពោះការងារនេះ ព្រោះ​មិនមានប្រទេសជាច្រើនទេដែលមានគណៈកម្មការពិសេស​ដែលមានក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនដែលប្តេជ្ញាចិត្តចំពោះការតាមដាន និងការអនុវត្តនៃគម្រោងប្រជាជននិងអភិវឌ្ឍន៍»។

តាងនាមឱ្យ UNFPA លោកស្រីថ្លែងថា កិច្ចពិភាក្សានាពេលនេះពិតជាមានសារៈសំខាន់ណាស់  ដើម្បីពិគ្រោះយោបល់អំពីឯកសារពិសេសដែលជាផែនការព្រាង ដើម្បីបង្កើតនូវការអនុវត្តនៃគម្រោងស្តីពីប្រជាជន និងអភិវឌ្ឍន៍។

លោកស្រីបន្តថា បញ្ហាយ៉ាងធំដែលកើតចេញពីជំងឺកូវីដ ១៩ បានប៉ះពាល់ដល់ក្រុមងាយរងគ្រោះ និងគំរាមកំហែងទៅដល់ វឌ្ឍនភាពនៃគម្រោងស្តីពីប្រជាជន និងអភិវឌ្ឍន៍។  

​ លោកស្រីគូសបញ្ជាក់ថា គម្រោងនេះពិតជាផែនការដ៏សំខាន់ ខណៈលោកស្រីក៏ជំរុញដល់អ្នកពាក់ព័ន្ធខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរៀបចំផែនការនេះឱ្យមានភាពច្បាស់លាស់ ដែលឈានទៅការសម្រេចបាននូវគោលដៅ និងចក្ខុវិស័យរបស់ប្រទេសកម្ពុជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នាឱកាសនោះដែរឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ បានលើកឡើងដែរថា ក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា ​និងផែនការសកម្មភាព ២០២៣-២០៣០ មានពីរវគ្គ ក្នុងនោះវគ្គទីមួយនិយាយពីក្របខណ្ឌយុទ្ធសាស្រ្ត និងវគ្គពីរនិយាយពីផែនការសកម្មភាព។

លោក​ថា បើសិនជាកម្ពុជាធ្វើបានល្អលើគម្រោងនេះ​ នឹងក្លាយជាគំរូទីមួយសម្រាប់អន្តរជាតិ និងតំបន់នៃការតាមដានការអនុវត្តគម្រោងស្តីពីប្រជាជន និងអភិវឌ្ឍន៍។

 ឯកឧត្តម ជា ចាន់ទុំ បាន​ថ្លែងថា ៖‍ «រដ្ឋាភិបាលកម្ពុជា មានការគិតគូរខ្លាំងណាស់តាំងពីចំនួនកូន សុខភាព ការអប់រំ ធ្វើម៉េចឱ្យសមភាពរវាងចំនួនប្រជាជន គុណភាពមនុស្ស និងការងារ»។

សូមជម្រាបថា ចាប់ពីឆ្នាំ២០១៦មក អគ្គលេខាធិការដ្ឋានប្រជាជន និងអភិឌ្ឍន៍នៃក្រសួងផែនការ បានសហការជិតស្និតជាមួយ UNFPA បានដើរតួយ៉ាងសំខាន់ ក្នុងការបញ្ជ្រាបបញ្ហាប្រជាជននិងការអភិវឌ្ឍទៅក្នុងរាល់ការសម្រេចចិត្តគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិនិងការគាំទ្រទាំងស្រុងទៅលើការផ្ដល់ភាពអង់អាចដល់ស្រ្តីនិងការផ្តល់សិទ្ធិនិងជម្រើសដល់ស្រ្តី៕

ដោយ៖សុខរក្សា

ads banner