រកឃើញសាកសពមនុស្ស សន្មត់ថាសល់ពីការផ្ទុះនាវា Titan
បូស្តុន៖ ឆ្មាំសមុទ្រអាមេរិកបានអះអាងថា រកឃើញសាកសពមនុស្សសង្ស័យ ក្នុងបំណែកនាវាមុជទឹក Titan ហើយ។
ឆ្មាំសមុទ្រអាមេរិកបាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍នេះថា ក្រុមអ្នកជំនាញបានរកឃើញសាកសពមនុស្សដែលគេសន្មត់ថា នៅសេសសល់ពីនាវាមុជទឹក Titan ដែលបានផ្ទុះអំឡុងពេលមុជទឹក ទៅកាន់បំណែកនៃកប៉ាល់ទីតានិក ជាមួយនឹងមនុស្សចំនួន ៥ នាក់ដែលត្រូវបានគេអះអាងបានស្លាប់។
ទីភ្នាក់ងារឆ្មាំសមុទ្រអាមេរិកបាននិយាយថា «អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរបស់សហរដ្ឋអាមេរិកនឹងធ្វើការវិភាគជាផ្លូវការអំពីអដ្ឋិធាតុមនុស្ស ដែលត្រូវបានគេសន្មត់នោះ ខណៈដែលការរកឃើញឡើងវិញនេះ ស្ថិតក្នុងភាពប្រុងប្រយ័ត្ន»។
នៅលើនាវានោះ មានអ្នករុករកជនជាតិអង់គ្លេស Hamish Harding អ្នកជំនាញនាវាមុជទឹកបារាំង Paul-Henri Nargeolet មហាសេដ្ឋីប៉ាគីស្ថាន-អង់គ្លេស Shahzada Dawood និងកូនប្រុសរបស់លោកឈ្មោះ Suleman និងលោក Stockton Rush នាយកប្រតិបត្តិនៃអនុប្រតិបត្តិករ OceanGate Expeditions ។
ពួកគេត្រូវបានសន្មត់ថា បានស្លាប់ភ្លាមៗ នៅពេលដែលនាវា Titan ដែលមានទំហំប៉ុនរថយន្ត SUV បានធ្លាក់នៅក្រោមសម្ពាធនៃមហាសមុទ្រអាត្លង់ទិកខាងជើង នៅជម្រៅ ជិត៤គីឡូម៉ែត្រ។ កំទេចកំទីដែលរឹបអូសបានពីនាវាមុជទឹកខ្នាតតូចនេះ ត្រូវបានយកចេញ កាលពីព្រឹកថ្ងៃពុធ សប្តាហ៍នេះ នៅភាគខាងកើតប្រទេសកាណាដា ដែលនាំឱ្យបញ្ចប់ប្រតិបត្តិការស្វែងរក និងការសង្គ្រោះដ៏លំបាកមួយ។
ទីភ្នាក់ងារឆ្មាំសមុទ្រអាមេរិកបាននិយាយថា កំទេចកំទីទាំងនោះ ត្រូវបានឆ្មាំឆ្នេរសមុទ្រអាមេរិកប្រើប្រាស់ឧបករណ៍កាត់របស់ឆ្មាំ ស្រង់យក ទៅកាន់កំពង់ផែសហរដ្ឋអាមេរិក សម្រាប់ការវិភាគបន្ថែម។
លោកមេបញ្ជាការដឹកនាំប្រតិបត្តិការរុករក Jason Neubauer បាននិយាយថា «នៅមានការងារច្រើនសន្ធឹកសន្ធាប់ដែលត្រូវធ្វើ ដើម្បីយល់ពីកត្តាដែលនាំឱ្យបាត់បង់ Titan ដ៏មហន្តរាយ និងត្រូវធានាថា សោកនាដកម្មស្រដៀងគ្នាបែបនេះមិនកើតឡើងម្តងទៀតឡើយ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



