រដ្ឋាភិបាលបារាំង អំពាវនាវឱ្យស្ងប់ស្ងាត់ ករណីប៉ូលីសបាញ់សម្លាប់ក្មេងជំទង់
ប៉ារីស៖ រដ្ឋាភិបាលបារាំងបានអំពាវនាវឱ្យស្ងប់ស្ងាត់ ករណីក្មេងជំទង់ម្នាក់ត្រូវបានសម្លាប់ នៅទីក្រុងប៉ារីស។ លោក Olivier Véran អ្នកនាំពាក្យរដ្ឋាភិបាលបារាំង
បាននិយាយបែបនេះ បន្ទាប់ពីការស្លាប់របស់ក្មេងជំទង់អាយុ ១៧ឆ្នាំ ដែលត្រូវបានសម្លាប់ដោយមន្រ្តីប៉ូលីស នៅពេលដែលក្មេងនោះបដិសេធមិនស្តាប់បង្គាប់ ពេលប៉ូលីសឲ្យឈប់រថយន្ត។
លោក Olivier Véran បានលើកឡើងថា “យើងយល់ពីបំណងប្រាថ្នាខ្លាំង ចំពោះចម្លើយ ហើយយើងចង់ឱ្យការឆ្លើយតបទាំងនោះ ទទួលបានតម្លាភាពពេញលេញ” ។
គួររម្លឹកថា ថ្មីៗនេះ មន្រ្តីប៉ូលីសពីរនាក់កំពុងព្យាយាមបញ្ឈប់រថយន្ត ដោយម្នាក់បានចង្អុលអាវុធ ទៅកាន់អ្នកបើកបរតាមបង្អួច ហើយប៉ូលីសក៏បាញ់ ចំពេលគេបើកឡានចេញ។ រថយន្តបានចាកចេញប៉ុន្មានម៉ែត្រ មុនពេលជួបគ្រោះថ្នាក់ដោយការបាញ់សម្លាប់។ ភ្នាក់ងារសង្គ្រោះបន្ទាន់បានព្យាយាមជួយសង្គ្រោះក្មេងប្រុសរូបនោះ នៅកន្លែងកើតហេតុ ប៉ុន្តែគេបានស្លាប់ភ្លាមៗ បន្ទាប់ពីនោះ។
ការិយាល័យរដ្ឋអាជ្ញា Nanterre បាននិយាយថា មន្ត្រីដែលត្រូវបានចោទប្រកាន់ពីបទបាញ់លើអ្នកបើកបរត្រូវបានឃុំខ្លួនពីបទមនុស្សឃាត។
លោក Olivier Véran ក៏បានចេញ “ការអំពាវនាវឱ្យស្ងប់ស្ងាត់” ខណៈពេលដែលសោកនាដកម្មនេះបាននាំឱ្យមានអំពើហិង្សា ក្នុងទីក្រុង និងជុំវិញ តំបន់ណានតឺរ៉េ (Nanterre) ពេញមួយយប់។
ព្រឹត្តិការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានចម្ងល់ជុំវិញការត្រៀមខ្លួនរបស់កម្លាំងសន្តិសុខ ក្នុងការកេះកៃកាំភ្លើង។ ប៉ូលិសបង្ក្រាបកុបកម្ម បានឈរក្បែរភ្លើងដែលឆេះនៅតាមផ្លូវ បន្ទាប់ពីការធ្វើបាតុកម្មនៅ Nanterre ភាគខាងលិចទីក្រុងប៉ារីស កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែលគេឃើញការមានដុតបំផ្លាញរថយន្តនានាផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


