លោកហ្សេលេនស្គី បានហៅមេដឹកនាំរុស្ស៊ីថាជាចោរ

កៀវ៖ លោកប្រធានធិបតេយ្យអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) នៅថ្ងៃទី២៨ ខែមិថុនានេះ បានពណ៌នាក្រុមមេដឹកនាំយោធារបស់រុស្ស៊ីថាជា ចោរ ហើយបានច្រានចោលផែនការសន្តិភាពទាំងឡាយណាដែលនឹងធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែន ក្លាយទៅជាជម្លោះដែលមិនអាចដោះស្រាយបាន។
លោក ហ្សេលេនស្គី បានលើកឡើងបែបនេះនៅក្នុងសភានាថ្ងៃប្រារព្ធ ទិវារដ្ឋធម្មនុញ្ញអ៊ុយក្រែន ពោលគឺមួយថ្ងៃក្រោយពីប្រធានាធិបតីរុស្ស៊ីលោក ពូទីន (Putin) បានសរសើរកងទ័ពរបស់លោកចំពោះការគ្រប់គ្រងការបះបោរដោយពួកទាហានស៊ីឈ្នួលដែលបានដឹកនាំដោយប្រធានក្រុមសកម្មប្រយុទ្ធ វ៉ែកណឺ (Wagner) លោក យេវហ្គេនី ព្រីហ្គោស៊ីន (Yevgeny Prigozhin)។
លោក ហ្សេលេនស្គីបានប្រកាសថា «អ៊ុយក្រែន កំពុង តែ ដើរ លើ ផ្លូវ ទៅ រក ជ័យជម្នះ»។ លោកបានបន្ថែមថា មេដឹកនាំ រុស្ស៊ី មិនអាចគេច ចេញពីភាព យុត្តិធម៌ចំពោះ ទង្វើរបស់ខ្លួនដែលបាន ធ្វើ សង្រ្គាម នៅលើ ទឹកដីរបស់ប្រទេសលោក ឡើយ។
លោក ហ្សេលេនស្គី បានថ្លែងនៅក្នុងសភាថា «ការដឹកនាំនយោបាយ និងយោធារបស់សហព័ន្ធរុស្ស៊ី មិនគួរគេចផុតពីប្រព័ន្ធយុត្តិធម៌ ដោយគ្រាន់តែពួកគេមានអភ័យឯកសិទ្ធិ ដូចជាមេដឹកនាំរដ្ឋនោះទេ»។ លោកបន្តថា «ពួកគេមិនមែនជាមេដឹកនាំរដ្ឋទេ ផ្ទុយទៅវិញ ពួកគេគ្រាន់តែជា ចោរ ដែលបានមករឹបអូសកាន់កាប់ស្ថាប័នរដ្ឋរបស់ប្រទេសរុស្ស៊ី ហើយជាអ្នកចាប់ផ្តើមសកម្មភាពភេរវកម្មពិភពលោកទាំងមូលតែប៉ុណ្ណោះ»។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា លោកនៅតែប្រឆាំងទៅនឹងផែនការសន្តិភាពទាំងអស់ដែលបង្កើតឡើងដើម្បីទាមទារទឹកដីអ៊ុយក្រែន និងដែលធ្វើឡើងដោយភាគីរុស្សីក្នុងគោលបំណងឈ្លានពានអ៊ុយក្រែន។ លោក បានសង្កត់ធ្ងន់ថា «អ៊ុយក្រែននឹងមិនយល់ព្រមចំពោះការប្រែប្រួលណាមួយជុំវិញបញ្ហាជម្លោះដែលកំពុងជាប់គាំងនោះទេ»។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានចង្អុលបង្ហាញអំពីដំណោះស្រាយសន្តិភាពទាំង ១០ ចំណុច រួមមានការស្តារឡើងវិញនូវបូរណភាពទឹកដីរបស់ប្រទេសអ៊ុនក្រែន ការដកកងទ័ពរុស្ស៊ី និងការកំណត់ព្រំដែនរបស់អ៊ុយក្រែនឡើងវិញ។
ផែនការរបស់លោក គឺការវិលត្រឡប់ទៅកាន់ព្រំដែនកាលពីឆ្នាំ១៩៩១ របស់ប្រទេសអ៊ុយក្រែន ពោលគឺបន្ទាប់ពីប្រទេសនេះបានទទួលឯករាជ្យពីសហភាពសូវៀត។ ហើយលោកប្រធានាធិបតីរូបនេះ បានលើកឡើងសារជាថ្មីថា ចំណុចទាំងអស់នេះទើបគួរតែជាមូលដ្ឋានសម្រាប់ការចរចាបញ្ចប់សង្រ្គាមមួយនេះ។
ក្នុងសេចក្ដីថ្លែងការណ៍របស់លោកប្រធានាធិបតីអ៊ុយក្រែន លោកបានអំពាវនាវឱ្យមានការពិភាក្សានៅទូទាំងប្រទេស អំពីគោលការណ៍អនាគតសម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើការឆ្លើយតបទៅនឹងមូលដ្ឋានចម្ងល់ផ្សេងៗអំពីប្រទេសអ៊ុយក្រែន និងចក្ខុវិស័យរួមនៃជ័យជម្នះសម្រាប់អ៊ុយក្រែន៕
ប្រែសម្រួលដោយ៖ ធា សុណា

ads banner