បាតុករថៃប្រាំនាក់ រួចទោសពីបទ រត់ចូលក្បួនដង្ហែ របស់ម្ចាស់ក្សត្រី
បាងកក៖ កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ តុលាការថៃបានធ្វើការដោះលែងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលចំនួនប្រាំ នាក់ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងប្រព្រឹត្តហិង្សាលើព្រះមហាក្សត្រិយានីរបស់ប្រទេសថៃក្នុងអំឡុងពេលធ្វើបាតុកម្មកាលពីឆ្នាំ២០២០ ។នេះបើយោងតាមការលើកឡើងរបស់ក្រុមជំនួយការផ្នែកច្បាប់នៅប្រទេសថៃ។
ករណីនេះបានផ្តើមចេញពីព្រឹត្តិការណ៍មួយដែលបានកើតឡើងអំឡុងពេលមានការប្រារព្ធកម្មវិធីគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០២០ កន្លងទៅនេះ ពោលគឺក្បួនដង្ហែរបស់ព្រះមហាក្សត្រិយានី ស៊ុតធីតា (Suthida) ត្រូវបានបំពានខណៈដែលកំពុងធ្វើដំណើរឆ្លងកាត់ក្រុមបាតុករ។
គួរដឹងដែរថា បាតុកម្មដែលត្រូវបានដឹកនាំដោយក្រុមយុវជន បានអំពាវនាវឱ្យមានការធ្វើកំណែទម្រង់រាជវង្សពាក់ព័ន្ធទៅនឹងការធ្វើវិសោធនកម្មច្បាប់ទាក់ទងទៅនឹងការប្រមាថមើលងាយសែរាជវង្ស ដែលត្រូវដាក់ទោសឱ្យជាប់ពន្ធធនាគាររយៈពេល ១៥ ឆ្នាំ។
របបរាជានិយមក្នុងប្រទេសថៃត្រូវបានប្រជាជនថៃជាច្រើនគោរពស្រឡាញ់ ហើយត្រូវបានចាត់ទុកថាជាស្ថាប័ននៅដាច់ដោយឡែកពីរឿងនយោបាយ។ ស្ថាប័ននេះ ត្រូវ បាន ការពារ ដោយរដ្ឋ ធម្មនុញ្ញ និង ត្រូវ បានចាត់ទុកថាជាស្ថាប័ន ដ៏គួរឱ្យ គោរព យ៉ាងខ្ពង់ខ្ពស់បំផុត។ គួររំឭកថា រូបភាពវីដេអូអំពីឧប្បត្តិហេតុកាលពីខែតុលា ឆ្នាំ២០២០ បានបង្ហាញថា អាជ្ញាធរបានរុញសកម្មជនចេញពីក្បួនដង្ហែរបស់ព្រះមហាក្សត្រិយានីនៃប្រទេសថៃ។
កាលពីថ្ងៃពុធ ក្រុមមេធាវីថៃទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបានលើកឡើងថា «តុលាការបានរកឃើញថាប៉ូលិសមិនបានវែកផ្លូវសម្រាប់រថយន្តដង្ហែរបស់ព្រះមហាក្សត្រិយានីនោះទេ។ លើសពីនេះ គ្មានការប្រកាសឱ្យបានដឹងមុនថាមានក្បួនដង្ហែនោះទេ»។
ក្រុមមេធាវីបានបន្ថែមថា « សក្ខីកម្ម របស់ សាក្សី គឺ ខុសៗ គ្នា ហើយ សូម្បី តែ ប៉ូលិស នៅ តំបន់ នោះ ក៏ មិនបាន ដឹង ថា នឹង មាន ម៉ូតូដង្ហែក្បួន របស់ ខ្សែរាជវង្ស ឆ្លងកាត់នៅទីនោះ ដែរ»។
យ៉ាងណាក៏ដោយ តុលាការមិនបានធ្វើការឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំធ្វើអត្ថាធិប្បាយជុំវិញបញ្ហាខាងលើនោះទេ។ គួរបញ្ជាក់ថា សកម្មជនទាំង ៥ នាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់ដែលបានចែងអំពីការប្រព្រឹត្តអំពើហិង្សា ឬ ហិង្សាដោយចេតនាប្រឆាំងនឹងព្រះមហាក្សត្រ ដោយពួកគេត្រូវមានទោសជាប់ពន្ធធនាគារយ៉ាងតិច ១៦ ឆ្នាំ។
ចំពោះការបំពានធ្ងន់ធ្ងរទៅលើច្បាប់ដែលបានចែងខាងលើ អាចនាំឱ្យមានការជាប់ពន្ធនាគារអស់មួយជីវិត ឬ កាត់ទោសប្រហារជីវិតទៀតផង។ សកម្មជនម្នាក់ឈ្មោះថា ប៊ុនគៀនណាន់ (Bunkueanun) អាយុ ២៣ ឆ្នាំបានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters) តាមទូរសព្ទបន្ទាប់ពីតុលាការចេញសាលក្រមថា «ខ្ញុំពិតជារីករាយណាស់។ យើងបានតស៊ូក្នុងរឿងក្ដីនេះ ហើយបានបញ្ជាក់ថាពួកយើងគ្មានកំហុសនោះទេ»៕
ប្រែសម្រួលដោយ៖ ធា សុណា